អ.ស.ប.​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​អ៊ីស្រាអែល​លើ​អគារ​អ្នកស្រុក​រស់នៅ​ភាគ​ខាង​ជើង​ប្រទេស​លីបង់

ក្មេងៗ​កាយ​រក​នៅ​កន្លែង​ចាក់​សំរាម​មួយ​កន្លែង​នៅ​ទី​ក្រុង Khan Yunis នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២៤។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ដែល​បាន​សម្លាប់​យ៉ាង​តិច​ណាស់​ក៏២២នាក់​ដែរ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​លីបង់។

អ្នក​នាំពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Jeremy Laurence បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ថា​ស្រ្តី១២នាក់​និង​កូនក្មេង២នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ភូមិ Aito។

លោក​បាន​និយាយ​ទៀត​ថា៖ «យើង​យល់​ថា​វា​ជា​អគារ​អ្នក​ស្រុក​រស់នៅ​កម្ពស់៤ជាន់​ដែល​ត្រូវ​បាន​វាយ​ប្រហារ។ ដោយសារ​កត្តា​ទាំង​នោះ​នៅ​ក្នុង​គំនិត យើង​មាន​ការ​បារម្ភ​ពិត​ប្រាកដ​ទាក់ទិន​នឹង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ​ក៏ដូចជា​ច្បាប់​សង្គ្រាម​និង​គោល​ការណ៍​ នៃ​ភាព​ខុសគ្នា​នៃ​សមាមាត្រ»។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ស៊ីរ៉ែន​បន្លឺ​តាម​អាកាស​បាន​បន្លឺ​ឡើង​នៅ​ក្នុង​តំបន់ Haifa ខណៈ​ដែល​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ីស្រាអែល​បានបាញ់​ស្ទាក់​ការបាញ់​ជា​ច្រើន​ដែល​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល​មកពី​ប្រទេស​លីបង់។

កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​ក៏​បាន​រាយការណ៍​ដែរ​កាលពី​ថ្ងៃ​អង្គារ​ពី​ការ​សម្លាប់​ពួក​សកម្មប្រយុទ្ធ​រាប់​សិប​នាក់​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ទីដៅ​របស់​ក្រុម Hezbollahក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahuបាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ថា​អ៊ីស្រាអែល​នឹង«បន្ត​វាយ​ប្រហារ​ក្រុមHezbollah ដោយ​មិន​មាន​ក្តី​មេត្តា​ក្នុង​ផ្នែក​ទាំង​អស់​នៃ​ប្រទេស​លីបង់ រួម​ទាំង​ទីក្រុង​បេរុត​ផង»។

លោកNetanyahuបាន​ប្រាប់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថា​ការវាយ​ប្រហារ​សងសឹក​របស់​អ៊ីស្រាអែល នឹង​ដៅ​លើ​ទីដៅ​យោធា​តែប៉ុណ្ណោះ ហើយ​មិន​មែន​លើ​រោងចក្រ​ប្រេង​ឬ​នុយក្លេអ៊ែរ​ទេ។ នេះ​បើ​តាម​ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក។

កាសែត Washington Post និងWall Street Journal បាន​ដកស្រង់​សម្តី​ពួក​មន្ត្រី​ដែល​កាសែត​ទាំង២បាន​រាយការណ៍​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា​លោកNetanyahuបាន​ធ្វើ​ការសន្យា​ក្នុង​អំឡុង​នៃ​ការ​និយាយ​តាម​ទូរសព្ទ​រវាង​មេដឹកនាំ​ទាំង២កាលពី​សប្តាហ៍​មុន៕