យូណេស្កូ​ទទួលស្គាល់​តំបន់​១៩​ថែម​ទៀត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

  • ​គង់ ​សុឋានរិទ្ធ

​​មន្ត្រីរដ្ឋា​ភិបាលខ្មែរ​​និង​​មន្ត្រី​គណៈកម្មាធិការ​បេតិ​កភណ្ឌ​ពិភព​លោក​ធ្វើសន្និសីទ​​អំពី​ការ​បញ្ចូល​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក។​

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​កំពុង​ដំណើរការ​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​បានអនុម័ត​រមណីយដ្ឋាន​និង​តំបន់​វប្បធម៌​ចំនួន​១១​កន្លែង​បន្ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​រមណីដ្ឋាន​និង​តំបន់​វប្បធម៌​ថ្មីៗ​កើន​ដល់​ចំនួន១៩​ត្រូវបាន​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្រោយពី​កិច្ច​ប្រជុំ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​មន្ត្រី​ផ្លូវការ​ដែល​បានប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

មាន​សំណើ​សរុប​ចំនួន៣១​មកពី​ប្រទេស​ចំនួន៣០​ដើម្បី​ដាក់​ជូន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​បាន​ពិភាក្សា​និង​ទទួលស្គាល់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ចន្លោះ​ពីថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ។ ប្រទេស​មួយ​ចំនួន​បាន​ដក​សំណើ​របស់​ខ្លួន​ទៅវិញ​និង​មួយ​ចំនួន​ទៀត​មិនត្រូវ​បាន​ទទួល​ស្គាល់​នោះ​ទេ។

លោក សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​កិច្ចប្រជុំ ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី៣៧​នៅ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​នេះ​ថា​នេះ​ជា​សមិទ្ធិផល​នៃ​កិច្ចប្រជុំ​ចុងក្រោយ។

លោកថ្លែង​ថា៖ «ជា​លទ្ធផល​គឺ​យើង​ចុះឈ្មោះ​បាន១៩។ ការចុះឈ្មោះ​ជា​បេតិកភណ្ឌ​ធម្មជាតិ​ប្រាំ​និង​ជា​បេ​តិក​ភណ្ឌ​វប្បធម៌​១៤។នេះ​ជា​លទ្ធផល​ចុងក្រោយ​ហើយ»។


សម្បត្តិ​បេតិកភណ្ឌ​ថ្មី​ទាំង១៩​នេះ​មាន​ប្រាំបី​មកពី​ប្រទេស​នៃ​តំបន់​អាស៊ី​ប៉ាស៊ីភិក ​ប្រាំពីរ​ប្រទេស​ពី​ទ្វីបអឺរ៉ុប ​ពីរ​មកពី​ទ្វីប​អាហ្វ្រិក ​មួយ​ស្ថិតនៅ​អាមេរិក​ឡាទីន​និង​តំបន់​ការ៉ាអ៊ីប​មួយទៀត​ពី​តំបន់​អារ៉ាប់។

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរ​បស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​ទីតាំង​ថ្មី​ទាំង១៩​នោះ​មាន​ឧទ្យាន​ជាតិ ​តា​ហ្ស៊ី​គី​ស្ថាន​ដែលមាន​ទំហំ​២,៥លាន​ហិកតា ​ភ្នំ​អេតណា​(Mount Etna ) ​នៅ​ប្រទេស​អ៊ីតាលី​ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៃ​តំបន់​មេឌីទែរ៉ាណេ​ រមណីយដ្ឋាន​ទំហំ​ជាង៧១ម៉ឺន​ហិកតា​នៅ​ប្រទេស​ម៉ិកស៊ិក​ឈ្មោះ​ El Pinacate ​និង ​Gran Desierto de Altar Biosphere។

រមណីយដ្ឋាន​ចំនួន​ពីរ​នៅ​ប្រទេស​ចិន​គឺ ​រមណីដ្ឋា​ន​ស្ស៊ី​ង​ចាង ទាន​ស្សាន​Xinjiang Tianshan ​និង​មណ្ឌល​ទេសភាព​វប្បធម៌​នៅ​ភាគខាងត្បូង​ខេត្ត ​យុន​ណាន ​តំបន់ Namib Sand Sea ​នៅ​ប្រទេស​ណាមីប៊ី ​តំបន់​អភិរក្ស​សត្វព្រៃ ​ភ្នំ Kenya-Lewa ​នៃ​ប្រទេស​កេ​ន​យ៉ា ​ប្រាសាទ​បុរាណ​មួយ​នៅ​ឥណ្ឌា និង​ព្រះវិហារ​សាសនា​នៅ​តំបន់​រួម​រវាង​ប្រទេស​ប៉ូឡូញ​និង​អ៊ុយក្រែន។

មួយវិញទៀត ​ឈូង​សមុទ្រ​ក្រហម ​នៅ​ប្រទេស​កាណាដា ​កំពង់ផែ​ប្រវត្តិសាស្ដ្រ ​នៅ​ប្រទេស​ហ្វ៊ី​ជី រមណីដ្ឋាន​វប្បធម៌​នៅ​អាល្លឺម៉ង់ ​ភ្នំ Fujisan ​នៅ​ប្រទេស​ជប៉ុន ​ជាដើម​ក៏ត្រូវ​ចាត់បញ្ចូល​ជា​ទីតាំង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ។

លោក​គីសរ រ៉ាវ (Kishore Rao) ​នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ​មាន​ប្រសាសន៍​ថា​ ការធានា​ដល់​ការថែ​អភិរក្ស​នៃ​សម្បត្តិ​បេតិកភណ្ឌ​ដែល​មាន​ចំនួន​កើនឡើង​នេះ​គឺជា​ការទទួល​ខុសត្រូវ​របស់​ប្រទេស​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​ដែល​បានដាក់​សំណើ​មក​កាន់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។

គណៈកម្មការធិការ​នេះ​នឹង​បន្ត​កិច្ចប្រជុំ​រយៈពេល​១២ថ្ងៃ​របស់ខ្លួន​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​មិថុនា​ ដែល​ជា​ថ្ងៃ​ត្រូវ​បិទ​បញ្ចប់​នៅក្នុង​ខេត្តសៀមរាប៕