នៅពេលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារដ៏ធំសម្រាប់ទំនិញកម្ពុជា កំពុងពិចារណាមិនបន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា ដោយសារការស្តារឡើងវិញរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅតែប្រទាញប្រទង់គ្នានៅឡើយនោះ សហជីពនិងអ្នកបញ្ជាទិញអន្តរជាតិខ្លះ ចង់ឃើញស្ថានភាពសហជីពនិងកម្មករ និងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ត្រូវបានកែទម្រង់ឡើងវិញ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទៅមុខដោយគ្មានក្តីកង្វល់។
លោកស្រី ខេស៊ី ហ្វេនហ្គោល (Cathy Feingold) នាយកផ្នែកកិច្ចការអន្តរជាតិនៃសហជីពសហរដ្ឋអាមេរិកដ៏ធំមួយឈ្មោះ AFL-CIO បានថ្លែងថា ស្ថានភាពសហជីពការងារនិងសិទ្ធិសេរីភាពគួរត្រូវមានការកែប្រែឲ្យប្រសើរឡើង។
«ប្រសិនបើរដ្ឋាភិបាលចង់បញ្ជូនសារជាសំខាន់ ដែលថាខ្លួនមានការតាំងចិត្តកែទម្រង់សិទ្ធិការងារសំខាន់ៗ ដូចជាសេរីភាពប្រមូលផ្តុំ សិទ្ធិមានសហជីពពាណិជ្ជកម្មឯករាជ្យក្នុងប្រទេសកម្ពុជាជាដើមនោះ រដ្ឋាភិបាលចាំបាច់ត្រូវទម្លាក់បទចោទទាំងឡាយ ហើយធានាចំពោះលំហសេរីភាពសម្រាប់សង្គមស៊ីវិលសម្រាប់សកម្មជនសហជីព ពាណិជ្ជកម្ម សកម្មជនសិទ្ធិមនុស្ស ដើម្បីប្រតិបត្តិការដោយគ្មានអំពើហិង្សា»។
លោកស្រីថ្លែងយ៉ាងដូច្នេះ ដោយយោងទៅលើអំពើហិង្សាបង្រ្កាបការតវ៉ាកម្មករនិង សហជីពកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដែលមានការចាប់ខ្លួនមេដឹកនាំសហជីព និងការស្លាប់ និងរបួសកម្មករមួយចំនួន ដោយសារការបង្ក្រាបរបស់អាជ្ញាធរលើការតវ៉ាដើម្បីទាមទារតម្លើងប្រាក់ឈ្នួលនិងសេរីភាពនានា ដែលបានកើតឡើងនៅតំបន់សួនឧស្សាហកម្មកាត់ដេរ កាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ លើកំណាត់ផ្លូវវេងស្រេង។ រឿងនេះត្រូវគេចាត់ទុកថានៅមិនទាន់ត្រូវគេផ្តល់យុត្តិធម៌នៅឡើយទេ រហូតមកដល់ពេលនេះ។
បន្ថែមពីលើនេះ ក្រុមមេដឹកនាំសហជីពទាំង៦នាក់ រួមមានលោក អាត់ ធន់ លោក ជា មុនី អ្នកស្រី យ៉ាង សោភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និងអ្នកស្រី ម៉ម ញឹម ត្រូវគេដឹងថានឹងត្រូវគេចាប់ឃុំខ្លួនក្នុងពន្ធនាគារជាថ្មី ប្រសិនបើពួកគេហ៊ានធ្វើសកម្មភាពតវ៉ាក្នុងរយៈពេល៥ឆ្នាំខាងមុខ នៅពេលរឿងក្តីក្តាំនៅតុលាការមិនទាន់ត្រូវបានចប់នៅឡើយ ដោយសារសំណុំរឿងនេះកំពុងរង់ចាំការសម្រេចពីតុលាការជាន់ខ្ពស់។
លោកស្រី ខេស៊ី ហ្វេនហ្គោល បានថ្លែងអំពីក្តីបារម្ភអំពីនីតិរដ្ឋ និងការមិនទទួលបានយុត្តិធម៌សម្រាប់ក្រុមគ្រួសារ មិត្តភក្តិជាមេដឹកនាំសហជីពជាច្រើន សកម្មជនសង្គម ស៊ីវិលជាច្រើន កម្មករជាច្រើនដែលរងគ្រោះដោយអំពើហិង្សាពីអាជ្ញាធរ នៅពេល ពួកគេគ្រាន់តែសម្តែងមតិតវ៉ាឲ្យមានការតម្លើងប្រាក់ឈ្នួល សេរីភាពក្នុងការបង្កើត សហជីពឯករាជ្យ ហើយនឹងសិទ្ធិកម្មករនិងសិទ្ធិជាមូលដ្ឋាននានានោះ។
