អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី២២ ខែមករាថា រដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្គានីស្ថានដ៏ក្រីក្រ បានបង្ខំស្ត្រីរាប់រយនាក់មិនឱ្យធ្វើការងារកាលពីពេលថ្មីៗនេះ ដោយចោទប្រកាន់ថា ពួកគេមិនបានគោរពតាមបម្រាមនៃច្បាប់អ៊ិស្លាម ដែលត្រូវបានដាក់ឱ្យអនុវត្តលើស្ត្រីនៅទូទាំងប្រទេស។
បេសកកម្មជំនួយអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬ UNAMA បានកត់ត្រាពីការបណ្តេញចេញពីការងារ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សថ្មីៗចុងក្រោយរបស់ខ្លួន ដែលផ្តោតលើត្រីមាសទី ៤ ក្នុងឆ្នាំ ២០២៣ នៅក្នុងប្រទេសមួយ ដែលមនុស្សរាប់លាននាក់កំពុងត្រូវការជំនួយ។
យោងលើរបាយការណ៍នេះបានឱ្យដឹងថា «អាជ្ញាធរតាលីបង់បន្តអនុវត្តនិងប្រកាសរឹតបន្តឹងដល់សិទ្ធិការងារ ការអប់រំ និងការដើរហើររបស់ស្រី្ត» នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
បេសកកម្មជំនួយអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកត់សម្គាល់ថា ក្រសួងឃោសនាគុណធម៌និងរារាំងអំពើអសីលធម៌របស់អាហ្វហ្គានីស្ថាន បានដើរតួនាទីជំរុញលើបញ្ហានេះ ដោយរារាំងស្ត្រីមិនឱ្យធ្វើការឬទទួលបានសេវាកម្មផ្សេងៗ ពីព្រោះពួកគេមិនទាន់រៀបការ ឬមិនមានបុរសការពារ។
របាយការណ៍នេះបាននិយាយទៀតថា ការមិនអនុវត្តលើក្រឹត្យក្រមសម្លៀកបំពាក់ដែលមានក្រណាត់បាំងមុខ ការមិនមានសាច់ញាតិជាបុរសនៅក្បែរ ឬការរឹតបន្តឹងផ្សេងៗទៀត ដែលត្រូវបានដាក់លើស្ត្រីមិនឲ្យទៅទីសាធារណៈ តាមការិយាល័យ និងនៅតាមវិទ្យាស្ថានអប់រំនោះ ទំនងហាក់ដូចជាធ្វើឱ្យស្ត្រីអាហ្វហ្គានីស្ថានយ៉ាងហោចណាស់ក៏ ៦០០នាក់ដែរ បានបាត់បង់ការងារ នៅក្នុងខេត្តពីរក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ។
ផ្នែកមួយនៃសេចក្តីប្រកាសបណ្តោះអាសន្នរបស់ក្រសួងអាហ្វហ្គានីស្ថានខាងលើនេះ បានដាក់បម្រាមស្ត្រីចំនួន ៤០០នាក់ មិនឱ្យធ្វើការងារ នៅក្នុងរោងចក្រកែច្ឆៃផ្លែស្រល់ នៅខេត្ត Nangarhar ភាគខាងកើតកាលពីខែតុលា ឆ្នាំ ២០២៣ ដោយមិនផ្តល់ហេតុផលណាមួយឡើយ ខណៈពេលដែលក្រុមបុរសត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការងារនៅទីនោះដដែល។ នេះបើតាមការកត់សម្គាល់របស់របាយការណ៍នេះ។
របាយការណ៍នេះក៏បានបន្ថែមទៀតថា រោងចក្រអគ្គិសនីមួយកន្លែងក្នុងខេត្ត Balkh ដែលស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់ បានបណ្តេញស្ត្រីចំនួន ២០០នាក់ ពីការងារកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយលើកយកហេតុផលហិរញ្ញវត្ថុមកសំអាង ប៉ុន្តែបុគ្គលិកជាបុរសមិនត្រូវបានគេធ្វើដូចគ្នានេះទេ។ នៅក្នុងករណីមួយ មន្ត្រីនៃក្រសួងឃោសនាគុណធម៌និងរារាំងអំពើអសីលធម៌ បានណែនាំបុគ្គលិកជានារីមិនទាន់រៀបការម្នាក់ នៅមណ្ឌលសុខភាពមួយកន្លែងឱ្យរៀបការ បើមិនអញ្ជឹងទេនឹងត្រូវបាត់បង់ការងារ ដោយនិយាយថា វាមិនត្រឹមត្រូវទេដែលនារីនៅលីវមកធ្វើការ។ នេះបើយោងលើរបាយការណ៍ដដែលនេះ។
កាលពីខែមុន ក្រុមមន្ត្រីក្រសួងឃោសនាគុណធម៌និងរារាំងអំពើអសីលធម៌ បានទៅមើលស្ថានីយរថយន្តក្រុងមួយកន្លែងក្នុងទីក្រុង Kandahar នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបញ្ជាក់ថា ស្ត្រីមិនត្រូវធ្វើដំណើរឆ្ងាយតែឯកឯងដោយគ្មានសាច់ញាតិជាបុរសនៅជាមួយ ហើយអ្នកបើកបរដែលទទួលការណែនាំមិនអនុញ្ញាតឱ្យអ្នកដំណើរជាស្ត្រីឡើងជិះរថយន្តក្រុង ដោយគ្មានអ្នកមើលការខុសត្រូវទៅជាមួយនោះឡើយ។ នេះបើតាមរបាយការណ៍របស់បេសកកម្មអង្គការសហប្រជាជាតិ UNAMA ដែលបានរកឃើញ។
