នៅក្នុងអត្ថាធិប្បាយសង្ខេបខ្លីចុងក្រោយរបស់លោក Martin Kobler កាលពីសប្តាហ៍មុននៅមុខក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ លោកបាននិយាយថា ភាពតានតឹងនយោបាយកំពុងតែកើនឡើងមុនការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា ដែលត្រូវបានកំណត់ធ្វើនៅខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
លោកបានព្រមានថា ការរំលោភបំពានសិទ្ធិមនុស្សកំពុងកើនឡើង ដោយមានជាង ២.២០០ករណីត្រូវបានកត់ត្រាទុកនៅក្នុងឆ្នាំនេះ ដែលបង្កការប៉ះពាល់ដល់មនុស្សជាង៥.០០០នាក់។ លោកនិយាយថា ភ្នាក់ងាររបស់រដ្ឋបានប្រពឹត្តពាក់កណ្តាលនៃករណីរំលោភបំពានទាំងនោះ។
លោកបាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភពីការកើនឡើងតួលេខនៃការរំលោភបំពានសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ជាពិសេសការរំលោភបំពានសិទ្ធិប្រមូលផ្តុំដោយសន្តិភាព។ ការកាត់បន្ថយសេរីភាពនយោបាយនៅមុនការបោះឆ្នោតនឹងបង្កការប៉ះពាល់ដល់ភាពជឿទុកចិត្តទៅលើដំណើរការបោះឆ្នោត»។
លោក Kobler ទទួលបន្ទុកត្រួតពិនិត្យលើកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.បចំនួន២២.០០០នាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចាប់តាំងពីខែសីហា ឆ្នាំ២០១៣មក។ នៅក្នុងអាណត្តិនៃការកាន់តំណែងរបស់លោក ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ គេឃើញមានការងើបឡើង និងការបរាជ័យទៅវិញរបស់ក្រុមឧទ្ទាម M23 នៅភាគខាងកើតនៃប្រទេស ក៏ដូចជាការគំរាមកំហែងដែលចេះតែកើតមានជាបន្តបន្ទាប់ពីក្រុមឧទ្ទាម Hutu នៃប្រទេសរវ៉ាន់ដា (FDLR) និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធអ៊ូហ្គង់ដា (ADF)។
អ្នកការទូតសញ្ជាតិអាល្លឺម៉ង់រូបនេះនិយាយថា លោកនឹងចាកចេញពីបេសកកម្មរបស់លោកដោយការពេញចិត្ត ប៉ុន្តែលោកបារម្ភថា ការរីកចម្រើនដ៏ផុយស្រួយនេះអាចនឹងថមថយទៅវិញ។
លោកបានជំរុញរដ្ឋាភិបាលឲ្យធ្វើការជាមួយនឹងអ.ស.បទៅលើយុទ្ធសាស្រ្តចាកចេញសន្សឹមៗសម្រាប់បេសកកម្មរក្សាសន្តិភាព ដោយនិយាយថា៖ «យើងមិនអាច និងមិនត្រូវចាកចេញយ៉ាងកម្រោលឡើយ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