«ដូច្នេះវាជាក្តីបារម្ភ ដែលលោកដឹងស្រាប់ហើយគឺថា ប្រសិនបើកម្ពុជាចង់បន្តក្លាយជាប្រទេសដែលក្រុមហ៊ុនអន្តរជាតិល្បីៗ យល់ថាគេនឹងអាចមកធ្វើពាណិជ្ជកម្ម គឺពាណិជ្ជកម្មតាមវិធីដែលមានការគោរពបទដ្ឋានសិទ្ធិកម្មករខ្ពស់ ហើយខ្ញុំគិតថាយើងនឹងត្រូវការឃើញមានការផ្លាស់ប្តូរធំៗមួយចំនួន»។
ក្រុមហ៊ុនដែលជាអ្នកបញ្ជាទិញជាច្រើនធ្លាប់បានទទូចដល់រដ្ឋាភិបាលកម្ពុជាជាបន្ត បន្ទាប់ឲ្យធ្វើការកែប្រែស្ថានការណ៍ និងកែទម្រង់ជាសំខាន់ដើម្បីបន្តទំនាក់ទំនងពាណិជ្ជកម្ម។
ក្រុមហ៊ុន H&M group ដែលទិញផលិតផលជាច្រើនពីរោងចក្រក្នុងប្រទេសកម្ពុជាប្រមាណ៦០ ដែលភាគច្រើនគឺជាសម្លៀកបំពាក់ និងខោអាវទំនើបៗ ក៏ចង់ឃើញស្ថានភាពប្រសើរឡើងក្នុងប្រទេសកម្ពុជាផងដែរ។
មន្ត្រីទំនាក់ទំនងក្រុមហ៊ុន H&M group លោកស្រី អ៊ុលរីកា អាយសាក់សិន (Ulrika Isaksson) បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិកអ៊ីម៉េលថា លោកស្រីនៅរំពឹងពីការគិតគូរឡើងវិញចំពោះការទាមទាររបស់សហភាពអឺរ៉ុប។
«យើងតាមឃ្លាំមើលយ៉ាងដិតដល់ចំពោះស្ថានការណ៍កម្ពុជា។ យើងយល់ច្បាស់ណាស់ពីតម្រូវការទាំងមូលរបស់សហភាពអឺរ៉ុបក្នុងការពិនិត្យមើលពីវិធីដែលត្រូវដោះស្រាយស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ វាជារឿងសំខាន់ តែស្មុគស្មាញផងដែរ ហើយដោយសារថា នេះគឺជារឿងដែលមានការប៉ះពាល់ជាអវិជ្ជមានដ៏ធ្ងន់ធ្ងរលើបញ្ហាការងារ ចំពោះកម្មករក្នុងវិស័យឧស្សាហកម្មកាត់ដេរ បញ្ហានេះចាំបាច់ត្រូវមានការពិចារណារឡើងវិញ»។
លោកស្រី អ៊ុលរីកា អាយសាក់សិន បានបន្តថា កិច្ចពិភាក្សានានានៅកម្ពុជាកំពុងបន្តដំណើរ។
«ក្នុងអំឡុងពេល៤ឆ្នាំកន្លងទៅ យើងទាំងអស់គ្នា រួមមានដៃគូក្នុងប្រទេសនិងអន្តរជាតិ បានបន្តធ្វើការពិភាក្សាយោបល់ជាមួយនឹងរដ្ឋាភិបាល ជាពិសេសនោះគឺលើបញ្ហាសិទ្ធិកម្មករនិងការងារ។ យើងនៅតែធ្វើការទាក់ទងដើម្បីបន្តកិច្ចពិភាក្សាបែបនោះ នៅក្នុងប្រទេសដោយផ្ទាល់នៅឡើយ»។
ដោយសារស្ថានការណ៍នយោបាយនៅអាប់អួរ គួបផ្សំនឹងការព្រមានរបស់សហភាពអឺរ៉ុបនិងសភាសហរដ្ឋអាមេរិក រឿងដកប្រពន្ធអនុគ្រោះពន្ធដល់ទំនិញកម្ពុជានេះ ការប្រជែងប្រជាប្រិយភាពរវាងគណបក្សកាន់អំណាច និងក្រុមជំទាស់ក៏កើតមានឡើងដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមិនពេញចិត្តនឹងក្រុមជំទាស់ ដែលលោកថា បានកៀងគរអន្តរជាតិឲ្យផ្តាច់ជំនួយ ដាក់ទណ្ឌកម្មលើកម្ពុជានោះ កំពុងបន្តផ្តោតការយកចិត្តទុកដាក់លើសុខទុក្ខកម្មករ កែទម្រង់លក្ខខណ្ឌការងារមួយចំនួន និងតម្លើងប្រាក់ខែដល់កម្មកររោងចក្រ នៅក្នុងពេលដំណាលគ្នាដែលអឺរ៉ុប និងស.រ.អាដែលទទូចឲ្យមានការកែទម្រង់ និងស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។
