ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប​សុំ​កុំ​ឱ្យ​អាជ្ញាធរ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ម៉ុងតាញ៉ា​ទៅ​វៀតណាម

  • គង់ សុឋានរិទ្ធ

ជនភៀស​ខ្លួន​ពី​តំបន់​ខ្ពង់រាប​វៀតណាម ឈរ​មើល​ពី​ខាង​ក្នុង​របង​នៃ​ជំរំ​ស្នាក់នៅ​បណ្តោះ​អាសន្ន​ដែល​គ្រប់គ្រង​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន(UNHCR) និង​អង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ (IOM)។

ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន(UNHCR) ​បានសម្តែងការ​ព្រួយ​បារម្ភ​ជា​ខ្លាំងនៅ​ថ្ងៃ​អង្គារ​នេះចំពោះ​សេចក្តី​រាយការណ៍​ដែល​ថា​អាជ្ញា​ធរ​របស់​ប្រទេស​កម្ពុជា​កំពុងស្វែង​រក​ចាប់​ខ្លួន​និង​បញ្ជូន​ជន​ជាតិ​ដើម​ភាគ​តិចតំបន់​ភ្នំ​ទៅឲ្យ​រដ្ឋា​ភិបាល​វៀតណាម​វិញ។

​ដំណាល​គ្នា​នេះ​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​Human Rights Watch ​ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ក៏បាន​ទទូចឲ្យ​អាជ្ញា​ធរ​ប៉ូលិស​កម្ពុជា​បញ្ឈប់ទង្វើ​នេះ​«​ជា​បន្ទាន់»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ពី​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ីស​នៅយប់​ថ្ងៃ​អង្គារ​នេះ​ម៉ោង​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​បាន​ថ្លែង​ថា​ខ្លួន «​ព្រួយ​បារម្ភយ៉ាង​ជ្រាល​ជ្រៅ​»ចំពោះ​សេចក្តី​រាយការណ៍​ដែល​ថា​កង​ប៉ូលិស​របស់​ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ជនជាតិ​ដើមភាគ​តិច​ចារ៉ាយ​ចំនួន​១៣​នាក់ដើម្បី​បញ្ជូន​ពួក​គេត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួនក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សកម្មភាព​ខាង​លើ​នេះ​ព្រម​ទាំង​បញ្ឈប់​ការ​ណែនាំ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​តាម​ស្វែង​រក​និង​ចាប់​បញ្ជូន​ជនភៀស​ខ្លួន​ពី​តំបន់​ខ្ពង់រាប​វៀតណាម​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេវិញ។

លោកស្រី​វីវាន តាន់ ​អ្នក​នាំពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ប្រចាំ​តំបន់មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទី​ក្រុង​បាង​កក​មក​ថា​អង្គការ​សហ​ប្រជាជាតិ​ទើប​បាន​ទទួល​ដំណឹង​នេះ​នៅ​ថ្ងៃ​នេះ​ហើយ​អង្គការ​សហប្រជាជាតិ​ទទូច​ឲ្យ​ប្រទេស​កម្ពុជាបញ្ឈប់សេចក្តី​ព្យាយាម​នេះ។

«នៅ​ថ្ងៃ​នេះ​យើ​ង​ទទួល​បាន​ដំណឹង​ពី​ប្រភព​នៅ​ក្នុ​ងប្រទេស​ថាមាន​ការ​គំរាម​កំហែង​របស់​កង​ប៉ូលិសក្នុ​ងការ​តាម​ចាប់​ខ្លួន​និង​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​វៀត​ណាម​វិញ។ ការណ៍នេះ​មាន​ចំណុច​សំខាន់​ពីរ។ ​ទី​១​គឺ​ថាយើង​បន្ត​តស៊ូ​មតិ​ជាមួយ​រដ្ឋា​ភិបាល​ដើម្បី​កុំ​ឲ្យ​បញ្ជូន​ពួក​គេត្រឡប់​ទៅកាន់​ទី​កន្លែង​ដែល​ជីវិត​របស់​ពួក​គេ​ស្ថិត​ក្នុ​ង​គ្រោះ​ថ្នាក់​នោះ​ទេ។ ហើយ​ពួក​គេ​ត្រូវ​តែ​មាន​លទ្ធ​ភាព​ទទួល​បាន​សិទ្ធិ​ជ្រក​កោណប្រសិន​បើ​ពួក​គេ​ស្វែង​រក​សិទ្ធិ​ជ្រក​កោណ។ ​ចំណុច​ទាំង​ពីរនេះ​ដែល​យើង​ទទូច​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​គោរព​តាម»។​

