ពលរដ្ឋវ៉េណេស៊ុយអេឡាកំពុងចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា ដោយសារតែស្ថានភាពនយោបាយ សេដ្ឋកិច្ច សិទ្ធមនុស្ស និងមនុស្សធម៌ ធ្លាក់ចុះ។ ទីភ្នាក់ងារ UNHCR បានរាយការណ៍ថា មនុស្សប្រមាណ ៣,៧ លាននាក់ បានរត់ភៀសខ្លួនចេញពីប្រទេសនេះ។ ភាគច្រើនបានរត់ទៅប្រទេសកូឡុំប៊ី អេក្វាទ័រ ប៉េរូ ប្រេស៊ីល និងប្រទេសនៅតាមសមុទ្រ Carribean ផ្សេងទៀត។
ទីភ្នាក់ងារ UNHCR បានឲ្យដឹងថា នៅត្រឹមចុងឆ្នាំ ២០១៨ កន្លងទៅនេះ ពលរដ្ឋវ៉េណេស៊ុយអេឡាប្រមាណ ៤៦០.០០០ នាក់បានសុំសិទ្ធិជ្រកជាផ្លូវការ។ ប៉ុន្តែអ្នកស្រី Liz Throssell អ្នកនាំពាក្យទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានថ្លែងថា ដោយសារតែស្ថានភាពដ៏អាក្រក់នៅប្រទេសកំណើត វាច្បាស់ណាស់ថា ពលរដ្ឋរាប់លាននាក់ដែលបានចាកចេញពីប្រទេសកំណើតខ្លួនត្រូវការការការពារពីអន្តរជាតិ។
អ្នកស្រី Liz Throssell ថ្លែងថា៖
«នេះដោយសារតែមានការគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព ឬសេរីភាព ដែលកើតឡើងដោយសារតែចលាចលសង្គមដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ ទីភ្នាក់ងារ UNHCR ក៏បានអំពាវនាវឲ្យប្រទេសផ្សេងៗធានាថា ពលរដ្ឋវ៉េណេស៊ុយអេឡាមិនត្រូវបានគេចាប់បញ្ជូនទៅប្រទេសកំណើតវិញ ឬបង្ខំឲ្យត្រឡប់ទៅវិញនោះទេ ទោះពួកគេមានឋានៈផ្លូវច្បាប់អ្វីក៏ដោយ»។
អ្នកស្រី Throssell បានប្រាប់ VOA ថា មកទល់ពេលនេះ ពលរដ្ឋវ៉េណេស៊ុយអេឡាមិនទាន់ត្រូវបានគេចាប់បញ្ជូនទៅវិញនោះទេ។ ទោះជាយ៉ាងនេះក្តី អ្នកស្រី Throssell ព្រមានថា ការណ៍នេះអាចនឹងផ្លាស់ប្តូរនៅពេលមនុស្សកាន់តែច្រើនរត់គេចខ្លួន ហើយបញ្ហាជនភៀសខ្លួនក្លាយជាបន្ទុកកាន់តែខ្លាំងឡើងៗ។
អ្នកស្រីនិយាយថា កាលពីពេលមុននេះបន្តិច ព្រំដែនប្រទេសនៅទ្វីបអាមេរិកឡាទីនត្រូវបានបិទមិនឲ្យឆ្លងកាត់នោះទេ។ លោកស្រីបានកត់សម្គាល់ថា ព្រំដែនរបស់ប្រទេសប្រេស៊ីលជាមួយនឹងប្រទេសវ៉េណេស៊ុយអេឡាទើបតែត្រូវបានបើកវិញ កាលពីពាក់កណ្តាលខែឧសភាតែប៉ុណ្ណោះ។
អ្នកស្រី Throssell បានថ្លែងថា៖
«អ្វីដែលយើងបានឃើញនោះ គឺមនុស្សម្នាឆ្លងកាត់ច្រកព្រំដែនធម្មតា ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា មនុស្សមួយចំនួនសម្រេចចិត្តជ្រើសរើសឆ្លងកាត់ផ្លូវខុសធម្មតា ដែលមានគ្រោះថ្នាក់ និងដែលធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ហេតុផលមួយក្នុងចំណោមហេតុផលនានា ដែលយើងនិយាយដូច្នេះ គឺដោយសារតែ យើងបានឃើញពលរដ្ឋវ៉េណេស៊ុយអេឡាដែលងាយរងគ្រោះកាន់តែច្រើនឡើងៗកំពុងចាកចេញពីប្រទេសខ្លួន នៅពេលដែលស្ថានភាពក្នុងប្រទេសកាន់តែធ្លាក់ចុះ»។
អ្នកស្រី Throssell និយាយថា ប្រទេសដែលទទួលយកពលរដ្ឋវ៉េណេស៊ុយអេឡាក្នុងចំនួនច្រើន ត្រូវការការគាំទ្រពីអន្តរជាតិ។ អ្នកស្រីថ្លែងទៀតថា ពួកគេកំពុងមានសម្ពាធយ៉ាងខ្លាំង និងមិនមានធនធានហិរញ្ញវត្ថុដើម្បីថែទាំអ្នកសុំសិទ្ធជ្រកកោននោះទេ។
លោកស្រីកំពុងអំពាវនាវឲ្យម្ចាស់ជំនួយផ្តល់ជំនួយបន្ថែម និងបានកត់សម្គាល់ថា ការអំពាវនាវរបស់អង្គការសហប្រជាជាតិសុំទឹកប្រាក់ ១៤៦ លានដុល្លារដើម្បីជួយប្រទេសវ៉េណេស៊ុយអេឡានោះ ទទួលបានទឹកប្រាក់ចំនួនតែ ២៨% ប៉ុណ្ណោះ៕