សហជីព​នៅ​ក្រុម​ហ៊ុនណាហ្គាវើលដ៍​អំពាវនាវ​ឲ្យឈប់​ចោទ​កូដកម្ម​ថា ជា​ចលនា​បដិវត្តន៍

ស្ត្រី​​​មាន​ផ្ទៃពោះ​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១។​ (ហ៊ុល រស្មី/វីអូអេ)

កូដកម្ម​របស់​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​(NagaWorld) ដែល​ធ្វើ​ប្រតិបត្តិការ​កាសីណូ​នៅកណ្តាល​ទីក្រុង​ភ្នំពេញ​បាន​បន្ត​ដល់​ថ្ងៃទី​៧​គិត​ត្រឹម​ថ្ងៃសុក្រនេះ​។

កម្មករ​និយោជិត​រាប់​រយនាក់របស់​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ដែល​ជាសាខារបស់​ក្រុម​ហ៊ុន NagaCorp​និងបាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ទីក្រុង​ហុងកុង​បានផ្តើម​ធ្វើ​កូដកម្ម​តាំង​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ដោយមានការ​ទាមទារ​ចំនួន​ប្រាំបួន​ចំណុច​សំខាន់​ៗ​ដែលរួមមាន​ការ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ការ​ប្រើប្រាស់​កិច្ច​សន្យា​កម្ម​សិក្សា​ដែល​ខុស​ច្បាប់​ការ​ស្នើ​សុំ​ដក​ប្រធាន​ផ្នែក​ការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​និង​ការ​គោរព​ច្បាប់​ការងារ​។

កម្មករ​និយោជិត​ដែលជាស្ត្រី​មាន​ផ្ទៃពោះ​ក៏បាន​បន្ត​ចូលរួម​កូដកម្ម​នេះ ជាបន្តបន្ទាប់​មក​ដែរ​ដែល​នាំ​ឲ្យមានការ​រិះគន់​ពីមន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ងារមួយរូប​ថា វត្តមាន​ស្ត្រី​មានផ្ទៃពោះ​ក្នុងពេល​កូដកម្ម​អាច​ស្ថិត​ក្នុង​វិធីសាស្ត្រ​មួយឲ្យមាន​ភាពចលាចល​កើតជា​បដិវត្តន៍ពណ៌​ដូចមាន​នៅបណ្តាប្រទេស​ផ្សេង​ទៀត​កាល​ពី​ពេល​កន្លងមកប្រសិន​បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ណា​ម្នាក់​ជួបគ្រោះ​ថ្នាក់​ណាមួយ​ដោយ​ចៃដន្យ​នោះ​។​

ក្នុង​ការធ្វើ​កូដកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​ស្ត្រីមាន​ផ្ទៃ​ពោះ​មួយចំនួន​បន្ត​ចូលរួម​ជា​មួយ​កូដករ​ដទៃ​ទៀត​ដដែល​ដើម្បី​រក​ដំណោះស្រាយ​ឲ្យកម្មករ​និយោជិត​ប្រមាណ​២៧៦នាក់ ដែល​ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សកម្ម​សហជីពបាន​ចូលធ្វើការ​វិញ​។ ដើម​ឡើយ​ចំនួន​កម្មករ​និយោជិត​ដែល​ទាមទារ​ចូលធ្វើ​ការ​វិញ​នោះ​មាន​ប្រមាណ​៣៦៥នាក់​។​

​មេ​ដឹក​នាំសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កញ្ញា​ ឈឹម ស៊ីថរ​បាន​ប្រតិកម្មខ្លាំង​ៗ​ទៅ​នឹង​ការ​ចោទប្រកាន់​ដែល​ថា កូដកម្ម​ដែល​កំពុង​បន្តនេះ​អាច​ប្រែ​ក្លាយ​ជា​ចលនា​បដិវត្តន៍​។

អម​ដោយ​កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រីនោះ​កញ្ញាឈឹម ស៊ីថរ​បាន​ថ្លែង​ក្នុង​សនិ្នសីទ​ព័ត៌មាន​នៅ​មុខ​កាស៊ី​ណូ​ហ្គាវើលដ៍​យ៉ាង​ដូច្នេះ​៖

«ច្បាស់​ណាស់​ថា ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នេះ​មិនមែន​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដូច​ការ​លើក​ឡើង​ដូច​ការ​លាប​ពណ៌​របស់​មួយក្រុម​នោះ​ទេ​។ សូមកុំ​លាប​ពណ៌​ នេះគឺ​ជា​វិវាទ​ការងារ​គឺ​ជា​បញ្ហា​ក្រពះ​គឺ​ជាបញ្ហា​សិទ្ធិ​សេរីភាព​សហជីពបើគ្មាន​សមត្ថភាព​ដោះស្រាយ​កុំ​លាប​ពណ៌...បញ្ឈប់​ការ​លាប​ពណ៌​ឥឡូវ​នេះ»។

កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វី

ស្ត្រីមាន​ផ្ទៃពោះ​មួយចំនួន​និយាយថា​ពួកគេគ្មាន​បំណង​បង្កឲ្យ​មាន​ចលាចល​ក្នុងពេល​ធ្វើកូដកម្ម​ហើយ​អ្វី​ដែល​ពួកគេ​ចង់​បាន​នោះ​គឺការ​ទទួល​បុគ្គលិក​ដែល​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឲ្យបាន​ចូល​ធ្វើការ​វិញ​ក្នុងនោះ​មានទាំង​ថ្នាក់​ដឹកនាំ​សហជីព​ផងដែរ។ ពួកគេ​និយាយ​បើគ្មាន​តំណាង​ក្នុង​ក្រុមហ៊ុន​ទេ​នោះការ​ងារ​ពួកគេ​ក៏មិនមាន​សុវត្ថិភាពដែរ​។

កាល​ពីថ្ងៃទី​១៩ខែធ្នូរដ្ឋ​លេខាធិការ​និង​ជាអ្នកនាំពាក្យ​ក្រសួងការ​ងារ​លោក​ហេង សួរ បាន​ផ្តល់​សេចក្តី​អធិប្បាយ​លើ​គណនីហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ក្នុងន័យ​ដើមថា៖​«ការ​ប្រើប្រាស់​អ[នី]តិជន​ឬស្ត្រី​ជា​ពិសេស​ស្ត្រីមាន​កូនខ្ចី​ឬស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​ចូលរួម​តវ៉ា​អ្វីមួយ​គឺជាតាក់​តិច​មួយ​ដែលមាន​សរសេរ​នៅ​ក្នុង​ក្បួន​របស់​អ្នក​រៀបចំ​ចលនា​បដិវត្ត[ន៍]ពណ៌​នៅ​ប្រទេស​ណា​មួយ​។ អ្នក​រៀប​ផែនការ​តែង​តែ​បន់​ស្រន់​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណាមួយ​កើត​ឡើង​លើ​អនីតិជន​ឬលើ​ស្ត្រី​ ដើម្បី​ទាញ​សមា[ន]​ចិត្ត​និង​បញ្ឆេះ​កំហឹង​មហាជន»។​

ក្នុងពេល​ផ្តល់​សេចក្តី​អធិប្បាយ​នោះ​លោក​ហេង សួរ​មិនបាន​លើកឡើង​ចំៗ​ចំពោះ​កូដកម្ម​ដែលកំពុង​កើត​ឡើង​របស់​កម្មករនិយោជិត​នៅក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ទេ​តែ​លោកថា​ តាក់​តិច​ខាង​លើ​អាច​ប្រើ​បាននៅ​ឆ្នាំ​២០០០​និង​២០០១ ប៉ុន្តែ​ចំពោះមុខ​តាក់តិច​នេះ​តែងតែ​ត្រូវបាន​អាជ្ញាធរ​មានសមត្ថកិច្ច​នៃប្រទេស​នានា​ចាត់​ការលើ​មេក្លោង​និង​ជន​ដៃដល់​ដែល​អនុវត្តន៍​ផែនការ​នេះ​បាន​ទាន់​ពេល​។

លោក​ហេង សួរ​មិន​ទាន់ឆ្លើយ​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ដែលបាន​ផ្ញើតាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp នៅ​ថ្ងៃ​សុក្រ​នេះ​ទេ។

ការ​បន្តកូដកម្ម​របស់​កម្មករ​និយោជិត​ឬបុគ្កលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ធ្វើឡើង​ដោយសារ​មិនមាន​លទ្ធផលនៃ​ការ​ដោះស្រាយ​វិវាទ​ក្រោយ​ការ​ប្រជុំ​ជាបន្ត​បន្ទាប់​នាប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ជាមួយមន្ត្រី​សាលារាជធានី​ភ្នំពេញ​មន្ត្រី​ក្រសួង​ការងារ​និង​ភាគី​ក្រុមហ៊ុន។​

នៅក្នុងការ​ប្រមូលផ្តុំ​របស់​កូដករ​នៅមុខ​កាស៊ីណូ​ណាហ្គាវើលដ៍​នាថ្ងៃសុក្រ​ដដែល​នេះ​មេដឹកនាំ​សហជីព​តំ​ណាង​ឲ្យកម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កញ្ញា​ឈឹម ស៊ីថរ​បានស្នើ​ឲ្យឈប់​មានការ​តាម​ដាន​ពី​ជនស៊ីវិល​មិន​ស្គាល់​មុខ​មក​លើ​សកម្មជន​សហជីព​ណាដែល​ហ៊ាន​បញ្ចេញមតិ​ក្នុងពេល​តវ៉ា​និងស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​និង​សុវត្ថិភាព​របស់​កូដករពី​ការគំរាម​កំហែង​។

មេដឹកនាំ​សហជីព​រូបនេះ​បាន​លើកឡើងទៀតថា​មាន​មន្ត្រីប៉ូលិស​តែងតែឃ្លាំមើលផ្ទះថ្នាក់​ដឹកនាំស​ហជីព​ជា​រៀងរាល់​ថ្ងៃគិតចាប់តាំង​ពី​ពេល​ធ្វើ​កូដកម្ម។

​អ្នក​នាំពាក្យ​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​វីអូអេ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​មានពេល​គ្រប់​គ្រាន់​ទៅឃ្លំាមើល​បុគ្គលណាទេ ក្រោម​ហេតុផលថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្តល់​អាទិភាពដល់​កិច្ច​ការ​ពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូនប្រជាពលរដ្ឋ​។

«មិន​មាន​មន្ត្រី​ស៊ីវិល​ណាទៅ​តាម​គាត់​គ្រប់​ពេល​វេលានោះទេ​។ រាល់​ថ្ងៃនេះ​សមត្ថកិច្ច​យើងគឺ​យើង​រវល់​ច្រើ​ន​ណាស់​ទាក់ទង​កិច្ច​ការ​ពារ​សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឬ ​ការ​ងារ​ផ្សេង​ៗជូន​ប្រជាពលរដ្ឋ​ជូន​គណៈ​ប្រតិភូជាតិ​អន្តរ​ជាតិ​ផ្សេង​ៗ អត់មាន​ពេល​វេលាណា​ទៅតាម​ការងារ​របស់​គាត់​ហ្នឹង​ទេ​ណាស់»។

បើតាម​លោក​សាន​សុខសីហា​កូដកម្ម​ដែល​កំពុង​កើត​ឡើង​នៅ​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​ត្រូវ​សាលារាជធានីភ្នំពេញ​ចាត់​ទុកថា​ជា​ការ​ប្រមូល​ផ្តុំ​គ្មាន​ការ​អនុញ្ញាត​ដោយ​ច្បាប់​ដូច្នេះ​វិធានការ​ច្បាប់​អាចនឹង​ត្រូវចាត់ការ​ឬ​យ៉ាងណានោះ​ជា​ការ​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ។

យ៉ាង​ណាក៏ដោយ​កូដ​ករ​បានបង្ហាញ​ជំហរ​ថា​ពួកគេ​នឹង​បន្ត​ការ​តវ៉ា​បើ​គ្មាន​ដំណោះស្រាយ​ណាមួយ​ដើម្បី​បញ្ចប់វិវាទ​ការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែលបាន​អូសបន្លាយ​ពេល​មក​ជាង​៨ខែ។

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​Hein Dames​បដិសេធ​មិនផ្តល់​ការ​អត្ថាធិប្បាយ​នៅថ្ងៃ​សុក្រ​នេះ៕