ដោយសម្លឹងទៅរកការទទួលបានជ័យជម្នះមកវិញនៅក្នុងការប្រជែងការបោះឆ្នោតដ៏តឹងតែងមួយក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខ គណបក្ស United Malays National Organization (UMNO) បានលើកឡើងអំពី «ស្ថិរភាពនិងវិបុលភាព» នៅក្នុងគោលនយោបាយរបស់ខ្លួនដែលរួមមានវិធានការនានាដូចជាការកាត់បន្ថយពន្ធ ជំនួយហិរញ្ញវត្ថុ និងកំណែទម្រង់មួយចំនួនជាដើម។
គណបក្ស UMNO នេះធ្លាប់ជាគណបក្សដ៏មានឥទ្ធិពលមួយដែលត្រូវបានទទួលស្គាល់តាមរយៈការអភិវឌ្ឍនិងការធ្វើទំនើបកម្មប្រទេសម៉ាឡេស៊ី ប៉ុន្តែការខឹងសម្បារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងអំពើពុករលួយរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស UMNO នេះបានធ្វើឱ្យគណបក្សនេះទទួលរងបរាជ័យយ៉ាងធ្ងន់នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨។
គណបក្សនេះបានវិលត្រឡប់មកវិញនៅឆ្នាំ ២០២០ ក្នុងលក្ខណៈជាផ្នែកមួយនៃរដ្ឋាភិបាលថ្មី ប៉ុន្តែទំនាក់ទំនងរបស់គណបក្សនេះជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្លាក់ចុះ ហើយគណបក្សនេះកំពុងស្វះស្វែងដើម្បីបានកាន់កាប់អំណាចសារជាថ្មី។
នៅពេលបច្ចុប្បន្ននេះ អ្វីដែលអំណោយផលសម្រាប់គណបក្សនេះគឺថា គណបក្សប្រឆាំងកំពុងប្រេះស្រាំ ហើយអ្នកបោះឆ្នោតកំពុងឆ្អែតឆ្អន់ជាមួយនឹងភាពចលាចលនយោបាយ អតិផរណាកើនឡើង និងសេដ្ឋកិច្ចធ្លាក់ចុះ។
ទោះជាយ៉ាងណាក៏ដោយ គណបក្ស UMNO កំពុងប្រឈមនឹងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់របស់ខ្លួនត្រូវបានចោទប្រកាន់ពីបទពុករលួយ។ គណបក្សនេះបានបរាជ័យនៅក្នុងការលះបង់ចោលនូវវប្បធម៌បក្ខពួកនិយមនិងវប្បធម៌កេងចំណេញ ហើយជម្លោះផ្ទៃក្នុងគណបក្សក៏ជាបញ្ហាចោទផងដែរ។
ជាងនេះទៀត គេឃើញថាអាចមានការរិះគន់ពីសាធារណជនចំពោះការអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់នៅចំរដូវភ្លៀងធ្លាក់នេះ ដោយសារតែទឹកជំនន់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់អាចបង្អាក់ដល់ការចេញទៅបោះឆ្នោតរបស់ពលរដ្ឋ។
លោក Amir Fareed Rahim ប្រធានផ្នែកយុទ្ធសាស្រ្តនៃក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកកិច្ចការសាធារណៈនិងហានិភ័យនយោបាយ KRA Group បាននិយាយថា ការជំរុញឱ្យមានកំណែទម្រង់នៅក្នុងជួរគណបក្ស UMNO មានភាពយឺតយ៉ាវ បន្ទាប់ពីគណបក្សនេះបានចូលកាន់កាប់រដ្ឋាភិបាលឡើងវិញក្នុងពេល ២២ ខែក្រោយមកបន្ទាប់ពីខ្លួនបានចាញ់ការបោះឆ្នោតនៅឆ្នាំ ២០១៨។
លោក Rahim ថ្លែងដូច្នេះថា៖ «ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស UMNO ហាក់មិនមានការផ្លាស់ប្ដូរ ដែលនេះមានន័យថា សាធារណជននៅតែមានទស្សនៈអវិជ្ជមាននិងកង្វះជំនឿទុកចិត្តលើគណបក្សនេះ»។
គណបក្ស UMNO ដឹកនាំក្រុមសម្ព័ន្ធភាព Barisan Nasional ដែលបានដឹកនាំប្រទេសម៉ាឡេស៊ីចាប់តាំងពីម៉ាឡេស៊ីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសរហូតដល់ឆ្នាំ ២០១៨។
