ប្រេសិត​អគ្គ​លេខាធិការ​អ.ស.ប. ​ជួប​ពិភាក្សា​ជាមួយ​ប្រេសិត​ប្រធាន​អាស៊ាន​ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​មីយ៉ាន់ម៉ា

លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ជួប​ជាមួយ​អ្នកស្រី​ Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/ក្រសួង​ការបរទេស​កម្ពុជា)

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ដែល​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រេសិត​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​(UN)​នៅ​ទីក្រុង​ភ្នំពេញ​ដែល​ជា​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​នោះ​មាន​ការ​ផ្តល់​ជំនួយ​និង​ការ​បង្កើត​ច្រក​របៀង​មនុស្ស​ធម៌​ជាដើម។​

វិបត្តិ​ប្រទេស​មីយ៉ាន់ម៉ា​បាន​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ​ក្រោយ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ហើយ​ប្រទេស​មួយ​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​យោធា។​ មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល គឺ​អ្នកស្រី​ Aung San Suu Kyi​ ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ផង​ដែរ។​

លោក​ប្រាក់ សុខុន​ដែល​ជា​ប្រសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​ប្រទេស​មីយ៉ាន់ម៉ា​បាន​ជួប​ជាមួយ​អ្នកស្រី​ Noeleen Heyzer​ ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០២២​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ទាំង​ពីរ។​

នៅ​ក្នុង​ជំនួប​នោះ​លោក​ប្រាក់​សុខុន​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ខែ​មីនា​បាន​បញ្ជាក់​ពី​ជំហាន​ការងារ​បន្ទាប់​របស់​លោក​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​រួម​មាន​ការ​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​អំពី​ជំនួយ​មនុស្សធម៌​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​គម្រោង​រៀបចំ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​និង​មេ​ដឹកនាំ​របប​សឹក​ភូមា​លោក​ Min Aung Hlaing​ និង​ដំណើរ​ទស្សន​កិច្ច​លើក​ទីពីរ​របស់​លោក​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ភាគី​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ពី​ការ​ឯកភាព​ក្នុង​បរិបទ​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន-អង្គការ​សហប្រជាជាតិ​ដើម្បី​ជំរុញ​បន្ថែម​លើ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ដែល​បាន​សម្រេច​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ជុំ សុន្ទរី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ តាម​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម​នា​ថ្ងៃ​សុក្រ​នេះ​ថាអ្នកស្រី ​Noeleen Heyzer​ ប្រេសិត​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​មិន​បាន​ស្នើ​សុំ​ឲ្យ​រៀបចំ​ឬ​សម្រប​សម្រួល​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ​ អំឡុង​ពេល​ជំនួប​ជាមួយ​លោក​ប្រាក់ សុខុន។​

វីអេអូ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​កម្ពុជា​នោះ​ទេ​នា​ថ្ងៃ​សុក្រ​នេះ។​

រូប​ឯកសារ៖ រូប​ថត​ថត​ពី​ដ្រូន​និង​ផ្តល់​ឱ្យ​ដោយ​អង្គការ Free Burma Rangers បង្ហាញ​ពី​ផ្សែង​ហុយ​ពី​អគារ​ដែល​ត្រូវ​ឆេះ​នៅ​ភូមិ Waraisuplia នៅ​រដ្ឋ Kayah ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២។

កាល​ពី​ខែ​តុលា​ឆ្នាំ​២០២១​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​Antonio Gutteres ​បាន​ប្រកាស​តែងតាំង​អ្នកស្រី​ Noeleen Heyzer ​ជនជាតិ​សិង្ហបុរី​ជា​ប្រសិត​ពិសេស​ថ្មី​ទទួល​បន្ទុក​លើ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​ អ្នកស្រី ​Heyzer​ ជា​ប្រេសិត​ស្នង​តំណែង​ពី​អ្នកស្រី​ Christine Schraner Burgener ​ប្រតិភូ​ជនជាតិ​ស្វីស​ដែល​បម្រើការ​ជា​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ពេល​កន្លង​មក។​

