ក្រុម​អង្គការ​សហប្រជាជាតិ​ទៅ​ពិនិត្យ​ស្ថានការណ៍​រោងចក្រ​នុយក្លេអ៊ែរ​នៅ​អ៊ុយក្រែន

រូបភាព​ពី​ផ្កាយ​រណប​​របស់​ Planet Labs PBC បង្ហាញ​ពី​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ដែល​កំពុង​គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២។ (Planet Labs PBC via AP)

លោក Rafael Mariano Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) របស់​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុម​របស់​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ស្ថិត​នៅ​ខ្សែ​បន្ទាត់​ជួរ​មុខ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ទីនោះ។

លោក Grossi បាន​សរសេរ​នៅ​លើ Twitter ថា លោក​កំពុង​ដឹកនាំ​ក្រុម​របស់​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​រោងចក្រ​នេះ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់ «ក្នុង​ពេល​ខាង​មុខ​នៃ​សប្ដាហ៍​នេះ»។

លោក​បាន​បន្ថែម​ថា៖ «យើង​ត្រូវតែ​ការពារ​សុវត្ថិភាព​និង​សន្តិសុខ​របស់​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​ជាង​គេ​បំផុត​របស់​អ៊ុយក្រែន​និង​ទ្វីប​អឺរ៉ុប​នេះ»។

ទីភ្នាក់ងារ IAEA បាន​បញ្ជាក់​ថា បេសកកម្ម​នេះ​នឹង​ផ្ដោត​លើ​ការ​វាយ​តម្លៃ​លើ​ការ​ខូចខាត​នៃ​អាគារ​រោងចក្រ​នេះ ការ​កំណត់​លើ​ភាព​ដែល​អាច​ដំណើរការ​បាន​នៃ​ប្រព័ន្ធ​សុវត្ថិភាព​និង​សន្តិសុខ ការ​វាយ​តម្លៃ​លើ​ស្ថានភាព​របស់​បុគ្គលិក​នៃ​រោងចក្រ​នេះ និង​ការ​អនុវត្ត «សកម្មភាព​នៃ​វិធានការ​ការពារ​បន្ទាន់»។

ប្រទេស​រុស្ស៊ី​បាន​ត្រួតត្រា​ទីតាំង​រោងចក្រ​នេះ​តាំងពី​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​ក្នុង​រយៈពេល ៦ ខែ​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​វិស្វករ​អ៊ុយក្រែន​គឺ​ជា​អ្នក​ដែល​ធ្វើ​ប្រតិបត្តិការ​លើ​រោងចក្រ​នេះ។

បើ​ទោះបីជា​មាន​ការ​វាយ​ប្រហារ​ជា​ច្រើន​នៅ​ក្នុង​តំបន់​រោងចក្រ​នោះ​ដែល​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​អ្នក​ប្រព្រឹត្តិ​ក៏ដោយ ក៏​លោក Grossi ថា អ៊ុយក្រែន​បាន​ប្រាប់​ទីភ្នាក់ងារ IAEA ថា៖ «ប្រព័ន្ធ​សុវត្ថិភាព​ទាំង​អស់​នៅ​ដំណើរការ​ដូច​ធម្មតា ហើយ​មិន​មាន​ការ​កើនឡើង​នៃ​កម្រិត​ចំហាយ​វិទ្យុ​សកម្ម​នោះ​ទេ»៕



ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។