ការបោះឆ្នោតកាលពីឆ្នាំ ២០១៨ បាននាំឱ្យមានក្តីសង្ឃឹមអំពីកំណែទម្រង់ផ្សេងៗ ស្របពេលដែលមេដឹកនាំមួយចំនួននៃគណបក្ស UMNO ដែលធ្លាប់មានអំណាចខ្លាំងក្លាកាលពីលើកមុន ត្រូវបានដាក់ពន្ធនាគារឬនាំយកមកតុលាការដើម្បីកាត់ទោសពីបទពុករលួយ។
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បានក្លាយជាមេដឹកនាំម៉ាឡេស៊ីដំបូងគេបង្អស់ដែលបានជាប់ពន្ធនាគារពាក់ព័ន្ធនឹងករណីលួចថវិកាវិនិយោគទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន 1MDB របស់រដ្ឋ ដែលករណីនេះបានបណ្ដាលឱ្យគណបក្ស UMNO របស់លោកចាញ់ការបោះឆ្នោត។ ភរិយារបស់លោក Najib ក៏កំពុងប្រឈមនឹងការកាត់ទោសរបស់តុលាការដាច់ដោយឡែកមួយផងដែររឿងពុករលួយ ដែលមានស្ថានទម្ងន់ទោសជាប់ពន្ធនាគារ ១០ ឆ្នាំ។
ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលផងដែរដូចទៅនឹងការបរាជ័យរបស់គណបក្ស UMNO នេះនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨ គឺការវិលត្រឡប់ចូលមកកាន់អំណាចវិញយ៉ាងឆាប់រហ័សរបស់គណបក្សនេះកាលពីដើមឆ្នាំ ២០២០ បន្ទាប់ពីការផ្តាច់ខ្លួននានាបានធ្វើឱ្យក្រុមសម្ព័ន្ធភាពគណបក្ស Pakatan Harapan (PH) ដែលជាគណបក្សដឹកនាំប្រទេសដែលមានទស្សនៈកំណែទម្រង់និយមនៅពេលនោះបានដួលរលំ។
សម្ព័ន្ធភាពបែបមិត្តនិងសត្រូវរបស់គណបក្ស UMNO ជាមួយនឹងគណបក្សពីរផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី ដែលគណបក្សទាំងអស់នេះបានទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតដែលជាជនជាតិដើមម៉ាឡេស៊ី បានប្រឈមនឹងភាពច្របូកច្របល់ជាបន្តបន្ទាប់។
សរុបមក ប្រទេសម៉ាឡេស៊ីមាននាយករដ្ឋមន្រ្តី ៣ រូបចាប់តាំងពីឆ្នាំ ២០១៨ មក។ នៅទីបំផុត លោកនាយករដ្ឋមន្រ្តី Ismail Sabri Yaakob បានរងសម្ពាធពីគណបក្ស UMNO ហើយបានរំលាយសភាកាលពីខែមុនដើម្បីឱ្យមានការបោះឆ្នោតមុនកាលកំណត់។
លោក Ismail គឺជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីដំបូងបង្អស់ដែលមិនមែនជាមេដឹកនាំគណបក្ស UMNO ដោយករណីនេះបានបង្កើតឱ្យមានការបែងចែកជាក្រុមបក្ខពួកផ្សេងៗនៅក្នុងជួរគណបក្ស។ នេះគឺដោយសារតែប្រធានគណបក្ស UMNO លោក Ahmad Zahid Hamidi កំពុងប្រឈមនឹងការចោទប្រកាន់ពីអំពើពុករលួយរាប់សិបករណី ហើយមន្រ្តីកំពូលលំដាប់ទីពីរនៅក្នុងជួរគណបក្សគឺមិនមែនជាតំណាងរាស្រ្ត។
ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានរំឭកអ្នកបោះឆ្នោតថា លោក Zahid ដែលជំរុញឱ្យមានការបោះឆ្នោតមុនកាលកំណត់ កំពុងរំពឹងលើការឈ្នះរបស់ក្រុមសម្ព័ន្ធភាពរបស់លោកដើម្បីឱ្យលោកអាចរួចផុតពីការកាត់ទោសពាក់ព័ន្ធនឹងអំពើពុករលួយនិងបានកាន់តំណែងជានាយករដ្ឋមន្រ្តី។ លោក Zahid បានចាត់ទុកខ្លួនលោកនិងលោក Najib ថាជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
គណបក្ស UMNO នៅម៉ាឡេស៊ីស្វែងរកជ័យជម្នះនៅក្នុងការបោះឆ្នោត

លោក Ahmad Zahid Hamidi ប្រធានសម្ពន្ធភាពចម្រុះនៃគណបក្ស UMNO និងគណបក្ស Barisan National (ឆ្វេង) និងលោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះ (ស្តាំ) បក់ទង់ជាតិម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី —