ចូរអ្នកស្រមៃមើលថា អ្នកអាចយកអេក្រង់ទូរស័ព្ទមកស្កែនលើត្រីដាក់លក់នៅផ្សារទំនើបមួយ ហើយភា្លមៗនោះអ្នកនឹងឃើញកំណត់ត្រាអំពីខ្សែសង្វាក់ផ្គត់ផ្គង់ទាំងស្រុងនៃត្រីទាំងនោះ។
ចាប់ពីបច្ចេកទេសប្រើប្រាស់ដោយអ្នកនេសាទ ដែលបានចាប់ត្រីទាំងនោះនៅប្រទេសឥណ្ឌូណេស៊ី រហូតដល់ពេលដែលត្រីនោះត្រូវបានដឹកជញ្ជូនចេញ និងរបៀបធ្វើត្រីនោះក្នុងរោងចក្រមួយនៅប្រទេសរបស់អ្នក (គឺថា) អ្វីៗទាំងអស់នេះមាននៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់អ្នក។
គម្រោងសាកល្បងបច្ចេកវិទ្យាដូចខាងលើនេះ គឺជាការពិនិត្យពិច្ច័យទៅលើសក្តានុពលរបស់បច្ចេកវិទ្យា Blockchain ដើម្បីលើកកម្ពស់តម្លាភាពនៅក្នុងវិស័យនានា ដែលមិនមានប្រសិទ្ធភាព ឬដែលលាក់បាំង នៅតំបន់អាស៊ីអាគ្នេយ៍។
បច្ចេកវិទ្យា Blockchain ដែលជាបច្ចេកវិទ្យាបង្កើតឡើងដំបូងដើម្បីដោះដូរ និងបញ្ជាក់ភាពពិតប្រាកដរបស់រូបិយប័ណ្ណឌីជីថល Bitcoin ជាមូលដ្ឋាន គឺការធ្វើបញ្ជីគណនេយ្យមួយ ដែលមានទម្រង់ជាប្រព័ន្ធសំណុំកុំព្យូទ័រ មិនអាចកែប្រែបាន។
ខ្សែស្រឡាយបណ្តុំព័ត៌មាន ប្រទាក់ក្រឡាគ្នា នៅក្នុងសំណុំកុំព្យូទ័រ អនុញ្ញាតឲ្យមានការត្រួតពិនិត្យបញ្ជីទិន្នន័យនៃកុំព្យូទ័រ ដោយអ្នកប្រើប្រាស់ពីម្នាក់ទៅម្នាក់។ បច្ចេកវិទ្យា Blockchain អាចប្រើដើម្បីបញ្ជាក់លម្អិតការធ្វើបញ្ជីគណនេយ្យនៅគ្រប់ទម្រង់ណាមួយ ដែលមានលើសពីរូបិយប័ណ្ណឌីជីថលទៅទៀត។
អ្នកស្រី Alisa Dicaprio ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន R3 ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រផ្នែកប្រត្តិបត្តិការហិរញ្ញវត្ថុសម្រាប់សាជីវកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាចែកចាយបញ្ជីគណនេយ្យជាសាធារណៈតាមបណ្តាញកុំព្យូទ័រនេះ បាននិយាយថា៖
«បច្ចេកវិទ្យានេះលុបចោលនូវតម្រូវការ ដែលទាមទារឲ្យមានអាជ្ញាធរកណ្តាល ដែលនៅក្នុងបរិបទនេះ ជារដ្ឋាភិបាល»។
នៅក្នុងតំបន់ ដែលកំណត់ត្រាសំខាន់ៗ ដូចជាជា ឯកសារបញ្ជាក់អត្តសញ្ញាណ និងកម្មសិទ្ធិ ត្រូវបានភាគីខាងក្រៅពិនិត្យមើលតិចតួច ឬមិនពិនិត្យមើលទាល់តែសោះ បច្ចេកវិទ្យា Blockchain ផ្តល់ជាអត្ថប្រយោជន៍ជាច្រើន។
អ្នកស្រី Erin Murphy ស្ថាបនិក និងនាយកក្រុមហ៊ុន Inle Advisory Group ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់អាជីវកម្ម ដែលផ្តោតទៅលើប្រទេសមីយ៉ាន់ម៉ា និងទីផ្សារទើបចាប់ផ្តើមរីកដុះដាល បាននិយាយថា តំបន់ជំនួញធំៗនៅអាស៊ីកំពុងតែពិនិត្យមើលទៅលើបច្ចេកវិទ្យា Blockchain ដើម្បីជម្រះករណីកេងបន្លំ និងសម្រួលប្រតិបត្តិការនានា។
