តុលាការ​កាត់​ទោស​កំបាំង​មុខ​​​មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវា​កម្ម​កម្ពុជា ត្រូវ​បាន​នគរ​បាល​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក កាល​ពី​ជាង​ ២​ឆ្នាំ​មុន។

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​សាលា​ដំបូង​រាជ​ធា​នីភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ បាន​កាត់​ទោស​កំបាំង​មុខ ទៅ​លើមេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ ​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»និង«​ធ្វើឱ្យ​បាត់​បង់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ»។ នេះ​បើ​តាម​ដីកា​របស់​តុលាការ​ដែល​វីអូអេ​ទទួល​បាន និង​មេធាវី​របស់​លោក ម៉ម រិទ្ធី។

លោក ម៉ម រិទ្ធី អាយុ​៣៥ឆ្នាំ និង​ជា​អនុ​ប្រធាន​ទី២នៃ​សហភាព​ការងារ​កម្ពុជា(CLC) ត្រូវ​បាន​សមត្ថ​កិច្ចចាប់​ខ្លួន​នៅវេលា​ម៉ោង​៦​ល្ងាច នៅ​ការិយា​ល័យ​សហ​ភាព​ការងារ​កម្ពុជា ក្នុង​សង្កាត់​បឹង​ទំពុន​ទី២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហភាព​ការងារ​កម្ពុជា​ដែល​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេក​ប៊ុក។

លោក សំ វិច្ឆិកា អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ចាប់​ខ្លួន​លោក​ ម៉ម រិទ្ធី ធ្វើ​ឡើង​តាម​រយៈ​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ។

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន និង​ឃុំខ្លួន ​ចេញកាល​ពី​ថ្ងៃ​អង្គារ លោក ធន់ ដារិទ្ធ ​ចៅក្រម​ជំនុំ​ជម្រះបាន​បញ្ជា​ដល់​កង​កម្លាំង​សាធារណៈ​ឱ្យ​ស្រាវ​ជ្រាវ​រក​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​លោក ម៉ម រិទ្ធី អាយុ​៣៥​ឆ្នាំ នៅ​ពន្ធនាគារ ​ពាក់​ព័ន្ធ​នឹង​សាលក្រម​ព្រហ្ម​ទណ្ឌ​ ចុះថ្ងៃទី​៧​ខែឧសភា ឆ្នាំ​២០២៤។

ដីកា​ដដែល​នោះ​បាន​កំណត់​ផ្តន្ទា​ទោស លោក ម៉ម រិទ្ធី ឱ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល។

លោកមេធាវី សំ ចំរើន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោក សំ ចំរើន មេធាវី​ការពារ​ក្តី​លោក ម៉ម រិទ្ធី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​តុលាការបាន​កាត់​ទោស​កំបាំង​មុខ ​ក្នុង​សំណុំ​រឿង​នេះ ដែល​មាន​ក្រុមហ៊ុន​កាស៊ីណូ​ជីនប៉ី​(Jin Bei)​នៅ​ខេត្ត​ព្រះសីហនុ ជាដើម​បណ្តឹង។

លោក​ថ្លែង​ថា៖ «ដើម​បណ្តឹង​ក្រុមហ៊ុន​ជីនប៉ី នៅ​កំពង់​សោម ខេត្ត​ព្រះសីហនុ។ ហើយ​ម្សិល​មិញ​ហ្នឹង​ ខ្ញុំ​អត់​បាន​ចូល​ទៅ​ទេ​ ខ្ញុំ​បាន​ដាក់​ពាក្យ​ពន្យារ។ តុលាការ​កាត់​កំបាំង​មុខ​ពួក​យើង កាត់​កំបាំង​មុខ ប្រកាស​ភ្លាម»។

តុលាការ​បាន​ចោទ​ប្រកាន់​និង​កាត់​ទោស លោក ម៉ម រិទ្ធី ដោយ​យោង​ទៅ​តាម​ការ​អត្ថាធិប្បាយ​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈឆ្នាំ​២០២២។ កាល​នោះ លោក​បាន​ថ្លែង​ជា​វីដេអូ​ផ្សព្វ​ផ្សាយ​ផ្ទាល់ រយៈ​ពេល​ជិត២​ម៉ោង ដោយ​ក្នុង​នោះលោក​បាន​និយាយ​អំពី​ការរើស​អើង​សហជីព ការ​រំលោភ​ច្បាប់​ការងារ ការ​ឃុំ​ខ្លួន​មនុស្ស​ដោយ​អយុត្តិធម៌ និង​ភាពអយុត្តិ​ធម៌​ដែល​កើត​ឡើង​នៅ​ក្រុម​ហ៊ុន​កាស៊ីណូ​ជីន​ប៉ី២ ក្នុង​ខេត្ត​ព្រះ​សីហនុ ជា​ពិសេស​រឿង​ដែល​កាស៊ីណូនេះ​បាន​ប្តឹង​បុគ្គលិក​ស្ត្រីម្នាក់​ថា​បាន​គប់គិត​ជាមួយ​ភ្ញៀវ​ ដែល​លេង​ល្បែង​ឈ្នះ​ប្រាក់​ជាង​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​។ បុគ្គលិក​ជា​ស្រ្តី​នោះ​ ​ត្រូវ​បានប្តឹង​ទៅ​តុលាការ ​ហើយ​ត្រូវ​ឃាត់​ខ្លួន​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ ដែល​លោក ម៉ម រិទ្ធី ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌​មួយ​។

