សាច់ញាតិ​ជន​រង​គ្រោះ​ការបាញ់​សម្លាប់​អំពាវនាវ​ឲ្យ​មាន​ការ​​ទាមទារ​រក​យុត្តិធម៌​រួមគ្នា

រូបឯកសារ៖ លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ការ​ប្រកាស​របស់​លោក​​ជា​ មុន្នី​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​ខួប​លើក​ទី​១៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​​ជា វិជ្ជា​ ប្រធាន​សហជីព​សេរីកម្មករ​ដ៏​ល្បី​ល្បាញ​ដែល​គ្រោង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ ខែ​មករា​ខាង​មុខ​នេះ។​​

ជា​ផ្នែក​មួយ​នៃ​ការ​រួម​កម្លាំងដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ឃាដករ​បាញ់​សម្លាប់​កាល​ពី​ជាង​១០​ឆ្នាំ​មុននិង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​លោក​ជា មុន្នី អតីត​ប្រធាន​ និងជាទី​ប្រឹក្សា​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​កៀង​គ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​អស់​មក​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ស្វែង​រក​យុត្តិធម៌​ប្រឆាំងអំពើ​ឃាដកម្ម​ទាំង​នេះ។

ការ​ប្រកាស​របស់​លោកជា​ មុន្នី​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​ខួប​លើក​ទី​១៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោកជា វិជ្ជា​ ប្រធាន​សហជីព​សេរីកម្មករ​ដ៏​ល្បី​ល្បាញ​ដែល​គ្រោង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ ខែ​មករា​ខាង​មុខ​នេះ។

លោកជា មុន្នី​មាន​ប្រសាសន៍​ថា​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​អស់​ដែល​ត្រូវ​បាន​ឃាដករ​បាញ់​សម្លាប់​ ដែល​រួម​មាន​លោកបណ្ឌិត​ កែម ឡី​ លោកឈុត វទ្ធី ​លោករស់ សុវណ្ណារ៉េត​ លោកជា វិជ្ជា​ និង​ព្រះតេជ​ព្រះ​គុណ​សំ ប៊ុនធឿនអាច​មក​រួប​រួម​គ្នា​ជា​កម្លាំងដើម្បី​ទាមទារ​រក​យុត្តិធម៌​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ខួប​១៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ជា វិជ្ជា។​

រូបឯកសារ៖ សមាជិក​សហជីព​មួយ​រូប​យំ​នៅ​ក្បែរ​កម្រង​ផ្កាដែល​មាន​រូបថត​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​សព​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​មករា ឆ្នាំ​២០០៤ នៅ​រាជធានី​ភ្នំពេញ។ លោក ជា​ វិជ្ជា ត្រូវ​បានរូបឯកសារ៖ ​សម្លាប់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ដែល​លោក​កំពុង​អាន​នៅ​តូប​កាសែត​មួយ​នៅ​ក្រុង​ភ្នំពេញ។ (AP Photo/Andy Eames)

សហជីព​សេរីកម្មករ​គ្រោង​នឹង​ប្រារព្ធ​ពិធី​ខួប​លើកទី​១៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោកជា វិជ្ជា​នៅ​ថ្ងៃ​ទី​២២​ខែ​មករា​ខាង​មុខ​នេះ ​ដោយ​មិន​មាន​ការ​ហែក្បួន​ទេ​គឺអ្នក​ចូល​រួម​និង​ជួប​ជុំគ្នា​នៅកន្លែង​រូប​សំណាក​លោកជា វិជ្ជា​ ក្បែរ​គេហដ្ឋានរបស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ជិត​វិមាន​ឯករាជ្យ។​

លោកជា​ មុន្នី​ អតីត​ប្រធាន​ និង​ជាទី​ប្រឹក្សា​សហជីព​សេរី​កម្មករ​ មាន​ប្រសាសន៍​ថា​ កាល​ណា​យើង​ធ្វើ​ការ​រួម​គ្នា​ជា​កម្លាំង វា​ជា​សម្ពាធ​មួយ​ដល់​រដ្ឋា​ភិបាល​ដើម្បី​បន្ត​ការ​ខិតខំ​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ។​

លោក​ជា មុន្នី​បញ្ជាក់​ថា៖

«អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​ធ្វើ​ចលនា​នេះ​ឲ្យ​រដ្ឋា​ភិបាល​ស្វែង​រក​ឃាដករ។ ​យើងដឹង​ថា​ អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ហើយ​ ​ប៉ុន្តែ​យើង​ចង់​ដឹង​ថា ​រដ្ឋា​ភិបាល​ហ៊ាន​ទទួល​ខុស​ត្រូវ​ដែរ​ ឬ​ទេ​ ​ក្នុង​ការ​ចាប់​ជន​ដៃ​ដល់​នោះ»។​