អ្នកស្រីបានសរសេរនៅក្នុងសារអេឡិចត្រូនិចមួយថា៖
«អ្វីដែលប្រសើរបំផុតនោះ គឺយើងចង់ប្រើប្រាស់បច្ចេកវិទ្យា Blockchain ជាផ្លូវការក្នុងតំបន់។ ប៉ុន្តែប្រហែលមិនមែនជាការគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលរដ្ឋាភិបាលកំពុងដឹកនាំការប្រើប្រាស់បច្ចេកវិទ្យា Blockchain ភាគច្រើនជា រដ្ឋាភិបាលដែលមានអំពើពុករលួយតិចតួចរួចទៅហើយ»។
អ្នកស្រីបានបន្តថា រដ្ឋាភិបាលមួយនៅក្នុងចំណោមនោះគឺ រដ្ឋាភិបាលសិង្ហបុរី ដែលកំពុងតែធ្វើការជាមួយនឹងធនាគារធំៗនៅលើផ្នែកបច្ចេកវិទ្យា Blockchain ដើម្បីចាត់របៀប និងលើកកម្ពស់សេវាកម្មចំពោះអ្នកប្រើប្រាស់។
នៅតាមបណ្តាប្រទេសដទៃទៀត បច្ចេកវិទ្យា Blockchain ត្រូវបានប្រើសម្រាប់ហេតុផលផ្សេងទាំងស្រុង។ នៅប្រទេសហ្វីលីពីន ទីផ្សារប្រាក់បញ្ជូនត្រឡប់មកពីក្រៅ ប្រទេស មានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានវាតទីដោយក្រុមហ៊ុននានា ដែលផ្តល់សេវាកម្មថោក ដោយផ្អែកលើបច្ចេកវិទ្យា Blockchain និងរូបិយប័ណ្ណ Bitcoin ដែលអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការជួញដូរ ដោយមិនចាំបាច់មានគណនីធនាគារ។
អ្នកស្រី Murphy បាននិយាយថា៖
«រាល់ជំហាន ដែលត្រូវបានធ្វើឡើងដំបូងឡើយ ប្រហែលមិនត្រូវបានគេមើលឃើញជាយុទ្ធសាស្រ្តសម្រាប់ប្រឆាំងអំពើពុករលួយនោះទេ ហើយប្រហែលបច្ចេកវិទ្យានេះត្រូវបានយកទៅដោះស្រាយបញ្ហាពុករលួយទៅវិញ។ បច្ចេកវិទ្យា [Blockchain]ទំនងនឹងត្រូវគេមើលឃើញក្នុងបរិបទអភិវឌ្ឍន៍ ដើម្បីជំរុញការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិស័យនានាឲ្យដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគបរទេស»។
លើសពីរូបិយប័ណ្ណ
មានគម្រោងសាកល្បងបច្ចេកវិទ្យា Blockchain ជាច្រើន ដែលមានគោលដៅបម្រើការច្បាស់លាស់ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានទាំងប្រព័ន្ធផ្តល់កម្មសិទ្ធិដីធ្លី ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនៅប្រទេសស៊ុយអែត និងជប៉ុន។
កាលពីខែមិថុនា អង្គការសហប្រជាជាតិបានបង្ហាញប្រព័ន្ធមួយដោយផ្អែកទៅលើបច្ចេកវិទ្យា Blockchain ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយនឹងក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Accenture ដែលផ្តល់ឲ្យក្រុមជនភៀសខ្លួន ដែលមិនមានទីតាំងស្នាក់អាស្រ័យជាក់លាក់ នូវអត្តសញ្ញាណអចិន្រ្តៃយ៍មួយ ដោយផ្អែកលើទិន្នន័យផ្នែកជីវសាស្រ្ត។