ជនជាតិ​ដើម​ភាគ​តិច​ទាំង១៣​នាក់​នេះ​ត្រូវ​គេ​រាយការណ៍​ថា​បាន​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញរបស់​អាជ្ញាធរ​វៀតណាម​ផ្នែក​សេរី​ភាព​សាសនា ​សេរីភាព​ក្នុ​ងការ​ប្រើ​ប្រាស់​អ៊ីនធឺណែត​និង​សិទ្ធិ​ដីធ្លី។​ហើយ​ពួក​គេ​បាន​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនៈគីរី​ចាប់​តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ​ដើម្បី​ស្វែង​រកសិទ្ធិ​ជ្រក​កោណ​នៅ​ប្រទេស​ទី៣។

ក្នុ​ង​ចំណោម​ជនភៀស​ខ្លួន​ទាំង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​របស់​រដ្ឋការ​ក្រុង​ហាណូយ។

ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួនបាន​បន្ថែម​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួនថា​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​មាន​បេសកកម្ម​រួម​មួយ​រវាង​អង្គការ​សហ​ប្រជាជាតិ​និង​រដ្ឋា​ភិបាល​ទៅ​កាន់​តំបន់​ព្រំ​ដែន​ដើម្បី​យល់​ពី​ស្ថាន​ភាព​និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ជន​ភៀស​ខ្លួន។

​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន​នេះ​ព្រមាន​ថា​ការ​បញ្ជូន​ខ្លួន​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ដោយ​មិន​គោរព​តាមគោល​ការណ៍​ស្ម័គ្រ​ចិត្ត​គឺ​ជា​ការ​រំលោភ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ។​

នៅថ្ងៃ​ដដែល​នេះ​លោក​ភីល​ រ៉ូប៊ើតសុន​ (Phil Robertson)នាយករង​អង្គការ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីភិក​ក៏​បានថ្លែងដូច​គ្នា​នេះ​ដែរ​ថា​កង​ប៉ូលិស​កម្ពុជា​ត្រូវ​«បញ្ឈប់​ជា​បន្ទាន់»​នូវ​ការ​តាម​ស្វែង​រក ​ការ​ឃុំ​ខ្លួន​និង​បង្ខំ​ឲ្យ​ជន​ភៀស​ខ្លួន​តំបន់​ភ្នំ​វៀតណាម​ទាំង​១៣​នាក់​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

​លោក​ភីល​ រ៉ូប៊ើតសុន ​លើក​ឡើង​ថា​កម្ពុជាត្រូវ​តែ​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ទៅ​ទីណា​ដែល​ពួក​គេ​ចង់​ទៅ។

​លោក​នាយឧត្តមសេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ឆ្លើយ​តប​ទៅវិញ​ថា​ក្រុម​ប៉ូលិស​កម្ពុជា​មិន​ដែល​បាន​ស្វែង​រក​ចាប់​ជនជាតិដើម​ភាគតិច​តំបន់​ភ្នំ​វៀតណាម​នោះ​ទេ។​

«​យើងមិន​ដែលតាម​រក​ជនជាតិ​ម៉ុងតាញ៉ាដើម្បី​បញ្ជូនទៅវិញ​ទេ។​ព័ត៌មាន​ឮ​តែ​គេ​ថា​មិន​ដឹង​ថា​ពិត​ឬ​មិន​ពិត​កម្រិត​ណា​ទេ។ពាក្យ​ចចាម​អារ៉ាម​ហើយ(​គេ)​ចេះ​តែចេញ​សេចក្តី​ថ្លែង​ការណ៍​(យើង​)​អត់​ទទួល​ស្គាល់​រ​បាយការណ៍​នោះ​ទេ។ ​យើង​មិន​ដឹង​ម៉ុងតាញ៉ា​នៅ​ទីណា​ផង»។​

ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន(UNHCR)​នៅ​ពេល​នេះ​កំពុង​ស្វែង​រក​ឱកាស​ដើម្បី​ជួប​ជាមួយ​ជនជាតិ​ភាគតិច​តំបន់​ភ្នំវៀតណាមដែល​កំពុង​លាក់ខ្លួន​ក្នុ​ងព្រៃនៅ​ខេត្ត​រតនៈគីរី។

ក៏​ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​កម្ពុជា​មិន​ទាន់​ផ្តល់​ការ​អនុញ្ញាត​នៅ​ឡើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​អង្គារ​នេះ។

នេះ​បើ​យោង​តាម​លោកស្រីវីវាន តាន់ ​អ្នក​នាំពាក្យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ប្រចាំ​តំបន់​និង​លោកនាយឧត្តមសេនីយ៍​ខៀវ សុភ័គ៕

XS
SM
MD
LG