របាយការណ៍នោះបាននិយាយទៀតថា ស្ត្រីដែលគ្មានសាច់ញាតិជាបុរសនៅក្នុងខេត្ត Paktia ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន មិនទទួលបានសេវាថែទាំសុខភាពចាប់តាំងពីដើមខែធ្នូកន្លងទៅ ដោយអាជ្ញាធរនៃក្រសួងឃោសនាគុណធម៌និងរារាំងអំពើអសីលធម៌ បន្តទៅមើលទីតាំងសុខភាពនានា ដើម្បីធានាថា មានការអនុវត្តតាមបទបញ្ជាបានត្រឹមត្រូវ។
អង្គការ UNAMA បានលើកបញ្ជាក់ថា ខណៈពេលមិនមានការដាក់បម្រាមជាទូទៅ លើការងារសម្រាប់ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ ការហាមប្រាមនេះបានកំហិតដល់សិទ្ធិធ្វើការងាររបស់ស្ត្រី ប្រសិនបើគេមិនមានសាច់ញាតិជាបុរសអមដំណើរទៅកាន់កន្លែងធ្វើការរបស់គេនោះទេ។
របាយការណ៍នេះបានកត់ត្រាពីករណីចាប់ចងនិងឃុំឃាំងតាមអំពើចិត្ត ការកាត់ទោស និងការដោះលែងក្រុមអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សមួយចំនួន ដែលរួមមានស្ត្រីផងដែរ ចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣។ «អាជ្ញាធរបានបន្តរំលោភបំពានលើសិទ្ធិបញ្ចេញមតិ ដោយដាក់កំហិតដល់សាធារណជន មិនឱ្យប្រើឱកាសស្វែងរក ឬទទួលពត៌មាននិងទស្សនៈដែលត្រូវបានផ្តល់ឱ្យនោះឡើយ»។ នេះបើយោងតាមរបាយការណ៍ដដែលនោះ។
ក្រោយការចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហា ឆ្នាំ ២០២១មក ក្រុមតាលីបង់ដែលគោរពតាមគម្ពីរអ៊ិសា្លមនោះ បានបកស្រាយច្បាប់អ៊ិស្លាមដ៏តឹងរឹងរបស់ខ្លួន ដោយហាមប្រាមដល់ក្មេងស្រីមិនឱ្យរៀនហួសពីថ្នាក់ទី ៦ និងមិនឱ្យមានបុគ្គលិកជាស្រ្តីភេទភាគច្រើនបំផុតធ្វើការនៅតាមស្ថានប័នសាធារណៈនិងឯកជននោះឡើយ។
សហគមន៍អន្តរជាតិបានថ្កោលទោសក្រុមតាលីបង់ ដែលបានហាមប្រាមដល់ស្ត្រី និងបានទាមទារឱ្យពួកគេលុបចោលនូវបម្រាមទាំងនោះជាបន្ទាន់។ ពុំមានប្រទេសណាមួយទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅឡើយទេ ដោយសារតែការបារម្ភជាសំខាន់លើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តលើស្ត្រីភេទ។
ក្រុមតាលីបង់កាលពីថ្ងៃទី ២២ ខែមករាកន្លងទៅនេះ បានទាត់ចោលរបាយការណ៍របស់អង្គការសហប្រជាជាតិ ដោយអះអាងថា វាបង្ហាញពីភាពព្រងើយកន្តើយរបស់ស្ថាប័នពិភពលោកមួយនេះ លើច្បាប់សាសនាអ៊ិស្លាម។
លោក Zabihullah Mujahid ប្រធានអ្នកនាំពាក្យក្រុមតាលីបង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសថា ការថ្កោលទោសការគ្រប់គ្រងតាមសាសនាអ៊ិស្លាមថាជាសកម្មភាពប្រឆាំងនឹងសិទ្ធិមនុស្សនោះ ជាការប្រមាថយ៉ាងជាក់ស្តែងទៅលើជំនឿរបស់ពលរដ្ឋ»។
លោក Mujahid បានណែនាំដល់អង្គការ UNAMA ឱ្យបញ្ឈប់ការរិះគន់លើបញ្ហាសាសនាក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកនិយាយថា៖ «ការពាក់ក្រណាត់បាំងមុខ ភាពចាំបាច់ក្នុងច្បាប់សាសនាអ៊ិស្លាមរឿងបុរសនៅជាមួយស្តី្រ ហើយច្បាប់អ៊ិស្ថាមពីស្ថានភាពការងារនិងការអប់រំរបស់ស្រី្ត គឺទាំងអស់នេះ ជាការតាំងចិត្តនិងការទទួលខុសត្រូវនៃរដ្ឋាភិបាលអ៊ិស្លាមមួយ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