តែក្រុមជំទាស់បានអះអាងថា ការផ្អាកការអនុគ្រោះពន្ធលើទំនិញកម្ពុជា មិនមែនជាកំហុសរបស់គណបក្សជំទាស់ទេ គឺដោយសាររដ្ឋាភិបាលមិនព្រមកែទម្រង់និងធ្វើតាមការទាមទាររបស់សហគមន៍អន្តរជាតិ។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបានទម្លាក់ការទទួលខុសត្រូវលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្វើឲ្យអន្តរជាតិមិនពេញចិត្ត៖
«បើគាត់មិនចង់ឲ្យគេដាក់ទណ្ឌកម្មទេ គឺគាត់ត្រូវនាំប្រទេសកម្ពុជាមកគន្លងប្រជាធិបតេយ្យវិញ ដែលសហគមន៍អន្តរជាតិ គេបានជួយជ្រោមជ្រែង គេបានផ្គត់ផ្គង់ គេបានឧបត្ថម្ភ គេបានបង្កើតឲ្យមានតាមរយៈនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ កាលណាគាត់ដើរមកតាមគន្លងហ្នឹងវិញទៅ គឺកម្ពុជានឹងបានអ្វីៗទាំងអស់ ហើយគាត់មិនត្រូវចាត់ទុកគណបក្សប្រឆាំងជាបច្ចាមិត្តទេ ព្រោះរយៈពេលកន្លងមកនេះគឺលោក ហ៊ុន សែនហ្នឹងបានចាត់ទុកគណបក្សប្រឆាំងជាសត្រូវ មិនមែនជាដៃគូទេ។ អីចឹងបានជាពេលគាត់ខឹងនឹងសហគមន៍អន្តរជាតិ គាត់បែរមកជាប៉ុនប៉ង គំរាមកំហែង យាយីមកលើគណបក្សប្រឆាំង»។
លោកបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាគឺពឹងផ្អែកលើការនាំចេញមួយផ្នែកធំ ដែលអន្តរជាតិអនុញ្ញាតឲ្យមានការនាំចូលទំនិញខ្មែរទៅលក់ក្នុងប្រទេសគេ ដោយមិនយកពន្ធនោះ គឺដោយសារកម្ពុជាត្រូវធានាការគោរពសិទ្ធិមនុស្សនិងគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលលោកអេង ឆៃអ៊ាង បានចាត់ទុកថាការបង្រ្កាបក្រុមជំទាស់ សង្គមស៊ីវិល ចុងក្រោយនេះ គឺជាការសម្លាប់ប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិត្រូវពិនិត្យលក្ខខណ្ឌទាំងអស់ឡើងវិញដើម្បីកែលម្អ។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នានា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រឆាំងនឹងការទាមទាររបស់សហភាពអឺរ៉ុបនិងស.រ.អា ដោយបញ្ចេញសារជាបន្តបន្ទាប់ថា កម្ពុជាមិនឱនក្បាលជាមួយបរទេស យកអធិបតេយ្យភាពធ្វើជាថ្នូរនឹងជំនួយទេ។
តែសភានៅសប្តាហ៍ថ្មីៗនេះបានធ្វើច្បាប់ដើម្បីបើកផ្លូវឲ្យអ្នកនយោបាយជំទាស់ ១១៨ នាក់ដើម្បីចូលធ្វើនយោបាយវិញ ក្រោយពីតុលាការបានរារាំងក្នុងរយៈពេល៥ឆ្នាំនៅមុនការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨។
ទោះជាយ៉ាងណាក្តីលោក រ៉ុង ឈុន មេដឹកនាំសហជីពកម្ពុជាមួយរូបកំពុងស្ថិតនៅ ស.រ.អា ដើម្បីជួបជាមួយសហគមន៍ខ្មែរ និងសហជីព អង្គការ សមាគន៍មួយចំនួនក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីសេរីភាពនិងសិទ្ធិការងារក្នុងប្រទេសកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចជាឯកជនរបស់លោកក្នុងសហរដ្ឋអាមេរិកនិងកាណាដា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងថា លោកនឹងលើកពីបញ្ហាសេរីភាពសហជីព កម្មករនិងសេរីភាពសមាគមក្នុងប្រទេសកម្ពុជា ដើម្បីជជែកជាមួយដៃគូនានាក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកថា លោកចង់ឃើញអន្តរាគមន៍បន្ថែមទៀតពីក្រុមសហជីព និងសមាគម អង្គការក្រៅរដ្ឋាភិបាលនានានៅសហរដ្ឋអាមេរិកនិងកាណាដា ដើម្បីឲ្យសេរីភាពសហជីព និងអង្គការសង្គមស៊ីវិល សមាគមនានាមានភាពប្រសើរឡើងក្នុងប្រទេសកម្ពុជា។
