អង្គការ UNICEF ប្រចាំកម្ពុជាដែលជាបណ្តាញរបស់អង្គការសហប្រជាជាតិកំពុងធ្វើយុទ្ធនាការលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីកាត់បន្ថយហានិភ័យនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិតដែលកំពុងកើតឡើងលើយុវជននៅកម្ពុជា។
យុទ្ធនាការនេះធ្វើឡើងចាប់ពីខែមិថុនារហូតដល់ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងចែកចាយនូវចំណេះដឹង និងព័ត៌មានផ្សេងៗទៅកាន់កុមារ យុវជន និងអាណាព្យាបាលអំពីសកម្មភាពនានានៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេចំពោះព័ត៌មានមិនពិត ការគំរាមកំហែង និងការយាយី ក៏ដូចជាបង្កើតកន្លែងអនឡាញដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ និងមនុស្សវ័យក្មេង។
តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជាលោក Will Park លើកឡើងថា យុវជនបច្ចុប្បន្នភាគច្រើនប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានព័ត៌មាន និងភា្ជប់ទំនាក់ទំនងជាមួយមនុស្សទូទៅ និងមិត្តភក្តិរបស់ពួកគេ។ លោកថា ការណ៍នេះធ្វើឱ្យពួកគេងាយនឹងប្រឈមហានិភ័យនៃការបំពានសុវត្ថិភាពលើអនឡាញ និងអំពើហិង្សា រួមទាំងការគំរាមកំហែងតាមអ៊ីនធឺណិត ដែលអាចជះផលប៉ះពាល់ផ្សេងៗលើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ពួកគេ ដូចជាការធ្វើបាបខ្លួនឯងជាដើម។
លោកប្រាប់វីអូអេតាមសារអេឡិចត្រូនិកអ៊ីម៉េលជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «វាជាការសំខាន់ណាស់ដែលកុមារ យុវជន ឪពុកម្តាយ និងអ្នកមើលថែត្រូវយល់ដឹង និងជំនាញយ៉ាងពេញលេញ ដើម្បីឆ្លើយតបឱ្យបានគ្រប់គ្រាន់ និងស្វែងរកការគាំទ្រ។ ដូច្នេះហើយ យើងបានចាប់ផ្តើមចែករំលែកខ្លឹមសារឌីជីថលដែលងាយស្រួលប្រើ រួមទាំងព័ត៌មាន និងការណែនាំដែលមានប្រយោជន៍ ដើម្បីជួយកុមារនិងយុវជនឱ្យស្គាល់ព័ត៌មានមិនពិត ឬការគំរាមកំហែង ទទួលយកការអនុវត្ត និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាព និងធ្វើការសម្រេចចិត្តដែលមានព័ត៌មានអំពីហានិភ័យ»។
បើតាមគេហទំព័រ Datareportal កម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រមាណជា៦៥% នៃប្រជាជនសរុប ហើយហ្វេសប៊ុកជាបណ្តាញសង្គមមួយដែលប្រជាជនកម្ពុជាប្រើប្រាស់ច្រើនជាងគេ ដោយមានជាង៩០%នៃអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់។
បើតាមលោក Will Park យុទ្ធនាការសុវត្ថិភាពលើអនឡាញនេះ អង្គការ UNICEF បានសហការជាមួយក្រសួងសង្គមកិច្ច និងដៃគូពាក់ព័ន្ធផ្សេងទៀត ដោយមានការចូលរួមពីអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណជា៧.៦លាននាក់។ នេះបើតាមការលើករបស់លោក Will Park តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ប្រាប់វីអូអេថា លោកមិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធនាការលើអ៊ីនធឺណិតនេះនៅឡើយទេ ប៉ុន្តែលោកថា ការបង្កើតយុទ្ធនាការនេះឡើងជារឿងដែលប្រសើរក្នុងការផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានផ្សេងៗទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ពិនិត្យមើលព័ត៌មានដែលពិត និងត្រឹមត្រូវ។
យ៉ាងណាមិញ លោកបានអំពាវនាវទៅកាន់យុវជនឱ្យមានការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ពេលដែលពួកគេប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោកថ្លែងថា៖ «ធាតុពិតកន្លងមកយើងធ្លាប់បានលឺសូរឃើញមានការលួចទំនាក់ទំនង Fake Account [គណនីក្លែងក្លាយ] ហើយដូចជាមានទំនាក់ទំនងសេ្នហាហើយរួចផ្ញើរូបភាពអាសអាភាសជូនគ្នាទៅវិញទៅមកហើយគាត់គំរាមកំហែងក្នុងការយកលុយយកកាក់។ នេះគឺហានិភ័យណាស់សម្រាប់បងប្អូនដែលមានអាយុពី១២ដល់១៧ឆ្នាំ អ៊ីចឹងជាសំណូមពរ គឺសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ន ហើយយើងនឹងខិតខំបង្កើននូវការផ្សព្វផ្សាយ ការយល់ដឹងនេះឱ្យបានកាន់តែទូលំទូលាយជូនដល់សាធារណជនរបស់យើង»។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានដើរតួនាទីយ៉ាងសំខាន់ ហើយវាបានជះទាំងផលវិជ្ជមាន និងអវិជ្ជមានដល់អ្នកប្រើប្រាស់។ អ្នកស្រីថា ក្នុងពេលដែលប្រព័ន្ធឌីជីថលមានការវិវត្តទៅមុខ ក្រសួងអប់រំបានចូលរួមក្នុងការកែលម្អទៅលើទម្រង់នៃការសិក្សា ដោយរួមបញ្ចូលការសិក្សានានាតាមរយៈប្រព័ន្ធអនឡាញ ក៏ដូចជាបង្រៀនសិស្សពីកម្មវិធីក្រៅម៉ោងសិក្សាដោយឱ្យសិស្សានុសិស្សស្វែងយល់បន្ថែមពីបញ្ហាសង្គម និងពង្រឹងទៅលើក្រមសីលធម៌ការរស់នៅរបស់ពួកគេ។
អ្នកស្រីថ្លែងថា៖ «ដូច្នេះហើយនៅក្នុងការអនុវត្តក្រៅម៉ោងសិក្សានេះ យើងសង្ឃឹមថាមិនមែនគ្រាន់តែផ្តល់ចំណេះដឹងបន្ថែមរបស់គាត់អំពីបច្ចុប្បន្នភាពរបស់សង្គម និងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱ្យគាត់ស្វែងយល់ និងសាកល្បងសិក្សាដោយធ្វើការវិភាគ ហើយនិងហ្វឹកហាត់ទៅលើការគោរពវិន័យ សីលធម៌ និងឥរិយាបថផងដែរ»។
បើតាមអ្នកស្រី ឃួន វិច្ឆិកា ក្រសួងអប់រំបានបង្កើនសមត្ថភាពបន្ថែមលើប្រព័ន្ធឌីជីថល ដែលអាចឱ្យសិស្សានុសិស្សចូលមើល និងស្តាប់ការពន្យល់មេរៀនបន្ថែមតាមរយៈគេហទំព័រ និងយូធូបរបស់ក្រសួង។
អ្នកស្រីថ្លែងថា៖ «យើងក៏បានប្រើប្រាស់ការរីកចម្រើននេះ ដើម្បីផ្សព្វផ្សាយជាព័ត៌មានក៏ដូចជាចំណេះដឹងដែលសិស្សានុសិស្សអាចរកបានពីវេបសាយ ប្រព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលក្នុងនោះយើងបានថតជាវីដេអូផ្សេងៗទាក់ទងទៅនឹងចំណេះដឹង ពាក់ព័ន្ធនឹងសៀវភៅសិក្សាដែលគាត់រៀន ទាក់ទងនឹងគ្រប់មុខវិជ្ជាដែលគាត់រៀនមានន័យប្រសិនបើគាត់អត់យល់មេរៀនកន្លែងណា ឬមានបញ្ហាត្រង់ចំណុចណានោះ គឺគាត់អាចសិក្សាស្រាវជ្រាវរកឃ្លីបវីដេអូក្នុងប្រព័ន្ធអនឡាញរបស់យើងមកសិក្សាបន្ថែមដែរ»។
យោងតាមរបាយការណ៍របស់អង្គការ UNICEF ស្តីពីថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២២ នៅកម្ពុជាកុមារអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំ ដែលកំពុងប្រើប្រាស់អ៊ីនធឺណិត មាន១១% ធ្លាប់ទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញ។ បញ្ហានេះរួមមានការផ្ញើសារគំរាមកុមារឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ និងការផ្ញើរូបភាពអាសអាភាស ដោយពុំមានការយល់ព្រមពីភាគីម្ខាងទៀត។
របាយការណ៍ដដែលបន្តថា មានកុមារ ១៦% បានក្លាយជាកម្មវត្ថុនៃការសរសេរមតិយោបល់ ដែលមានចរិតផ្លូវភេទអំពីពួកគេ ដែលធ្វើឱ្យពួកគេពុំមានអារម្មណ៍ងាយស្រួល ដែលក្នុងនោះមានចំនួន ៣១% បាននិយាយថា ការសរសេរបែបនេះកើតមានលើបណ្តាញទំនាក់ទំនងសង្គម។
តំណាងអង្គការ UNICEF ប្រចាំកម្ពុជា លោក Will Park បានឱ្យដឹងដែរថា UNICEF ក៏បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងអង្គការភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ បានចាប់ផ្តើមដំណើរការការណែនាំស្តីពីការការពារកុមារតាមអ៊ីនធឺណិតសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ដើម្បីធានាថាកុមារទាំងអស់មានបទពិសោធន៍ប្រកបដោយសុវត្ថិភាព និងវិជ្ជមានតាមប្រព័ន្ធអ៊ីនធឺណិត។
ហើយកាលពីពេលថ្មីៗនេះ ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំអំពីការគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកក្នុងម៉ោងរៀន ឬម៉ោងសិក្សាដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និងបណ្តាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា ដើម្បីពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជាផងដែរ៕