នៅថ្ងៃទីបីនៃដំណើរទស្សនកិច្ចនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រុមមន្ត្រីនៃក្រសួងនេះ។ ក្នុងជំនួបនោះ អ្នកស្រីបានថ្លែងចាប់អារម្មណ៍ចំពោះកំណែទម្រង់ក្នុងស្ថាប័នយុត្តិធម៌ តែបានសំដែងក្តីបារម្ភមួយចំនួន ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះអាសន្ន និងការដាក់ទោសដ៏ប្រល័យ ដោយហ្វូងមហាជនពោល គឺការវាយសម្លាប់ជនសង្ស័យ បន្ទាប់ពីហេតុការណ៍ព្រហ្មទណ្ឌជាក់ស្តែងណាមួយបានកើតឡើង។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើរដល់កំណែទម្រង់របស់ក្រសួងយុត្តិធម៌ ហើយបានស្នើឲ្យមានកែទម្រង់បន្ថែមលើប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដូចជាការកាត់បន្ថយនូវចំនួននៃការឃុំខ្លួនបណ្តោះអាសន្ន និងការទប់ស្កាត់មិនឲ្យមានការដាក់ទោសដោយហ្វូងមហាជន។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃព្រហស្បតិ៍។
ការថ្លែងរបស់លោក ជិន ម៉ាលីន យ៉ាងដូច្នេះ កើតមានឡើង ក្រោយពីជំនួបរយៈពេលជាង១ម៉ោង រវាងអ្នកស្រី ស្មីត ជាមួយក្រុមមន្ត្រីនៃក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីនៃក្រសួងនេះ គឺលោក អង្គ វង្សវឌ្ឍនា ដែលបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍នេះ នៅក្រសួងយុត្តិធម៌។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ៖
«អ្វីដែលជាការព្រួយបារម្ភរបស់គាត់ គឺគាត់ឃើញមានការឃុំខ្លួនបណ្តោះអាសន្នហ្នឹង វាមានការកើនឡើងច្រើន បានន័យថា រឿងស្អីក៏ឃើញថា មានការឃុំខ្លួនបណ្តោះអាសន្នគាត់ចង់ឲ្យ មានការនៅក្រៅឃុំបណ្តោះអាសន្ន ឬមួយក៏ការអនុវត្តទោសហ្នឹង បើអាចជៀសបាន កុំដាក់ពន្ធនាគារ អាចជាទោសអីផ្សេង ដែលក្រៅពន្ធនាគារ ដូចជាទោសសហគមន៍ ឬក៏ទោសជំនួស ឬក៏ឲ្យក្រៅឃុំស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ»។
លោកបន្តថា ការណ៍ដែលអ្នកស្រី ចង់ឲ្យការឃុំខ្លួនបណ្តោះអាសន្នមានចំនួនតួច គឺដោយមានការបារម្ភអំពីការកកស្ទះ នៅក្នុងពន្ធនាគារ ដែលអាចបង្កជាវិបត្តិ នៅគ្រាដែលរដ្ឋាភិបាលផ្តើមយុទ្ធនាការបង្ក្រាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលបានសម្រេចយកខេត្តបាត់ដំបង ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ធ្វើទីកន្លែងសាកល្បង សម្រាប់ដាក់អ្នកទោសនៅតាមសហគមន៍។ នេះគឺមានន័យថា អ្នកទោសនឹងតម្រូវឲ្យទៅធ្វើកិច្ចការនៅសហគមន៍ ជំនួសឲ្យការស្ថិតនៅក្នុងពន្ធនាគារ។ ក៏ប៉ុន្តែ លោកថា ការណ៍នេះអាចធ្វើទៅបាន លុះត្រាតែសាធារណជន ឬពលរដ្ឋរស់នៅតាមសហគមន៍យល់ពីនីតិវិធី នៃការដាក់អ្នកទោសទាំងនោះ ដើម្បីបញ្ចៀសការវាយសម្លាប់ដោយហ្វូងមហាជន ដែលជានិន្នាការមួយកំពុងកើតឡើង និងបង្កក្តីបារម្ភដល់ពលរដ្ឋកម្ពុជា។
«ទីមួយគឺគម្រោងសាកល្បង នៃការអនុវត្តទោសក្រៅពន្ធនាគារ។ ទីពីរ គឺការផ្សព្វផ្សាយអប់រំ ដល់សាធារណជនឲ្យគាត់យល់ ហើយខាង UN គេនឹងជួយគាំទ្រក្នុងការផ្សព្វផ្សាយ ការអប់រំហ្នឹងតាមរយៈ sport ពាណិជ្ជកម្ម តាមរយៈកម្មវិធីសិក្សា តាមរយៈហ្វេសប៊ុកអី គ្រប់មធ្យោបាយទាំងអស់ ដែលអាចជ្រាបទៅដល់សាធារណជន អាចយល់បានច្បាស់ ពីបញ្ហាហ្នឹង យើងមិនអាចអនុវត្តន៍គម្រោងសាកល្បង ដោយមិនមានការអប់រំ ការផ្សព្វផ្សាយបានទេ»។
អ្នកស្រី ស្មីត អ្នកជំនាញការរបស់ អ.ស.ប. ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បានចាប់ផ្តើមទស្សនកិច្ចរបស់អ្នកស្រីកាលពីថ្ងៃអង្គារ ដោយបានជួបជាមួយមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ហើយកាលពីម្សិលមិញនេះ អ្នកស្រីក៏បានជួបជាមួយក្រុមមេដឹកនាំសហជីពផងដែរ។ ទស្សនកិច្ចរបស់អ្នកស្រីដែលនឹងពិនិត្យមើលសិទ្ធិកុមារ និងស្ថានភាពសិទ្ធិមនុស្សទូទៅនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហាខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនេះ អ្នកស្រីក៏គ្រោងនឹងជួបជាមួយនឹងមន្រ្តីរដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត។
អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ក៏បានបញ្ជាក់ផងដែរថា ក្នុងកិច្ចពិភាក្សារវាងអ្នកស្រីស្មីតនិងរដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ ពុំមានការលើកឡើងពីបញ្ហានយោបាយនោះទេ គឺកិច្ចពិភាក្សានោះផ្តោតជាចម្បងលើទិដ្ឋភាពបចេ្ចកទេសនៃការកែទម្រង់ក្នុងវិស័យច្បាប់។ លោកអះអាងថា អ្នករាយការណ៍របស់ អ.ស.ប. ក៏មិនបានប្រើសិទិ្ធអំណាច មកដាក់សម្ពាធលើក្រសួងយុត្តិធម៌ ឲ្យសម្រេចកិច្ចការអ្វីដែលខ្លួនចង់បាននោះឡើយ។
អ្នកនាំពាក្យរូបនេះក៏បានឱ្យដឹងផងដែរថា ក្រសួងកំពុងធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា និងទិន្នន័យ ដើម្បីចុះបញ្ជីរឿងក្តី និងគ្រប់គ្រងសំណុំរឿងក្តី។ លោកថា ទំនើបកម្មដែលទទួលបានការជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍ និងអង្គការសហប្រជាជាតិនេះ នឹងពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីយុត្តិធម៌ ហើយកម្មវិធីនេះទៀតសោតន៍កំពុងសិ្ថតក្នុងដំណាក់កាលនៃការសាកល្បងជាមួយតុលាការចំនួន១២ក្នុងប្រទេស។
ជាងនេះទៅទៀត ជាផ្នែកមួយនៃការបង្កើនការយល់ដឹងពីវិស័យយុត្តិធម៌នៅកម្ពុជា លោក ជិន ម៉ាលីន បានឲ្យដឹងទៀតថា ក្រសួងយុត្តិធម៌កំពុងរៀបចំបង្កើតបណ្ណាល័យអេឡិចត្រូនិក ឬ E-library។ លោកថា បណ្ណាល័យនេះ នឹងធ្វើការចងក្រងឯកសារច្បាប់នានា សម្រាប់ជាជំនួយដល់ចៅក្រម និងព្រះរាជអាជ្ញា ក្នុងការសម្រេចសេចក្តី ក៏ដូចជាការផ្សព្វផ្សាយសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់តុលាការដល់សាធារណជន។
ក្រោយជំនួបជាមួយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា និងក្រុមមន្ត្រីរបស់លោក អ្នកស្រី ស្មីត បានប្រាប់ អ្នកសារព័ត៌មានទាំងប្រញាប់ប្រញាល់ថា ជំនួបអ្នកស្រីជាមួយមេដឹកនាំ និងក្រុមមន្ត្រីនៃវិស័យយុត្តិធម៌ នេះមានលក្ខណៈវិជ្ជមានច្រើន។ អ្នកស្រីបញ្ជាក់បន្ថែមថា អ្នកស្រីបានទទួលនូវការធ្វើបច្ចុប្បន្នភាពសង្ខេបជាច្រើន អំពីការវិវត្តរយៈពេល៣ខែចុងក្រោយនេះ ក្នុងវិស័យយុត្តិធម៌ ដែលអ្នកស្រីយល់ថា កំពុងស្ថិតនៅក្នុងក្តីបារម្ភច្រើននៅឡើយ។
«ខ្ញុំគិតថា មានក្តីបារម្ភជាច្រើន រួមជាមួយនឹងដំណើរការនៃកំណែទម្រង់ និងអ្វីដែលកំពុងកើតឡើងក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនាពេលបច្ចុប្បន្ន។ ខ្ញុំទទួលបានព័ត៌មានត្រួសៗ អំពីអ្វីដែលបានកើតឡើងនាពេលថ្មីៗនេះ ក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ហើយនិងការរីកចម្រើនរបស់ក្រសួងក្នុងកិច្ចការរបស់ខ្លួន ជាពិសេសគឺ ការឃុំខ្លួនបណ្តោះអាសន្ន និងជម្រើសនៃដំណោះស្រាយវិវាទ ក៏ដូចជាជម្រើសក្នុងការឃុំខ្លួន»។
ថ្វីដ្បិតតែមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងពីកំណែទម្រង់នានា និងផែនការដែលត្រូវអនុវត្តនៅក្នុងវិស័យយុត្តិធម៌របស់ប្រទេសកម្ពុជា ក៏វិស័យនេះនៅស្ថិតក្រោមការឃ្លាំមើលរបស់អង្គការសង្គមស៊ីវិល ក្នុងស្រុក និងក្រៅប្រទេស ដែលធ្វើការលើការពង្រឹងវិស័យយុត្តិធម៌នេះ។ កាលពីខែមិថុនាឆ្នាំ ២០១៧នេះ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយបង្ហាញពីអ្វីដែលខ្លួនហៅថា «ប្រព័ន្ធតុលាការនៃភាពអយុត្តិធម៌» នៅកម្ពុជា ដែលបានវាយប្រហារលើក្រុមដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល។
របាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា បានឲ្យដឹងថា ចាប់តាំងពីការបោះឆ្នោតសាកលលើកចុងក្រោយ នាខែកក្កដា ឆ្នាំ២០១៣ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជាហាក់ដូចជាវាយប្រហារជាប្រព័ន្ធមកលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយប្រឆាំងជាច្រើនរូបដែលពេលនេះកំពុងជាប់ក្នុងមន្ទីរឃុំឃាំង និងគ្មានតម្រុយនៃសេរីភាព៕