លោក រ៉ុង ឈុន ដែលជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យផងនោះ គ្រោងនឹងជួបសហគមន៍ខ្មែរក្នុងរដ្ឋនានាក្នុងសហរដ្ឋអាមេរិក និងកាណាដា ក្នុងដំណើរទស្សនកិច្ចរបស់លោករយៈពេលជិត ២ខែ ចាប់ផ្តើមពីស.រ.អា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។ លោកមានគម្រោងការជួបជាមួយតំណាងសហជីព និងអង្គការធំៗក្នុងសហរដ្ឋអាមេរិកផងដែរ។
ថ្លែងប្រាប់ VOA តាមប្រព័ន្ធហ្វេសប៊ុក លោក រ៉ុង ឈុន បានបន្ថែមថា ក្រុមសហជីពនិងអង្គការសមាគមន៍កម្ពុជាត្រូវការសេរីភាពបន្ថែមទៀត។
«នៅប្រទេសកម្ពុជាយើងឃើញមានច្បាប់ ដូចជាច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីអង្គការសង្គមស៊ីវិល នៅកម្ពុជាមានការរឹតបន្តឹងសហជីព ក៏ដូចជាសមាគមក្នុងការធ្វើសកម្មភាព»។
លោក រ៉ុង ឈុន បានសង្កត់ធ្ងន់ថា ការរឹតត្បិតទាំងនោះរួមទាំងសិទ្ធិចុះបញ្ជី សិទ្ធិចងក្រងជាសហជីព សិទ្ធិជួបប្រជុំ សិទ្ធិអន្តរាគមន៍ដល់សមាជិកនិងកម្មករជាដើមដែលមានការរឹតបន្តឹងដោយច្បាប់។
វិស័យកាត់ដេរ ដែលមានកម្មករជិត១លាននាក់ គឺជាវិស័យសំខាន់មួយទ្រទ្រង់ដល់ សេដ្ឋកិច្ចប្រទេស បន្ថែមលើវិស័យទាំងបីទៀត គឺកសិកម្ម សំណង់ និងទេសចរណ៍។ វិស័យឧស្សាហកម្មរោងចក្រកាត់ដេរនេះរកចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ការអនុគ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុប រាល់មុខទំនិញលើកលែងសព្វាវុធ(EBA) បានធ្វើឱ្យកម្ពុជាចំណេញប្រាក់ពន្ធជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ តែសហភាពអឺរ៉ុប ចាប់ផ្តើមដំណើរការពិនិត្យមើលការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីខែតុលា ឆ្នាំមុន ដោយបានកំណត់ពេលវេលារយៈពេលមួយឆ្នាំ មុននឹងប្រកាសលទ្ធផលដកជាស្ថាពរ បើគ្មានការកែទម្រង់ដែលអាចយកជាការបានទៅលើបញ្ហាជាច្រើនដែលគេគិតថា ការធ្វើឲ្យរស់ឡើងវិញគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ ការដោះលែង និងទម្លាក់បទចោទប្រឆាំងនឹងលោកកឹម សុខា ការបោះឆ្នោតឡើងវិញ ការផ្តល់តួនាទីដល់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សជំទាស់ជាដើមនោះ។ ដោយឡែក ប្រព័ន្ធអនុគ្រោះពន្ធ GSP កម្ពុជានាំទំនិញចូលទីផ្សាររបស់សហរដ្ឋអាមេរិកមានចំនួនប្រមាណជា៤០០លានដុល្លារក្នុងមួយឆ្នាំ ដោយមិនតម្រូវឲ្យបង់ពន្ធគយ។
តែសមាជិកព្រឹទ្ធសភាអាមេរិកពីររូបគឺលោក Ted Cruz និងលោក Chris Coons កំពុងធ្វើសេចក្តីស្នើ «ច្បាប់ពាណិជ្ជកម្មកម្ពុជា» នៅឆ្នាំ២០១៩ ដើម្បីតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិនិត្យមើលឡើងវិញលើប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យកម្ពុជាជាថ្មីកាលពីដើមឆ្នាំ២០១៨៕