អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានឹងធ្វើដំណើរទៅកាន់ខេត្តកោះកុង ដើម្បីសួរសុខទុក្ខសកម្មជនបរិស្ថានបីនាក់ដែលកំពុងសិ្ថតក្នុងពន្ធនាគារ នៅថ្ងៃសុក្រខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានក្នុងខេត្តកោះកុង។
លោកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស (អ.ស.ប) តែងតាំងជំនួសលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា កាលពីខែមិនា ឆ្នាំ២០១៥ ដើម្បីឃ្លាំមើលដំណើរវិវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក អិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់វីអូអេ នៅថ្ងៃពុធនេះថា លោកស្រី រ៉ូណា ស្មីត គ្រោងទៅជួបសកម្មជនបរិស្ថានបីនាក់នៃចលនាមាតាធម្មជាតិ ដែលកំពុងជាប់ឃុំក្នុងសំណុំរឿងទប់ស្កាត់ការបូមខ្សាច់ និងប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅក្នុងខេត្តកោះកុង។
«លោកស្រីគ្រោងជួបសកម្មជនការពារបរិស្ថានបីនាក់ ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ហើយនិងគ្រួសារគេ ហើយបន្ទាប់មក ពួកគាត់នឹងជួបសកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលតំណាងសហគមន៍ចំនួន១៧ ដែលត្រូវបានអាជ្ញាធរខេត្តកោះកុងបានឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកញ្ញាដើមខែនេះ ដើម្បីចង់ដឹងអំពីព្រឹត្តិការណ៍នៃការឃាត់ខ្លួន»។
លោកឲ្យដឹងទៀតថា ក្រុមការងាររបស់លោកស្រី រ៉ូណា ស្មីត នឹងជួបជាមួយមន្ត្រីនៃតុលាការសាលាដំបូងខេត្តកោះកុង បន្ទាប់មកលោកស្រីនឹងបន្តទៅជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ប្រណិតរបស់ក្រុមហ៊ុនចិនឈ្មោះ Union Development Group (UDG) នៅក្នុងស្រុកបទុមសាគរ និងគិរីសាគរ។
ការសម្រចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់កើតមានឡើង បន្ទាប់ពីពួកគេបើកយុទ្ធនាការកាលពីខែកក្កដា ដើម្បីបណេ្តញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរ គឺក្រុមហ៊ុន Direct Access និង International Rainbow Company ដែលបានដំណើរការជាច្រើនខែមកហើយនៅក្នុងតំបន់ជីផាត់ និងព្រែកអណ្តូងទឹក ដែលស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។ ក្រុមហ៊ុន Direct Access បានផ្អាកសកម្មភាពបូមខ្សាច់របស់ខ្លួន ដោយសារអាជ្ញាបណ្ណបូមខ្សាច់របស់ខ្លួនអស់សុពលភាពកាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅ។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងរ៉ែ បញ្ជាក់ថា ក្រុមហ៊ុននេះ កំពុងរត់ការឯកសារ ដើម្បីបន្តអាជ្ញាបណ្ណរបស់ខ្លួនទៀត ខណៈដែលសុពលភាពរបស់ក្រុមហ៊ុន International Rainbow Company នឹងផុតទៅនៅចុងឆ្នាំនេះ។
លោក គឹម រី សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ ឲ្យដឹងថា ដំណើររបស់លោកស្រីរ៉ូណា ស្មីត មកកាន់ខេត្តកោះកុង អាចនឹងជួយដល់សកម្មជនបរិស្ថានវ័យក្មេងទាំងបីនាក់នេះ ឲ្យទទួលបានយុត្តិធម៌ពីតុលាការ ដែលសម្រេចឃុំខ្លួនពួកគេតាមបណ្តឹងរបស់ក្រុមហ៊ុន Direct Access និងលោក អន ភារ័ក្ស អភិបាលស្រុកបទុមសាគរ។
«ខ្ញុំយល់ថា ពេលដែលគាត់មកហ្នឹង គាត់អាចនឹងជួយសកម្មជនបីនាក់របស់យើងបានព្រោះយើងឃើញថា ការឃុំខ្លួនពួកគាត់ដែលអត់ទាន់បានកំណត់ទោសទណ្ឌអ្វីហ្នឹង វាដូចជាការរំលោភសិទ្ធិមួយលើពួកគាត់ដែរ»។
សកម្មជនបរិស្ថានទាំងបីដែលត្រូវតុលាការសម្រេចឃុំខ្លួនកាលពីខែសីហា រួមមានលោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ ស្ថាបនិកនៃចលនាមាតាធម្មជាតិ លោក ទ្រី សុវិគា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៦ឆ្នាំ។ ពួកគេត្រូវបានចោទប្រកាន់ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ។
ការចុះសួរសុខទុក្ខសកម្មជនបរិស្ថានទាំងបីនាក់នេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី រ៉ូណា ស្មីត ដែលគ្រោងនឹងបំពេញការងារនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ។ ទស្សនកិច្ចរបស់អ្នកស្រីត្រូវបានលើកពេលមួយដងរួចទៅហើយកាលពីខែឧសភាកន្លងទៅនេះ។
មន្រ្តីបម្រើការនៅឯការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាពុំទាន់អាចបញ្ជាក់ឲ្យបានច្បាស់ពីដំណើររបស់លោក រ៉ូណា ស្មីតទៅកាន់ខេត្តកោះកុងនោះទេ តែមន្ត្រីរូបនេះឲ្យដឹងថា លោកស្រីនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ។
លោក ប៊ុន លើត អភិបាលខេត្តកោះកុង បញ្ជាក់ថា លោកទទួលបានការជូនដំណឹងអំពីដំណើររបស់លោកស្រី រ៉ូណា ស្មីត មកកាន់ខេត្តកោះកុង តែលោកមិនអាចបញ្ជាក់លម្អិតពីកម្មវិធីរបស់ដំណើរចុះសួរសុខទុក្ខរបស់អ្នករាយការណ៍សិទ្ធិមនុស្សពិសេសនេះបានទេ។
រីឯលោក ប៊ូ ប៊ុនហាំង ព្រះរាជអាជ្ញាតុលាការសាលាដំបូងខេត្តកោះកុង ថ្លែងថា លោកមិនទាន់ដឹងច្បាស់អំពីដំណើររបស់លោកស្រី រ៉ូណា ស្មីត ទៅកាន់តុលាការសាលាដំបូងខេត្តកោះកុងនោះទេ តែលោកថា តុលាការនឹងទទួលជួបជាមួយអ្នករាយការណ៍ពិសេសរូបនេះ បើសិនជាមានការអនុញ្ញាតពីក្រសួងយុត្តិធម៌។
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ដែលបានកាន់ការងារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់បេសកកម្មរបស់លោករយៈពេល៦ឆ្នាំ ដោយបានវាយតម្លៃថាស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរនៅត្រង់ថា ប្រជាពលរដ្ឋខ្មែរមានភាពក្លាហានក្នុងការហ៊ានប្រឆាំងនឹងអំពើអយុត្តិធម៌ ខណៈដែលយុវជនមានសេចក្តីក្លាហានច្រើនក្នុងការចូលរួមសកម្មភាពសង្គម។
ប៉ុន្តែ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី យល់ថា ការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិនៅពុំទាន់មានភាពល្អប្រសើរនៅឡើយ រីឯស្ថាប័នតុលាការក៏ពុំទាន់បានផ្តល់យុត្តិធម៌តាមការទាមទាររបស់ប្រជាពលរដ្ឋកម្ពុជាដែរ៕