អង្គការ UNHCR នឹង​ជួយ​កំណត់​អត្តសញ្ញាណ​ជន​ចំណាក​ស្រុក​នៅ​ម៉ិកស៊ិក​ដែល​មាន​សិទ្ធិ​ចូល​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ មន្ត្រីគយនិងព្រំដែនកំពុងត្រួតពិនិត្យឯកសារឆ្លងដែនរបស់ជនចំណាកស្រុកម៉ិកស៊ិកដែលស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ខណៈពួកគេចាកចេញពីទីក្រុង Nuevo Laredo នៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

មន្រ្តី​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ប្រាប់ VOA ថា ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) នឹង​ធ្វើការ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ចំណាក​ស្រុក​ណា​ដែល​ត្រូវការ​ជំនួយ​ខ្លាំង​បំផុត ដែល​កំពុង​រង់ចាំ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ហើយ​នឹង​ជួយ​ពួកគេ​បំពេញ​ឯកសារ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ UNHCR នឹង​ធ្វើការ​ជាមួយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ដើម្បី​ដោះស្រាយ​បញ្ហា​លំបាក​របស់​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​រាប់​ម៉ឺន​នាក់ ដែល​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​បង្ខំ​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ខណៈ​រង់ចាំ​សវនាការ​នៅ​តុលាការ​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក នៅ​ក្រោម​គម្រោង​ផ្តួចផ្តើម​ដែល​គេ​ហៅ​ថា «ពិធីការ​ការពារ​ជន​ចំណាក​ស្រុក (MPP)»។

អ្នកស្រី Roberta Jacobson អ្នក​សម្រប​សម្រួល​កិច្ចការ​ព្រំដែន​ភាគ​និរតី​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន បាន​ប្រាប់ VOA ថា៖ «អង្គការ UNHCR កំពុង​ធ្វើការ​ដើម្បី​ជ្រើសរើស​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ឬ​អ្នក​ដែល​បាន​រង់ចាំ​យូរ​នៅ​ក្រោម​គម្រោង MPP ដើម្បី​ឲ្យ​ឆ្លង​មក​សហរដ្ឋ​អាមេរិក» ។

រដ្ឋបាល​របស់​លោក Biden ដែល​បាន​ចាត់​វិធានការ​ដើម្បី​បញ្ចប់​គម្រោង MPP ត្រូវ​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ដំណើរការ​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​របស់​ជន​ចំណាក​ស្រុក​ទាំង​នេះ​នៅ​ថ្ងៃទី ១៩ ខែ​កុម្ភៈ​ខាង​មុខ។ មាន​ជន​ចំណាក​ស្រុក​ប្រមាណ ២៥.០០០ នាក់​ដែល​កំពុង​មាន​សំណុំរឿង​ក្នុង​គម្រោង MPP។

ការ​ពិនិត្យ​ជ្រើសរើស​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ដោយ​អង្គការ UNHCR នេះ ត្រូវ​គេ​រំពឹង​ថា ​នឹង​កាត់​បន្ថយ​ការ​ឃុំខ្លួន​ជន​ចំណាក​ស្រុក​ណា​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក។ ពួកគេ​ភាគ​ច្រើន​នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ជាមួយ​អ្នក​ធានា ឬ​សមាជិក​គ្រួសារ​ណា​ដែល​នៅ​សហរដ្ឋ​អាមេរិក​ស្រាប់។

ទោះបីជា​អង្គការ UNHCR ជួយ​ក៏ដោយ ក៏​សហរដ្ឋ​អាមេរិក​នៅតែ​ជា​អ្នក​សម្រេច​ថា ​អ្នកណា​នឹង​ទទួល​បាន​សិទ្ធិ​ជ្រកកោន ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុង​ប្រទេស​ដោយ​ស្រប​ច្បាប់។

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​បាន​សង្កត់​ធ្ងន់​ថា ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​នេះ​មិន​មែន​មាន​ន័យ​ថា​ជា​ការ​បើក​ចំហ​ព្រំដែន​សម្រាប់​ជន​ដែល​ធ្វើ​ចំណាក​ស្រុក​មិន​ទៀងទាត់​មក​កាន់​សហរដ្ឋ​អាមេរិក​នោះទេ៕