លោក Filippo Grandi បានថ្លែងសុន្ទរកថានៅក្នុងកម្មវិធីបើកសន្និសីទប្រចាំឆ្នាំស្តីពីជនភៀសខ្លួនរយៈពេលមួយសប្តាហ៍របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ។
ការភៀសខ្លួនដោយបង្ខំបានកើនឡើងដល់កំណត់ត្រាមួយខ្ពស់។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សជិត៧១លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ ជនភៀសខ្លួនមានចំនួនជាង១/៣ ហើយក្រៅពីនោះគឺជាអ្នកផ្លាស់ទីលំនៅក្នុងប្រទេសរបស់ពួកគេ។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននិយាយថា បញ្ហានៃការភៀសខ្លួនដោយបង្ខំនាពេលបច្ចុប្បន្នមានភាពស្មុគស្មាញជាងក្នុងឆ្នាំ១៩៥១។ នោះគឺជាពេលដែលអង្គការសហប្រជាជាតិបានអនុម័តអនុសញ្ញាស្តីពីជនភៀសខ្លួនដើម្បីការពារនិងជួយជនភៀសខ្លួនរាប់លាននាក់ដែលនៅមានជីវិតបន្ទាប់ពីសង្គ្រាមលោកលើកទី២។
លោក Grandi និយាយថា ការការពារជនភៀសខ្លួនកាន់តែមានភាពស្មុគស្មាញ។ លោកបានកត់សម្គាល់ថា ឥឡូវនេះពិភពលោកកំពុងប្រឈមមុខនឹងអ្វីដែលលោកហៅថា លំហូលាយឡំគ្នារវាងជនភៀសខ្លួននិងជនចំណាកស្រុក។
លោកឧត្តមស្នងការក៏បាននិយាយផងដែរថា ការដាក់ជនចំណាកស្រុកដោយមូលហេតុសេដ្ឋកិច្ច និងជនសុំសិទ្ធិជ្រកកោនឲ្យស្ថិតនៅក្នុងចំណាត់ថ្នាក់ដូចគ្នានេះ កំពុងធ្វើឲ្យមានការបាត់បង់ការការពារសម្រាប់ជនភៀសខ្លួន ដែលរត់គេចពីសង្គ្រាម រងការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សា។
លោក Grandi បាននិយាយថា នៅក្នុងប្រទេសម៉ិកស៊ិក នាពេលថ្មីៗនេះ លោកមើលឃើញជាឧទាហរណ៍ជាក់ស្ដែងនៃការបញ្ចូលបញ្ហាជនភៀសខ្លួនជាមួយនឹងសម្ពាធនៃការចំណាកស្រុកដែលមានកាន់តែច្រើនពីក្នុងតំបន់ និងពីទ្វីបអាហ្វ្រិក។
លោក Grandi បានថ្លែងថា៖ «ការជួយជីវិតមនុស្សនិងការការពារភាពថ្លៃថ្នូរនិងសិទ្ធិរបស់ជនភៀសខ្លួននៅតែជាការងារចម្បង បូករួមទាំងការទទួលបានការការពារពីអន្តរជាតិសម្រាប់អ្នកដែលមានហេតុផលត្រឹមត្រូវផងដែរ។ នៅទីនេះ និងកន្លែងផ្សេងទៀត មធ្យោបាយធ្វើចំណាកស្រុកស្របច្បាប់អាចនឹងជួយការពារមិនឲ្យកើតមានការបំពានដល់ប្រព័ន្ធសុំសិទ្ធិជ្រកកោន ដែលជាមធ្យោបាយប្រើប្រាស់ជំនួសសម្រាប់ធ្វើចំណាកស្រុក»។
លោក Grandi បន្តថា បម្រែបម្រួលអាកាសធាតុក៏បង្កើតឲ្យមានការភៀសខ្លួនដោយបង្ខំក្នុងទម្រង់ថ្មីមួយ ដែលបញ្ហានេះមិនដែលកើតមាននោះទេ នៅពេលដែលអនុសញ្ញាស្តីពីជនភៀសខ្លួនត្រូវបានអនុម័ត។
លោកនិយាយថា មូលហេតុទាក់ទងនឹងអាកាសធាតុគឺជាកត្តាជំរុញឲ្យមានការផ្លាស់ទីលំនៅក្នុងប្រទេសកាន់តែច្រើន។
លោក Grandi និយាយថា៖ «អាកាសធាតុជារឿយៗក៏ជាកត្តាជំរុញឲ្យមានការភៀសខ្លួនឆ្លងដែនផងដែរ។ ការភៀសខ្លួនឆ្លងដែនដោយបង្ខំអាចកើតចេញពីបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រួមជាមួយនឹងជម្លោះ និងអំពើហិង្សាផងដែរ។ វាក៏អាចកើតឡើងមកពីគ្រោះធម្មជាតិ ឬគ្រោះដែលបង្កដោយមនុស្សតែមួយមុខផងដែរ។ ក្នុងស្ថានភាពណាក៏ដោយ ក៏អាចទាមទារឲ្យមានការការពារពីអន្តរជាតិបានដែរ»។
លោក Grandi និយាយថា លោកមានផែនការកោះប្រជុំវេទិកាស្តីពីជនភៀសខ្លួនសាកលលោក ដែលអាចនឹងធ្វើឡើងក្នុងរយៈពេល២ខែទៀត។ លោកនិយាយថា គោលបំណងនៃវេទិកានោះគឺដើម្បីដោះស្រាយ និងស្វែងរកដំណោះស្រាយសម្រាប់ការភៀសខ្លួនដោយបង្ខំ ដែលជាបញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងពិភពលោកក្នុងសតវត្សរ៍នេះ៕