លោក ម៉ម រិទ្ធី បញ្ជាក់​ក្នុ​ង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ​ថា​៖​«នៅ​ថ្ងៃ​ទី​៣ ក្រុមហ៊ុន​យក​រឿង [ថ្ងៃ​ទី​៣]​យក​មក​ធ្វើ​អង្គ​ហេតុ​ ដោយ​ក្រុម​ហ៊ុន​ចោទ​ប្អូន​ស្រី​ម្នាក់​នោះ​ថាបាន​គប់គិតជាមួយ​ភ្ញៀវ។ ភ្ញៀវ​លេង​ឈ្នះ​លុយ​១​ម៉ឺន​ដុល្លារ​ជាង​ ដូចជា១ម៉ឺន៨ពាន់ដុល្លារ ...​ហើយ​បាត់​ភ្ញៀវ​ហ្នឹង​អត់​មក​លេង​ទៀត​ នៅ​ថ្ងៃ​ទី​២០​ជាង ក្រុមហ៊ុន​ក៏​ហៅ​ប្អូន​ស្រី​ទៅ​សួរ​ហើយ​ចោទ​ប្រកាន់​ប្អូន​ស្រី ​ថា​បាន​ឃុប​ឃិត​ជាមួយ​ភ្ញៀវ»។

បើ​តាម​លោក ម៉ម រិទ្ធី ក្រុមហ៊ុនបាន​បង្ខំ​ឱ្យ​បុគ្គលិក​ដែល​ជា​សមាជិក​សហជីព​ទទួល​ស្គាល់​កំហុស និង​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។

ក្នុង​វីដេអូ​ដដែល​នោះ លោក ម៉ម រិទ្ធី ក៏បាន​ចោទ​សួរ​អំពី​ចំណាត់​ការ​របស់​តុលាការ​ថា​តុលាការ​យក​ភស្តុតាង​ណា​ខ្លះ​មក​ពិចារណា​ក្នុង​ការ​ដាក់​បន្ទុក​នោះ ​ដែល​លោក​ថាមិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។

លោក​ថ្លែង​ថា៖ «ចម្លើយ​របស់​គាត់ គាត់​ថា​អត់​បាន​ធ្វើ​ទេ គាត់​អត់​ដឹង​រឿង​ហ្នឹង​ទេ គាត់​មិន​ដែល​ស្គាល់​ភ្ញៀវ​ហ្នឹង​ទេ...​នៅ​ក្រុមហ៊ុន​ហ្នឹង គេ​បង្ខំ​គាត់​ទេ បង្ខំ​ឱ្យ​គាត់​ស៊ីញ៉េលើ​ក្រដាស​ទទួល​ស្គាល់​កំហុស​ហ្នឹង​ គេ​សម្លុត​គាត់ គេ​គំរាម គេស្រែកដាក់​គាត់ មាន​ជន​ជាតិ​ខ្មែរ មាន​ខ្មែរ​ផង នេះ​ជា​អ្វី​ដែល​គាត់​ប្រាប់​ខ្ញុំ។ ហើយ​ឥឡូវ​ខ្ញុំ​សូម​សួរ​លោក​តុលាការ វីដេអូ​មួយ​ឃ្លីប [ដែល]​កាត់​ត​បន្តិច​ហ្នឹង វិនិច្ឆ័យ​បែប​ម៉េច​បាន​ចោទ​ថាគាត់​ គប់​គិត​ជា​មួយ​ភ្ញៀវ ហើយ​យក​គាត់​ទៅ​ដាក់​គុក​? មើល​យ៉ាង​ម៉េច​បាន​ដឹង​ថា​ខុស? មើល​យ៉ាង​ម៉េច​បាន​ដឹង​ថា​គាត់​ទៅ​ត្រូវ​ជាមួយ​ភ្ញៀវ​?»។

វីអូអេ​មិន​ទាន់​អាចសុំការ​អត្ថាធិប្បាយ​ពី​ក្រុមគ្រួសារ​របស់​លោក ម៉ម រិទ្ធី និងក្រុមហ៊ុន​កាស៊ីណូជីនប៉ី​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សួស វិទ្យា​រ៉ាន់ឌី និង​លោក អ៊ី រិន្ទ ​បាន​ដែរ។

ជុំវិញ​ការ​ចោទ​ប្រកាន់​និងចាប់​ខ្លួន​លោក ម៉ម រិទ្ធី ​នេះ សហភាព​ការងារ​កម្ពុជា​បាន​សម្តែង​ការ​សោក​ស្តាយ​និង​ចាត់​ទុក​ថា​នេះ​ជា​ការបំភិតបំភ័យ គំរាម​កំហែង យាយី​សិទ្ធិ​របស់​តំណាង​កម្មករ​និយោជិត​ជាដើម​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​ការងារ​កម្ពុជា ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា​ ដែល​វីអូអេ​ទទួល​បាន​។

សហភាព​ការងារ​កម្ពុជា​ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ មេត្តា​ពិនិត្យ​ករណី​នេះ​ឡើង​វិញ​ឱ្យ​បាន​ហ្មត់ចត់ និង​តម្លាភាព ព្រម​ទាំង​ស្វែង​រក​យុត្តិ​ធម៌​ដល់​លោក ម៉ម រិទ្ធី។

អង្គការ​លីកាដូ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នា​ថ្ងៃ​ពុធ​នេះ ស្តី​ពី​ការ​ចាប់​ខ្លួន​លោក ម៉ម រិទ្ធី។ អង្គការ​លីកាដូ​បញ្ជាក់​ថា​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​រិទ្ធី ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ការ​បោះឆ្នោត​ផ្ទៃ​ក្នុងជ្រើស​រើស​ប្រធាន​ថ្មី​របស់​សហភាព​ការងារ​កម្ពុជា​ ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​នេះ៕