នៅតាមប្រព័ន្ធអ៊ីនធឺណិត អ្នកអាចឃើញលទ្ធផលនៃការសាកល្បង ដែលត្រូវបានបញ្ចេញកាលពីខែឧសភា ដែលបានតាមដានខ្សែសង្វាក់ផលិតកម្មសំលៀកបំពាក់ពីអ្នករចនាម៉ូដ អ្នកស្រី Martine Jarlgaard នៃក្រុមហ៊ុន Alpaca Mirror Jumper មានមូលដ្ឋាននៅក្រុងឡុងដ៍ ពីកសិដ្ឋានមួយនៅក្រុង Dulverton ចក្រភពអង់គ្លេស តាមគ្រប់ជំហាននៃខ្សែសង្វាក់ផលិតកម្មបន្តបន្ទាប់រហូតដល់ក្រុងឡុងដ៍ ដែលរួមមាន ទីតាំង សមាសធាតុ និងតែមបញ្ជាក់ពេលវេលា។
អ្នកស្រី DiCaprio នៃក្រុមហ៊ុន R3 បាននិយាយថា នៅត្រូវការពេលវេលាយូរ ដើម្បីអាចសម្រេចឲ្យបាននូវការដាក់បញ្ចូលបច្ចេកវិទ្យា ដែលទើបនឹងបង្កើតឡើងថ្មី ទៅក្នុងវិស័យមួយ ដែលមានភាពស្មុគស្មាញ។
អ្នកស្រីបាននិយាយថា៖
«សមត្ថភាពបច្ចេកវិទ្យានៅក្នុងការសម្រេចឲ្យបានដំណើរការបច្ចេកវិទ្យា Blockchain គឺមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន។ ប្រទេសទាំងនោះមានវិស្វករ ដែលអាចសរសេរកូដលើបច្ចេកវិទ្យា Blockchain បាន។ ប៉ុន្តែការយល់ដឹងពីរបៀបនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងបរិបទធុរកិច្ច គឺនៅមានកម្រិតនៅឡើយ។
អ្នកស្រី DiCaprio ប៉ាន់ស្មានថា គេត្រូវប្រើពេលប្រហែលប្រាំឆ្នាំ មុនពេលយើងអាចឃើញការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងទម្រង់ធំ ហើយអ្នកស្រីជឿថា ឥទ្ធិពលខ្លាំងក្លាជាងគេនឹងកើតមានឡើងនៅកម្រិតម៉ាក្រូសេដ្ឋកិច្ច។
អ្នកស្រីបានលើកឡើងថា៖
«ជាឧទាហរណ៍ វិស័យមួយ ដែលកំពុងតែវិវត្តទៅមុខយ៉ាងលឿននោះ គឺវិស័យជំនួញហិរញ្ញវត្ថុ។ ហើយក្នុងវិស័យជំនួញហិរញ្ញវត្ថុ ជាទូទៅអ្នកនិយាយពីក្រុមហ៊ុនធំៗ នៅអាស៊ី ដែលភាគច្រើនធ្វើការនាំចេញ ឬនាំចូល ពីសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប»។
អ្នកស្រីបានបន្ថែមថា ប្រតិបត្តិការជួញដូរហិរញ្ញវត្ថុលឿនជាងមុន ថោកជាងមុន និងប្រកបដោយតម្លាភាពជាងមុន គួបផ្សំជាមួយនឹងការកាត់បន្ថយហានិភ័យនៃការឲ្យកម្ចី និងសុំកម្ចី នឹងមានទៅដល់កម្រិតភូមិឃុំ។
ឯករាជ្យភាពពីអាជ្ញាធរកណ្តាល
សហគមន៍អ្នកគាំទ្របច្ចេកវិទ្យា Blockchain មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងទៅលើតម្លៃបែងចែក។