បន្ទាប់​ពី​ទទួល​បាន​តំណែង​ជា​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី​ Noeleen Heyzer​ ធ្លាប់​បាន​បង្ហាញ​កង្វល់​អំពី​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញដែល​កំពុង​បន្ត​កើត​មាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់​និង​មាន​ការ​គោរព​ច្បាប់​អន្តរជាតិ​ដើម្បី​ការពារ​ជនស៊ីវិល​ក៏​ដូចជា​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​គិន ភា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ជំនួប​រវាង​ប្រេសិត​ទាំង​ពីរ​បង្វាញ​ពី​«កង្វល់​និង​ការ​យក​ចិត្ត​ទុក​ដាក់​រួម»​រវាង​អាស៊ាន​និង​អង្គការ​សហ​ប្រជាជាតិ​ចំពោះ​បញ្ហា​មនុស្ស​ធម៌​និង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ខណៈ​លើក​ឡើង​ថា​ ជំនួយ​មនុស្ស​ធម៌​គឺ​ប្រហែល​ជា​ការ​វិវឌ្ឍ​ទៅ​មុខ​ដែល​អាច​សម្រេច​បាន​ជា​ដុំ​កំភួន​តែ​មួយ​គត់ បើតាម​សភាព​ការណ៍​បច្ចុប្បន្ន។​

លោក​ថ្លែង​ថា៖ ​«ពាក់ព័ន្ធ​នឹង​បញ្ហា​ជំនួយ​មនុស្ស​ធម៌​នេះ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ច្រក​តែ​មួយ​គត់​ដែល​អាច​ធ្វើ​បាន​ពីព្រោះ​យើង​មើល​ទៅ​ជា​ឆន្ទៈ​របស់​មេ​ដឹកនាំ​យោធា​ភូមា​នេះ​ក៏​ប្រហែល​មិន​អាច​ធ្វើ​អ្វី​ផ្សេង​បាន​ច្រើន​ជាង​ដែល​គួរ​នាំ​គ្នា​គិត​គូរ​ខ្លាំង​ដល់​ជំនួយ​មនុស្ស​ធម៌​ជូន​ដល់​ប្រជាជន​ដែល​មាន​តម្រូវ​ការ​បំផុត​ហ្នឹង​ណា៎»។​

រូប​ឯកសារ៖ រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២​នេះ​ បង្ហាញ​ជន​ភៀសខ្លួន​មីយ៉ាន់ម៉ា​គេច​ពី​ចម្បាំង​រវាង​ទ័ព​យោធា​និង​ក្រុម​ឧទ្ទាម​ នៅ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​នៅ​ស្រុក Mae Sot។ (AFP)

លោក​បន្ត​ថា៖​«បើ​យើង​និយាយ​ពី​ការ​បញ្ឈប់​អំពើ​ហិង្សា​ការ​ចរចា​នយោបាយ​ឬ​ការ​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ការ​វិវឌ្ឍ​ចុងក្រោយ​នេះ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​តិច​តួច​ដោយ​សារ​តែ​ការ​លើក​ឡើង​របស់​របប​សឹក​ភូមា​ហាក់​ដូចជា​បង្ហាញ​នូវ​ការ​មិន​សម្រប​សម្រួល​គឺ​ឥរិយាបថ​មួយ​ដែល​មិន​ចង់​ឲ្យ​មាន​ការ​ចរចា​នយោបាយ»។

លោក​ គិន ភា​ យល់​ថា​ដំណើរ​ទស្សន​កិច្ច​របស់​ប្រេសិត​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​អាច​កើត​មាន​ឡើង​នា​ពេល​ខាង​មុខ​ ប្រសិន​បើ​មាន​ការ​ជ្រោមជ្រែង​សម្រប​សម្រួល​ពី​សំណាក់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន។ប៉ុន្តែ​លោក​ថា​បើ​ទោះ​បី​ជា​មាន​ដំណើរ​ទស្សន​កិច្ចដូច​នេះ​ក៏​ដោយ​មាន​តែ​ការ​ជជែក​ដែល​ផ្តោត​លើ​ជំនួយ​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ​ដែល​អាច​ទទួល​បាន​លទ្ធផល។​

លោក ​ប្រាក់ សុខុន​ បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​កាល​ពី​ខែ​មីនា​ប៉ុន្តែ​លោក​មិន​បាន​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​ស៊ីវិល​ឡើយ។​ ក្នុង​ពេល​នោះ​ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ផង​ដែរ​ជា​ពិសេស​សាស្រ្តាចារ្យ​ជនជាតិ​អូស្រ្តាលី​មួយ​រូប​ដែល​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​សេដ្ឋកិច្ច​របស់​មេ​ដឹកនាំ​ជាប់​ឆ្នោត​អ្នកស្រី​ Aung San Suu Kyi​ដែល​ត្រូវ​បាន​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ជាង​មួយ​ឆ្នាំ​មក​ហើយ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ប្រាក់ សុខុន​បាន​ឲ្យ​ដឹង​ថា​តួ​អង្គ​នយោបាយ​ខុសៗ​គ្នា​នៃ​ប្រទេស​មីយ៉ាន់ម៉ា​«នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​កិច្ច​ពិភាក្សា​នោះ​ទេ​ហើយ​ពួកគេ​នៅ​តែ​មាន​ការ​តាំង​ចិត្ត​យ៉ាង​មុះ​មុត​ក្នុង​ការ​បន្ត​ការ​តស៊ូ​របស់​ពួកគេ​នៅ​គ្រប់​ទម្រង់​ជាពិសេស​តាម​រយៈ​ការ​តស៊ូ​ប្រដាប់​អាវុធ»។​ លោក​បន្ត​ថា៖​«វា​ច្បាស់​ណាស់​ថា​គ្មាន​ដំណោះ​ស្រាយ​ភ្លាមៗ​ចំពោះ​បញ្ហា​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេស​សង្គម​និង​នៅ​ក្នុង​សតិ​អារម្មណ៍​របស់​ប្រជាជន​មីយ៉ាន់ម៉ា​នោះ​ទេ»។​

សមាជិក​អាស៊ាន​មិន​បាន​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា​ចូលរួម​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​កុម្ភៈ​ឡើយ។​ ការ​សម្រេច​មិន​អញ្ជើញ​តំណាង​នយោបាយ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គឺ​ដោយ​សារ​មិន​មាន​ការ​វិវឌ្ឍ​លើ​ចំណុច​ទាំង​៥​ដែល​សមាជិក​អាស៊ាន​ទាំង​១០​រួម​មាន​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​បាន​សម្រេច​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន។​

អ្នក​វិភាគ​នយោបាយ​លោក​សេង សារី​ចាត់​ទុក​ការ​កៀរគរ​ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ជា​រឿង​ល្អ​ជា​ពិសេស​លើ​ផ្នែក​មនុស្សធម៌​និង​សុខុមាលភាព​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា។​យ៉ាង​ណា​ក្តី​ លោក​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ផ្តោត​លើ​ការ​ប្រើប្រាស់​យន្តការ​ថ្មីៗ​បន្ថែម​ពី​លើ​យន្តការ​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ពន្លឿន​ដំណោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

លោក​ថ្លែង​ថា៖​«ក៏​ប៉ុន្តែ​បើ​យើង​មើល​នៅ​ក្នុង​មុំ​នយោបាយ​ យើង​ឃើញ​ថា​ទាល់​តែ​ភាគី​ទាំង​អស់​ហ្នឹង​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ភូមា​ហ្នឹង​ឲ្យ​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ហើយ​ជា​ពិសេស​ហ្នឹង​គឺ​បើក​ចិត្ត​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​បែប​នវានុវត្តន៍​មួយ​ដែល​ដោះស្រាយ​ដោយ​មិន​ប្រើ​យន្តការ​ដដែលៗ​ហើយ​សង្ឃឹម​ថា​លទ្ធផល​នៅ​ប្រទេស​ភូមា​នឹង​ប្រសើរ​ឡើង»។​

លោក​បន្ថែម​ថា​ ស្រប​ពេល​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​អស់​រយៈ​ពេល​ជិត​ពាក់​កណ្តាល​អាណត្តិ​ទៅ​ហើយ​នោះ​ លោក​សង្កេត​ឃើញ​ថា​ មិន​ទាន់​លេច​ចេញ​ជា​ដោះស្រាយ​ជា​ដុំ​កំភួន​ណា​មួយ​នៅ​ឡើយ​ទេ​ទាក់​ទិន​នឹង​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​ លោក​ថា​ វា​ជា​រឿង​ប្រសើរ​ បើ​សិន​កម្ពុជា​អាច​ជួយ​ពន្លឿន​ជំនួយ​មនុស្ស​ធម៌​ទៅ​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ចំពោះ​ស្ថានភាព​នា​ពេល​នេះ៕