សារ«មិនទាន់សម្រេចចិត្ត»របស់អ្នកបោះឆ្នោតនៅរដ្ឋ Michigan បញ្ជូនសារដល់លោក Biden ពីបញ្ហាហ្កាហ្សា

ក្រុមអ្នកគាំទ្រយុទ្ធនាការ«មិនទាន់សម្រេចចិត្ត»ដើរហែក្បួន​ដើម្បីគាំទ្រ​ពលរដ្ឋប៉ាឡេស្ទីន​នៅតំបន់ហ្កាហ្សា នៅទីក្រុង Hamtramck នៃរដ្ឋ Michigan កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ស្របពេល​ក្រុម​អ្នក​ចរចា​ជំរុញ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​លើ​បទឈប់បាញ់គ្នាបណ្ដោះ​អាសន្ន​ដែល​នឹង​ផ្អាក​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា (Gaza) មុន​ពេល​ខែ​តម​អាហារ​រ៉ាម៉ាឌន (Ramadan) ដែល​ជា​ខែ​ដ៏​ពិសិដ្ឋ​របស់​អ្នក​កាន់​សាសនា​អ៊ិស្លាម​ចូល​មក​ដល់​នៅ​ខែ​មីនា​ខាងមុខ អ្នកបោះឆ្នោត​នៅរដ្ឋ Michigan សហរដ្ឋ​អាមេរិក បាន​បញ្ចេញ​កំហឹង​លើ​ការ​គាំទ្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden លើ​យុទ្ធនាការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល ​ដែល​បាន​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ជិត ៣០.០០០ នាក់។

គិត​ត្រឹមថ្ងៃ​ពុធ​នេះ លទ្ធផល​បាន​បង្ហាញ​ថា អ្នក​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន ១៣% នៅ​ក្នុង​រដ្ឋ Michigan ដែល​ជា​រដ្ឋ​មាន​ការ​ប្រជែង​ខ្លាំងក្លា​និង​ជា​រដ្ឋ​ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អារ៉ាប់​ជាច្រើន មិន​បាន​បោះឆ្នោត​ឱ្យ​បេក្ខជន​ណា​ទាំងអស់ ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ស្ដាប់​រដ្ឋ Michigan (Listen to Michigan)» ដើម្បី​ដាក់​សម្ពាធ​លើ​លោក Biden ឱ្យ​គាំទ្រ​បទឈប់បាញ់​អចិន្ត្រៃយ៍​មួយ​នៅ​តំបន់​ហ្កាហ្សា។

កាលពី​ថ្ងៃ​ចន្ទ លោក Biden បាន​និយាយ​ថា លោក​សង្ឃឹម​ថា​នៅ​ត្រឹម​ថ្ងៃ​ទី ៤ ខែ​មីនា​ខាងមុខ ​នឹង​មាន​កិច្ច​ព្រមព្រៀង​មួយ​លើ​បទឈប់បាញ់​បណ្ដោះអាសន្ន​នៅ​តំបន់​ហ្កាហ្សា និង​មាន​ការ​ដោះលែង​ជនជាតិ​ប៉ាឡេស្ទីន​ដែល​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​របស់​អ៊ីស្រាអែល​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ដែល​ក្រុម​ហាម៉ាស់ (Hamas) បាន​ចាប់​ឃុំ។

នៅ​ក្នុង​ការ​លើកឡើង​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​កម្មវិធី «Late Night with Seth Meyers» របស់​ទូរទស្សន៍ NBC លោក Biden បាន​បង្ហាញ​ថា អ៊ីស្រាអែល​បាន​យល់ព្រម​ផ្អាក​ការ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​សម្រាប់​ខែ​តម​អាហារ​រ៉ាម៉ាឌន ដែល​ត្រូវគេ​រំពឹង​ថា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ១០ ខែ​មីនា​ខាងមុខ។

ដំណោះស្រាយ​ចំពោះ​រឿង​នេះ​គឺ​សំខាន់​សម្រាប់​លោក Biden នៅ​ក្នុង​ការ​បន្ធូរបន្ថយ​កំហឹង​របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​រន្ធត់​ដោយ​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ ប៉ុន្តែ កាលពី​ថ្ងៃ​អង្គារ អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ ក៏ដូចជា​អ្នក​សម្របសម្រួល​មកពី​ប្រទេស​កាតា​ផងដែរ បាន​បង្ហាញ​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​សុទិដ្ឋិនិយម​របស់​លោក Biden នេះ។​

អ៊ីស្រាអែល ក្រុម​ហាម៉ាស់ និង​ក្រុម​អ្នក​សម្របសម្រួល​មកពី​ប្រទេស​កាតា ​បាន​និយាយ​បន្ថយចំពោះ​ការ​លើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​ថា​កិច្ច​ព្រមព្រៀង​ថ្មី​អំពី​បទឈប់បាញ់​គ្នា​និង​ការ​ដោះលែង​ចំណាប់ខ្មាំង​នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នេះ​អាច​នឹង​សម្រេច​បាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។​

ប្រទេស​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​វាយប្រហារ​តាម​អាកាស​សំដៅ​លើ​ទីតាំង​សព្វាវុធ​របស់​ក្រុម​ហេសបូឡា (Hezbollah) នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​លីបង់ និង​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​រ៉ុក្កែត​ជាច្រើន​គ្រាប់​ដែល​បាញ់​ចេញ​ពី​លីបង់​សំដៅ​មក​អ៊ីស្រាអែល។

យោធា​អ៊ីស្រាអែល​ក៏​បាន​រាយការណ៍​ផងដែរ​អំពី​ការ​វាយប្រហារ​តាម​អាកាស​ថ្មីៗ​លើ​តំបន់​ទីក្រុង Khan Younis នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា ក៏​ដូចជា​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវគោក​នៅ​ក្នុង​តំបន់​នោះ​និង​នៅ​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា​ផងដែរ។

ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​យ៉ាង​តិច ៧៦ នាក់​បន្ថែម​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​របស់​អ៊ីស្រាអែល។ មនុស្ស​យ៉ាងតិច ២៩.៩៥៤ នាក់​ត្រូវបាន​សម្លាប់ និង ៧០.៣២៥ នាក់​បាន​រង​របួស​តាំងពី​សង្គ្រាម​នេះ​បាន​ចាប់ផ្ដើម​កាលពី​ខែ​តុលា​ឆ្នាំ​មុន​មក៕

អ្នកស្រី Dora Mekouar និង​អ្នកស្រី Valdya Baraputri នៃ VOA រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។