មនុស្សមួយចំនួនយល់ឃើញថា បច្ចេកវិទ្យា Blockchain ដែលមានពាក្យស្លោកថា «ជាធនាគារដោយខ្លួនឯង» ជាបច្ចេកវិទ្យាមួយ ជាមូលដ្ឋានអាចពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅលើពិភពលោក ដែលពួកគេជឿថា បច្ចុប្បន្នប្រកបដោយអំពើពុករលួយ។
អ្នកជំនួញរូបិយប័ណ្ណឌីជីថល Bitcoin ម្នាក់ ដែលមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍ និងដែលផ្តល់តែឈ្មោះក្រៅរបស់លោកថា FlippingABitCoin ដោយព្រួយបារម្ភថា ខ្លួនអាចប្រឈមនឹងការលួចប្លន់ បាននិយាយថា៖
«មានឱកាសយ៉ាងធំសម្រាប់ពួកយើងនៅទីនេះ ក្នុងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដោយមិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល»។
នាពេលបច្ចុប្បន្ន មនុស្សរាប់ពាន់លាននាក់ ដែលត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធធនាគារផ្លូវការ នឹងមានលទ្ធភាពប្រើប្រាស់លុយសិប្បនិមិត្ត ដែលមានទូទាំងពិភពលោក ដោយមិនចាំបាច់មានឈ្មូញកណ្តាល និងដោយមិនប្រើប្រាស់អ្វីផ្សេងក្រៅពីទូរស័ព្ទដៃ។
លោកបាននិយាយថា៖ «បច្ចេកវិទ្យានេះនឹងធ្វើឲ្យការប្រកួតប្រជែងស្មើភាពជាងមុន»។
ក្រុមអ្នកគាំទ្រមួយក្រុមទៀត បានជំរុញឲ្យបណ្តាប្រទេសនានាប្រើប្រាស់នូវបច្ចេកវិទ្យា Blockchain ដូចដែលប្រទេសកាណាដា សិង្ហបុរី ចិន និងអាល្លឺម៉ង់ធ្លាប់បានធ្វើ ដែលប្រទេសទាំងនេះអាចកំពុងតែស្វែងយល់ ឬធ្វើការសាកល្បងផ្ទាល់ទៅលើរូបិយប័ណ្ណឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain។
លោក Michael Hsieh ដែលជាសមាជិកមិនមែនអចិន្រ្តៃយ៍នៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅសាកលវិទ្យាល័យ Stanford បានសរសេរនៅក្នុងសារអាឡិចត្រូនិចមួយថា៖
«នៅក្នុងរយៈពេលវែង យើងជឿថា ប្រសិនបើមានការគំរាមកំហែងណាមួយទៅលើរដ្ឋាភិបាលនានា នោះគឺ ការប្រើប្រាស់បច្ចេកវិទ្យា Blockchain នៅក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលបង្កឲ្យមាន អំពើពុករលួយថយចុះ តម្លាភាព និងសន្តិសុខខ្ពស់ ដែលនឹងនាំឲ្យមាន ជំនឿទុកចិត្តលើផ្នែកជំនួញ ការវិនិយោគ និងទៅលើម្ចាស់ភាគហ៊ុន»។
លោកបានបន្តថា៖
«ប្រទេសណា ដែលនឹងនាំមុខគេនៅក្នុងការប្រកួតប្រជែងផ្នែកច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុនៅសតវត្សរ៍ទី២១នេះ នឹងកេងចំណេញពីមូលធន និងផលិតភាពពីប្រទេសណា ដែលយឺតយ៉ាវ»៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា