អ.ស.ប.​បាន​សុំ​ឱ្យ​មាន​គោល​នយោបាយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស​ នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​

  • Lisa Schlein

រូបឯកសារ៖ លោកស្រី​ Michelle Bachelet​ អគ្គ​ស្នងការ​អ.ស.ប.​ខាង​សិទ្ធិ​មនុស្ស​ថ្លែងអំឡុងពេលកិច្ចប្រជុំមួយនៅទីស្នាក់ការអ.ស.បនៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

គ្មាន​ប្រទេស​ណា​មួយ​គេច​ផុត​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ទេ។​ ក៏​ប៉ុន្តែ​ដូច​ជា​ក្នុង​ករណី​នៃ​ជំងឺ​ឯ​ទៀតៗ​ដែរ​មន្ត្រី​អ.ស.ប.​និយាយ​ថា​ ពួក​អ្នក​ក្រីក្រ​បំផុត​និង​ពួក​អ្នក​អាច​រង​គ្រោះ​ដោយ​ងាយ​និង​ពួកជន​ត្រូវចាត់​ទុក​ថា​ គ្មាន​សារៈសំ​ខាន់​ក្នុង​សង្គម​គឺ​ជា​ ក្រុម​ជន​រង​គ្រោះ​បំផុត​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩។​

លោកស្រី​ Michelle Bachelet​ អគ្គ​ស្នងការ​អ.ស.ប.​ខាង​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋ​ខ្លះ​បាន​ឆ្លើយ​តប​នឹង​វិបត្តិ​នេះ​ដោយ​អនុវត្ត​គោល​នយោបាយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស។​ លោកស្រី​បាន​និយាយ​ដែរ​ថា​ ​រដ្ឋ​ដែល​បាន​អនុវត្ត​គោល​នយោបាយ​នានា​ដូចជា​ការ​មាន​ការ​ថែទាំ​សុខភាព​សម្រាប់​ពួក​ជន​ដែល​គ្មាន​ប្រាក់​បង់​ការ​ថែទាំ​សុខភាព​និង​ការ​ផ្តល់​ប្រាក់​ជំនួយ​ ម្ហូប​អាហារ​គ្រា​មាន​អាសន្ន​ និង​ជំនួយ​ចាំ​បាច់​ឯ​ទៀតៗ​ដល់​ក្រុម​ជន​បាត់​បង់​ការងារ​ជាដើម​នោះ​អាច​ដោះស្រាយ​វិបត្តិ​សុខភាព​នេះ​ល្អ​ជាង​រដ្ឋ​ដែល​មិន​អនុវត្ត​គោល​នយោបាយ​ទាំង​នេះ។​

ម្យ៉ាង​វិញ​ទៀត​លោកស្រី​អគ្គ​ស្នងការ​បាន​ព្រមាន​ថា​ ប្រទេស​ជាតិ​ដែល​មិន​អើ​ពើ​ដល់​សេចក្តី​ត្រូវការ​របស់​ក្រុម​ពលរដ្ឋ​ខ្សោយ​បំផុត​ក្នុង​សង្គម​នឹង​ប្រឈម​នឹង​អនាគត​អាប់​អ៊ួរ។​

លោកស្រី​ Michelle Bachelet​ បាន​មាន​ប្រសាសន៍​ថា៖​

«នៅ​ពេល​សព្វថ្ងៃ​នេះ ​ រដ្ឋ​ខ្លះ​បាន​បង្ហាញ​ការ​មិន​ទុក​ចិត្ត​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋខ្លួន​ដោយ​សង្កត់​សង្កិន​ការ​រិះគន់​កំហិត​សេរីភាព​នៃ​ការ​ទទួល​ព័ត៌មាន​និង​បង្ក្រាប​សកម្ម​ភាព​របស់​ពលរដ្ឋ។​ អំពើ​ទាំង​នេះ​និង​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ឯ​ទៀតៗ​បាន​ធ្វើ​ឱ្យ​អន្តរាយ​សុខាភិបាល​សាធារណៈ​សិទ្ធិ​មនុស្ស​និង​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​រើប​ឡើង​វិញ​ដោយ​មាន​ភាព​ខ្លាំង​ក្លា​និង​ប្រកប​ដោយ​ចីរភាព»។​

វិធាន​ការ​បិទ​ប្រទេស​ដែល​មាន​គោល​ដៅ​បន្ថយ​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​សែន​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ជាច្រើន។​វិធានការ​ទាំង​នេះ​បាន​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ណាស់​ដល់​ពួក​ជន​ក្រីក្រ​និង​មនុស្ស​ជាង​ពីរ​ពាន់​លាន​នាក់​ដែល​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។​

អង្គការ​ពលកម្ម​អន្តរជាតិ​រាយ​ការណ៍​ថា ​ក្នុង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​ ​ក្រុម​ស្ត្រី​រង​ផល​ប៉ះពាល់​ច្រើន​ជាង​បុរស​ក្នុង​ការ​បាត់​បង់ការងារ​និង​ការ​បន្ថយ​ម៉ោង​ធ្វើការ។​ អង្គការ​នេះ​និយាយ​ថា ​ក្រុម​ជន​ឯទៀតៗ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​ វិបត្តិ​គ្មាន​ការងារ​ធ្វើ​ រួម​មាន​ពួក​ពលករ​ចំណាក​ស្រុក​ពួក​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក​ ​ ពួក​ជន​ជាតិ​ភាគ​តិច ​និង​ក្រុម​ជន​មាន​កាយវិកល។ ​អង្គការ​ពលកម្ម​អន្តរជាតិ​ថ្លែង​ថា ​ប្រព័ន្ធ​ការពារ​ខាង​សង្គម​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រើប​ឡើង​វិញ​ពី​ជំងឺ​កូវីដ១៩។​

អង្គការ​សុខភាព​ពិភព​លោក​ WHO ​រាយ​ការណ៍​ថា​ ក្នុង​ពេល​ឆាប់ៗ​នេះ​ចំនួន​មនុស្ស​មាន​ជំងឺ​កូវីដ១៩​នឹង​មាន​ដល់​២៩​លាន​នាក់ ដោយ​មាន​រួម​បញ្ជូល​មនុស្ស​ស្លាប់​ជិត​មួយ​លាន​នាក់​ផង​ដែរ។​

លោក​ Michael Ryan ​ជា​នាយក​ប្រតិបត្តិ​នៃ​កម្ម​វិធី​សុខភាព​គ្រា​មាន​អាសន្ន​នៃ​អង្គការ​ WHO។ ​ លោក​កត់​សម្គាល់​ថា​ សុខភាព​មនុស្ស​ និង​សិទ្ធិ​មនុស្ស​មាន​ការ​ជាប់​ទាក់ទង​គ្នា។​ លោក​បាន​និយាយ​ថា​ សេវា​ថែទាំ​សុខភាព​នៅ​ពេល​មាន​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​គ្មាន​យុត្តធម​៌ឡើយ។ ​លោក​ Michael Ryan ​បាន​មាន​ប្រសាសន៍​ថា៖​

«ការណ៍​នេះ​រង​ឥទ្ធិពល​ពី​វិសម​ភាព​ភេទ​ ​វិសម​ភាព​ធនធាន​ អាយុ វិសម​ភាព​ឋានៈ​សង្គម​ ​វិសម​ភាព​ឋានៈ​ខាង​ច្បាប់​ និង​វិសម​ភាព​ពូជសាសន៍​និង​កត្តា​ឯ​ទៀតៗ​ជា​ច្រើន...។​ អង្គការ​សុខភាព​ពិភព​លោក​គាំទ្រ​ការិយាល័យ​នៃ​អគ្គ​ស្នងការ​អ.ស.ប.​ខាង​សិទ្ធិ​មនុស្ស​ដែល​បាន​ព្រមាន​ជា​ទៀង​ទាត់​ថា​ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​មិន​គួរ​ត្រូវ​បាន​ប្រើ​ជា​លេស​មួយ​ដើម្បី​បង្ក្រាប​លើ​សេរីភាព​ជា​មូលដ្ឋាន​ឡើយ»។​

លោក​ Michael Ryan ​ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​សុខភាព​គ្រា​មាន​អាសន្ន​នៃ​អង្គការ​អង្គការ​សុខភាព​ពិភព​លោក​ បាន​និយាយ​ថា​ សហគមន៍​អន្តរជាតិ​ត្រូវ​ធ្វើការ​ជា​មួយ​គ្នា​ដើម្បី​អភិវឌ្ឍ​ជា​មួយ​គ្នា​នូវ​វ៉ាក់សាំង​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​និង​ព្យាបាល​ជំងឺ​កូវីដ១៩។​ លោក​ថ្លែង​ថា​ ផលិត​កម្ម​ជួយ​ជីវិត​មនុស្ស​ទាំង​នេះ​ត្រូវ​តែ​បែង​ចែក​ឲ្យ​បាន​លឿន​និង​ស្មើ​គ្នា​ដល់​ពួក​អ្នក​មាន​និង​ពួក​អ្នក​ក្រ​ដូចៗ​គ្នា។​លោក​និយាយ​ទៀត​ថា ​ការ​ផ្តល់​ថ្នាំ​នេះ​មិន​គួរ​ផ្អែក​លើ​សមត្ថភាព​មាន​លុយ​ទិញ​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​