គណៈកម្មាធិការពិសេសរបស់ទីភ្នាក់ងារវប្បធម៌អង្គការសហប្រជាជាតិបានលើកឡើងថា តំបន់ផ្កាថ្មប៉ប្រះទឹកដ៏ធំរបស់ប្រទេសអូស្ត្រាលីគឺ Great Barrier Reef គួរត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងត្រូវចាត់ទុកថា ជាតំបន់ប្រឈមនឹង«គ្រោះថ្នាក់»។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់អង្គការសហប្រជាជាតិ ឬ UNESCO បានផ្តល់យោបល់ថា តំបន់ផ្កាថ្មប៉ប្រះទឹកប្រវែង២.៣០០គីឡូម៉ែត្រនោះគួរត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីនៃបេតិកភណ្ឌពិភពលោក ពីព្រោះវាកំពុងរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានអូស្ត្រាលីគឺអ្នកស្រី Sussan Ley និយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលអូស្ត្រាលីប្រឆាំងការចាត់ទុកបែបនេះ និងបានចោទគណៈកម្មាធិការនេះថា «ដើរថយក្រោយទៅលើការសន្យាលើកមុនរបស់ខ្លួន» ហើយថា អូស្ត្រាលីនឹងមិនលើកយកបញ្ហានេះមកនិយាយទេ មុនពេលកិច្ចប្រជុំផ្លូវការនៅខែក្រោយ។
អ្នកស្រី Ley និយាយថា អ្នកស្រី និងអ្នកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានហៅទូរស័ព្ទទៅអគ្គនាយកអង្គការ UNESCO គឺអ្នកស្រី Audrey Azoulay អំពីការសម្រេចចិត្តនេះ ដោយអ្នកស្រី Ley ហៅការសម្រេចចិត្តនេះថា មិនត្រឹមត្រូវ និងទទួលឥទ្ធិពលពីនយោបាយ។
ប៉ុន្តែលោក Richard Leck ប្រធានផ្នែកសមុទ្រសម្រាប់មូលនិធិអង្គការធម្មជាតិពិភពលោករបស់អូស្ត្រាលី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា អនុសាសន៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនោះជាការត្រឹមត្រូវ និងច្បាស់លាស់ដែលថា រដ្ឋាភិបាលអូស្ត្រាលីមិនបានធ្វើការងារឲ្យបានគ្រប់គ្រាន់ក្នុងការការពារទ្រព្យសម្បតិ្តធម្មជាតិដ៏អស្ចារ្យមួយនេះ ជាពិសេសទៅលើបញ្ហាការប្រែប្រួលអាកាសធាតុ។
តំបន់ផ្កាថ្មប៉ប្រះទឹករបស់អូស្ត្រាលីវែងជាងគេបង្អស់ក្នុងពិភពលោក ហើយរកបានប្រាក់ចំណូលប្រមាណ៤៨០០លានដុល្លារក្នុងមួយឆ្នាំៗក្នុងវិស័យទេសចរណ៍៕