របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNDP) បានឲ្យដឹងថា ការបណ្តាក់ទុនពីរដ្ឋាភិបាលនិងវិស័យឯកជនលើដំណាំដំឡូងមីក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ អាចនឹងជួយលើកស្ទួយសន្ទុះសេដ្ឋកិច្ចកម្ពុជា ជាទឹកប្រាក់ប្រមាណ ៩៤០លានដុល្លារអាមេរិក ដែលជាលទ្ធផលអាចនឹងបង្កើតឱកាសការងារ និងជួយកាត់បន្ថយកម្រិតភាពក្រីក្រនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNDP ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ។
លោក Nick Beresford នាយកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ UNDP ប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍នេះថា៖ «[...] ផលចំណេញខាងផ្នែកសេដ្ឋកិច្ចនិងសង្គម រួមមានកម្រិតនៃឱកាសបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ នឹងកើនឡើងគួរឲ្យកត់សម្គាល់ សម្រាប់ការបណ្តាក់ទុនលើដំឡូងមី»។
ដំឡូងមី គឺជាប្រភេទដំណាំកសិកម្មដ៏ពេញនិយមមួយនៅកម្ពុជា ដោយគេឃើញកសិករនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកំពុងដាំដំណាំនេះ។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដំឡូងមីនៅកម្ពុជាបានធ្លាក់ចុះប្រមាណ ៣០ភាគរយ ពី៧០០រៀលក្នុងមួយគីឡូក្រាម នៅឆ្នាំ២០១៤ មកសល់ត្រឹម ៤៥០រៀលក្នុងមួយគីឡូ នៅឆ្នាំ២០១៧ ស្របពេលតម្លៃផលិតផលក្នុងពិភពលោកសម្រាប់ដំណាំដំឡូងមីបានធ្លាក់ចុះ និងបញ្ហាប្រឈមនៃមេរោគឆ្លងលើដំណាំនេះ។
យ៉ាងណាមិញ របាយការណ៍របស់ UNDP ដែលមានចំណងជើងថា “Making the Case For Investment in Cassava” បានកត់សម្គាល់ថា ដើម្បីទាញយកប្រយោជន៍ពីវិស័យដាំដំឡូងមីនេះ រដ្ឋាភិបាលកម្ពុជាគួរសហការឲ្យបានដិតដល់ជាមួយវិស័យឯកជន ក្នុងការបង្កើតធនធាននានា ដើម្បីគាំទ្រសកម្មភាពដាំដុះ កែច្នៃ និងសកម្មភាពទីផ្សារ ជាពិសេសការបង្កើតឲ្យមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការបង្កើតឲ្យមានឧស្សាហកម្មកែច្នៃដំឡូងមីឲ្យកាន់តែមានប្រសិទ្ធភាព។
របាយការណ៍ UNDP មួយនេះក៏បញ្ជាក់ថា ផលចំណេញដែលអាចនឹងទទួលបានពីបណ្តាក់ទុនលើដំឡូងមីក្នុងទឹកប្រាក់ ២៩៤លានដុល្លារពីសំណាក់រដ្ឋាភិបាលកម្ពុជា អាចនាំមុខលើការបណ្តាក់ទុនលើវិស័យចិញ្ចឹមសត្វ អាហារ និងវិស័យទេសចរណ៍ជាដើម។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍របស់ UNDP បានបង្ហាញសុទិដ្ឋនិយមលើដំណាំដំឡុងមីនេះ។ លោកត្រូវបានដកស្រង់ពាក្យសម្តីនៅក្នុងសេចក្តីប្រកាសរបស់កម្មវិធី UNDP ថា៖
«ដំឡូងមីផ្តល់ជាមធ្យោបាយមួយក្នុងការពង្រីកកំណើនសេដ្ឋកិច្ច ដែលដើរស្របនឹងទស្សនវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីក្លាយជាប្រទេសដែលនាំចេញនិងផ្គត់ផ្គង់ដំឡូងមីដ៏គួរឲ្យទុកចិត្តបំផុតនៅក្នុងពិភពលោក»។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជានឹងប្តេជ្ញាខិតខំជំរុញឲ្យមានការយកចិត្តទុកដាក់ជាអាទិភាពលើវិស័យដាំដំណាំដំឡូងមី ឲ្យដូចគ្នានឹងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើវិស័យផ្សេងៗទៀត ដូចជាវិស័យដំណាំស្រូវជាដើម៕