មន្ត្រី​ជនភៀសខ្លួន​និង​នគរបាល​ចង់​ជួប​ជន​ភៀស​ខ្លួន​តែ​រក​មិន​ឃើញ

ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។ Reuters

មន្ត្រី​នៃ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចុះ​ទៅ​ដល់​ភូមិ​ដាច់​ស្រយាល​មួយដែល​ជា​គេ​សង្ស័យ​ថា ​មាន​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម​ចំនួន​១៣​នាក់​កំពុង​សម្ងំ​លាក់​ខ្លួន។ ​ក៏​ប៉ុន្តែ​ពុំ​មាន​ជន​ភៀស​ខ្លួន​ណាម្នាក់​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ។​

លោក ​ឆាយ ​ធី ​អ្នក​សម្រប​សម្រួល​របស់​សមាគមអាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ ដែល​បាន​អម​ដំណើរ​ជា​មួយ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ចំនួន​ពីររូប បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​ទាំង​ពីរ​រូប​នេះ​បាន​ចំណាយ​ពេល​ប្រមាណ​ជាកន្លះ​ម៉ោង​ក្នុង​ការ​ចុះ​អង្កេត​ផ្ទាល់នៅ​ក្នុង​ភូមិ​ស្នង​ហៃ​ ឃុំសេដា ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត។​

«យើង​បាន​មក​ដល់​ទីតាំង​ដែល​មាន​សេចក្តី​រាយ​ការណ៍​ថា​ មាន​ការ​ហ៊ុំ​ព័ទ្ធ​ពី​ប៉ូលិស​នៅ​ក្នុង​តំបន់​មួយ​ដែល​គេ​សង្ស័យ​ថា​ ជន​ភៀស​ខ្លួន​លាក់​ខ្លួន​នៅ​ទីនោះ។ ​ប៉ុន្តែ​មិន​បាន​ឃើញ​អ្វី​ទាំង​អស់»។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ចំនួន​បួន​រូប ក្នុង​នោះ​មាន​បរទេស​ពីរ​រូប ​និង​ជនជាតិ​កម្ពុជា​ចំនួន​ពីររូប ​មក​ពី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ (UNHCR)​និង​មក​ពីការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ទៅ​ដល់​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ ដើម្បី​ពិនិត្យ​ស្ថាន​ភាព​ជាក់ស្តែង​ពីជន​ជាតិដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម។​ ជនជាតិ​ចារ៉ាយ​វៀតណាម​ទាំង​នេះ​ត្រូវគេ​រាយ​ការណ៍​មក​ថា​ ​បាន​គេ​ច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​វៀត​ណាម ​ហើយ​បាន​មក​ដល់​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​ចាប់​តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ជួប​ជាមួយ​ស្នង​ការ​រង​ប៉ូលិស​ខេត្ត​រតន​គីរី​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។​ ​នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​លោក​ស្នង​ការ​ឧត្តម​សេនីយ៍ត្រី​ ងួន កឿន។ ​ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ដែល​លេច​ធ្លាយ​ពី​ការ​ជជែក​គ្នា​នោះ​ទេ។​

ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​មហា​ផ្ទៃ​ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថាន​ភាព​ជន​ភៀស​ខ្លួន​វៀតណាម​នេះ ​ប៉ុន្តែ​ក្រសួង​មហា​ផ្ទៃ​មិន​បាន​ផ្តល់​ចម្លើយ​ជា​ផ្លូវ​ការ​នោះ​ទេ។​

កាល​ពី​ថ្ងៃ​អង្គារ​ ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ (UNHCR)​ បាន​សម្តែងកង្វល់​ចំពោះ​ស្ថាន​ភាព​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​គេច​ខ្លួន​ពី​តំបន់​ខ្ពង់​រាប​វៀតណាម​នេះ​ ​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ដែល​ថា ​កង​ប៉ូលិស​កម្ពុជា​បើក​ប្រតិ​បត្តិ​ការ​តាម​ចាប់​ពួក​គេ​ និង​ត្រូវ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​ប្រទេស​វៀតណាម​វិញ។​

អង្គការ​សហ​ប្រជាជាតិ​ទទូច​ឲ្យរដ្ឋា​ភិបាល​កម្ពុជា​បញ្ឈប់​សកម្ម​ភាព​នេះ​ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​សហ​ការរួម​គ្នា​ដើម្បី​ចុះពិនិត្យ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​នេះ។​ ក៏ប៉ុន្តែ​បើយោង​តាម​លោក​ឆាយ ​ធី ​អ្នក​សម្រប​សម្រួល​របស់​សមាគមសិទ្ធិ​មនុស្ស​អាដហុក​ បានឲ្យ​ដឹង​ថា​ ពុំ​មាន​ការ​សហ​ការ​ពី​ក្រុម​អាជ្ញាធរ​ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថាន​ភាព​ជន​ភៀស​ខ្លួន​នៅ​ថ្ងៃ​នេះ​ទេ។​

លោក​ឧត្តម​សេនីយ៍​ត្រី ​ងួន​ កឿន ​ស្នង​ការនគរ​បាល​ខេត្ត​រតន​គីរី ​អះអាង​នៅថ្ងៃ​នេះ​ថា ​កងនគរ​បាល​នៅ​តែ​ស្វែង​រក​ជនភៀស​ខ្លួន​វៀតណាម​បន្ត​ទៀត​នៅ​ឡើយ។​

«យើង​នៅ​បន្ត​រក​ តែ​រក​មិន​ឃើញ»។

លោក ស្រីវីវាន តាន់ ​អ្នក​នាំពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ប្រចាំ​តំបន់ មាន​ប្រសាសន៍​តាម​សារ​អេឡិច​ត្រូនិក​ឬ​អ៊ីម៉ែល​ថា ​លោកស្រី​មិន​បាន​ដឹង​អំពី​ព័ត៌មាន​ថ្មីៗ​របស់​ជន​ភៀស​ខ្លួន​ទាំង​នេះ​ទេ។​

ជនជាតិ​ដើម​ភាគ​តិច​ទាំង១៣​នាក់​នេះ​ត្រូវ​គេ​រាយ​ការណ៍​ថា ​បាន​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញរបស់​អាជ្ញាធរ​វៀតណាម​ផ្នែក​សេរី​ភាព​សាសនា​ សេរីភាព​ក្នុ​ងការ​ប្រើ​ប្រាស់​អ៊ីនធើណែត​និង​សិទ្ធិ​ដីធ្លី ​ហើយ​ពួក​គេ​បាន​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​ដើម្បី​ស្វែង​រកសិទ្ធិ​ជ្រក​កោណ​នៅ​ប្រទេស​ទី៣។​

ក្នុង​ចំណោម​ជនភៀស​ខ្លួន​ទាំង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​របស់​រដ្ឋការ​ក្រុង​ហាណូយ៕