អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកបានសម្តែងការព្រួយបារម្ភខ្លាំងក្លា ចំពោះស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដែលយោធាបានដណ្ដើមការកាន់កាប់អំណាចពីរដ្ឋាភិបាលរបស់អ្នកស្រី Aung San Suu Kyi និងបានអំពាវនាវឲ្យដោះលែងមេដឹកនាំនយោបាយនានាដែលត្រូវបានចាប់ឃុំខ្លួន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្ដែង« ការព្រួយបារម្ភខ្លាំងក្លាចំពោះការប្រកាសការផ្ទេរការគ្រប់គ្រងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការទៅឲ្យយោធា»។ ដំណើរវិវត្តន៍នេះបង្ហាញពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនូវកំណែទម្រង់ប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានថ្លែងថា សហរដ្ឋអាមេរិក «ឈរជាមួយនឹងពលរដ្ឋ» មីយ៉ាន់ម៉ា ចំពោះសេចក្ដីប្រាថ្នារបស់ពួកគេ ដែលចង់បានលទ្ធិប្រជាធិបតេយ្យ សេរីភាព សន្ដិភាព និងការអភិវឌ្ឍ»។ លោកក៏បានស្នើឲ្យយោធាកែប្រែសកម្មភាពនេះជាបន្ទាន់ផងដែរ។
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានសម្តែងនូវក្តីកង្វល់ជាខ្លាំងពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវឲ្យមានការដោះលែងមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi។
ចំណែកប្រទេសម៉ាឡេស៊ីវិញ ក៏បានអំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ាដោះស្រាយបញ្ហាបោះឆ្នោតនៅក្នុងប្រទេសនេះដោយសន្តិវិធី តាមរយៈយន្តការផ្លូវច្បាប់និងការពិភាក្សាគ្នាផងដែរ។
មន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានថ្កោលទោសសកម្មភាពរបស់កងកម្លាំងយោធាមីយ៉ាន់ម៉ា ដែលបានចាប់ឃុំមេដឹកនាំស៊ីវិលថា ជាអំពើរដ្ឋប្រហារនិងបានអំពាវនាវឲ្យមានការស្តាររដ្ឋាភិបាលឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទម្សិលមិញ មន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបលោក Josep Borrell បានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint និងទីប្រឹក្សារដ្ឋអ្នកស្រី Aung San Suu Kyi។
ប្រធានគណៈកម្មការសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel បានចូលរួមជាមួយមេដឹកនាំនៃប្រទេសដទៃទៀតរិះគន់ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីទូរទស្សន៍កងទ័ពផ្សាយឲ្យដឹងថា ក្រុមយោធារបស់ប្រទេសនេះកំពុងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា រយៈពេលមួយឆ្នាំទៅមុខទៀត។
ប្រទេសអង់គ្លេសក៏បានធ្វើការថ្កោលទោសទៅលើសកម្មភាពរបស់កងយោធាមីយ៉ាន់ម៉ាផងដែរ និងបានអំពាវនាវឲ្យមានការដោះលែងចំពោះអ្នកដែលត្រូវបានចាប់ឃុំខ្លួនទាំងអស់នោះ។
ដោយឡែកប្រទេសចិនវិញបានឲ្យដឹងថា ខ្លួនកំពុងតែប្រមូលព័ត៌មាននៅឡើយជុំវិញព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃចន្ទ ក្នុងប្រទេសមីយ៉ាន់ម៉ានេះ។
ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានបណ្តាក់ទុនវិនិយោគរាប់ពាន់លានដុល្លារលើវិស័យរ៉ែហេដ្ឋារចនាសម្ព័ន្ធ និងបំពង់ឧស្ម័ននៅក្នុងប្រទេសនេះ។
ប្រទេសមួយចំនួនទៀតដូចជាអូស្ត្រាលី ឥណ្ឌា និងសិង្ហបុរី កាលពីមុននេះ ក៏បានថ្កោលទោសចំពោះស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃចន្ទថា យោធាបានត្រួតត្រាប្រទេសមីយ៉ាន់ម៉ានៅក្រោមស្ថានភាពអាសន្ន ដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោតមិនបានចាត់វិធានការ ទាក់ទិននឹងការអះអាងរបស់យោធាដែលថា ការបោះឆ្នោតថ្នាក់ជាតិកាលពីខែវិច្ឆិកាឆ្នាំមុនមានការលួចបន្លំ។
ការប្រកាសនេះបានធ្វើឡើងក្នុងពេលប៉ុន្មានម៉ោង បន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi និងមន្ត្រីគណបក្សកាន់អំណាចផ្សេងទៀត ត្រូវបានឃុំខ្លួន។ ការឃុំខ្លួនទាំងនេះកើតឡើងនៅចំថ្ងៃដែលរដ្ឋសភាថ្មីត្រៀមបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន៕