មាន​សកម្ម​ជន​គណបក្ស​នយោ​បាយ​ ​សកម្មជន​បរិស្ថាន​ អ្នក​វិភាគ​នយោបាយ​ ព្រះសង្ឃ​ សហជីព​ និង​អ្នក​កាសែត​ជា​ច្រើន​ត្រូវ​បាន​ឃាដករ​បាញ់​សម្លាប់​កាលពី​ជិត​២០​ឆ្នាំ​កន្លង​មក​នេះ។ ក៏​ប៉ុន្តែ​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ មិន​មាន​ឃាដករ​ពិត​ប្រាកដ​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​យក​មក​កាត់​ទោស​តាម​ច្បាប់​ទេ។​

កាលពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ឆ្នាំ​២០១៦​ លោក​បណ្ឌិតកែម​ ឡី​ អ្នក​វិភាគ​ឯក​រាជ្យ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​ពីរ​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភា្លមៗ​នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​កន្លែងក្នុងស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល​តិច ​(Caltex)​ នៅ​ក្នុង​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។

វីអូអេ​បានព្យាយាម​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ស្រី​ប៊ូ រចនា​ អាយុ​៣៦​ ឆ្នាំ​ភរិយា​របស់​លោក​កែម ឡី តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទនេះ។​លោក​ស្រី​ និង​កូនៗ​ទាំង​៥​នាក់​ពេល​នេះ​កំពុង​ភៀស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ដោយ​ហេតុ​ផល​សុវត្តិភាព។

លោកឆើយ ឧត្តម​រស្មី​ កូន​ប្រុស​លោកឈុត វទ្ធី​ អតីត​សកម្មជន​ការ​ពារ​បរិស្ថាន​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​ក្នុង​ខេត្ត​កោះកុង​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១២​ បាន​ឲ្យដឹងថា ​លោក​នឹង​ចូលរួម​ពិធី​នោះ​ ពីព្រោះ​វា​ជា​ឱកាសដ៏​ល្អមួយ​ដែល​យើង​ទាំង​អស់​គ្នា​ចាំ​បាច់​ត្រូវ​ទាមទារ​រក​យុត្តិធម៌។​

លោក​និយាយ​ថា៖​

«វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​មែន​ទែន​ ​បើមាន​សង្គម​ស៊ីវិល​ និង​អ្នក​សារ​ព័ត៌មាន​ចូល​រួម។​ យើង​នឹង​បញ្ចេញ​មតិ​ អ្វី​ដែល​យើង​ចង់​បញ្ចេញ​ ​ហើយ​យើង​នឹង​ធ្វើ​ការ​គោរព​ខួប​លោក​ជា វិជ្ជា​ ហើយ​លោកឪពុក​ខ្ញុំ​ លោកបណ្ឌិត​ កែម ឡី​ ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ ​ ពី​ព្រោះ​យើង​ជា​អ្នក​រង​គ្រោះ​ដូចគ្នា»។​

លោកអំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ វា​ជា​គំរូ​ដ៏​ល្អមួយ​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រមូល​ផ្តុំ​គ្នា​តែ​មួយ​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌។​ លោក​បញ្ជាក់​ថា៖

«ខ្ញុំ​គិត​ថា​ ល្មម​ដល់​ពេល​ហើយ​ដែល​រដ្ឋា​ភិបាល​ត្រូវ​តែ​បង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់សម្មជន​ទាំង​ឡាយ​ដែល​បាន​បាត់​បង់ជីវិត​ទៅ​ហើយ។ បើ​យើង​បណ្តោយ​ឲ្យ​ភាព​និទណ្ឌភាព​នេះ​នៅ​តែ​បន្ត​ ​នោះ​អំពើ​ហិង្សា​នៃ​ការ​បាញ់​សម្លាប់​វា​អាច​នឹង​កើត​ឡើង​បន្ត​ទៀត»។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជាក់​ថា​ គ្រប់​ឃាដកម្ម​ដែល​បាន​កើត​មាន​ឡើង​សម្ថកិច្ច​មិន​ព្រងើយ​កន្តើយ​នោះ​ទេ ​ហើយ​មាន​ករណី​ខ្លះ​រក​ឃើញ​ និង​មាន​ករណី​ខ្លះ​រក​មិន​ឃើញ​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា​ ចំពោះសំណុំ​រឿង​ណា​ដែល​មិន​ទាន់​បិទ​បញ្ចប់​សម្ថកិច្ច​សម្ថកិច្ច​នៅ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ឡើយ ​បើ​ទោះ​បី​សំណុំ​រឿង​នោះ​បាន​កើត​មាន​ឡើង​យូរ​ឆ្នាំរួច​ហើយ​ក៏​ដោយ៕