ការរិះគន់តបតមកវិញយ៉ាងធ្ងន់ធ្ងរលើបណ្តាញផ្សព្វផ្សាយសង្គមនៅប្រទេសចិនបាននាំឲ្យអង្គការសហប្រជាជាតិលុបចោលសារបង្ហោះថ្ងៃបុណ្យចូលឆ្នាំចិន ដែលលើក ឡើងពីជនអន្តោប្រវេសន៍ និងភាពទីទ័លក្រចេញពីបណ្តាញទំនាក់ទំនងសង្គម Weibo របស់ប្រទេសចិន។
សារបង្ហោះឡើងនោះហាក់ដូចជាសំដៅទៅលើការលើកកម្ពស់ការយល់ដឹង ប៉ុន្តែមនុស្សមួយចំនួនបានគិតថា សារនោះគឺជាការប្រមាទមើលងាយដល់ប្រទេសចិន ដោយពួកគេបានអះអាងថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរលើលោកមួយនេះបានធ្វើគ្រប់គ្រាន់នៅក្នុងការរួមចំណែកដល់អ.ស.ប និងមិនមែនជាប្រភពនៃបញ្ហាផ្សេងៗឡើយ មិនថា បញ្ហាជនអន្តោប្រវេសន៍ ឬភាពទីទ័លក្រទេ។
ពិភពមួយទៀត
នៅក្នុងសារដំបូងដែលត្រូវបានបង្ហោះឡើងមួយថ្ងៃមុនបុណ្យចូលឆ្នាំចិន អ.ស.បបានសរសេរបង្ហោះថា «លោកអ្នកជាទីស្រឡាញ់ តើលោកអ្នកស្រស់ស្រូបអាហារពេលល្ងាចថ្ងៃបុណ្យចូលឆ្នាំចិនឬនៅ? ប្រហែលជាគគ្រឹកគគ្រេងណាស់ហើយ!»។ សារនោះបានបន្តនិយាយពីការដែលមនុស្សប្រមាណ ៨០០លាននាក់នៅលើពិភពលោក ដែលកំពុងប្រឈមនឹងភាពអត់ឃា្លនជារៀងរាល់ថ្ងៃ ហើយចំនួនដូចគ្នានេះដែរកំពុងរស់នៅក្នុងភាពទីទ័លក្រ។ សារនោះក៏បានលើកឡើងថា ប្រាក់មូលនិធិប្រមាណ ២៥០ពាន់លានដុល្លារគឺត្រូវការពីបណ្តាប្រទេសនានានៅលើពិភពលោកដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អ.ស.បក្នុងការលុបបំបាត់ភាពទីទ័លក្រនៅឆ្នាំ ២០៣០។
សារទីពីរ ដែលបានបង្ហោះឡើងនៅដើមថ្ងៃបុណ្យចូលឆ្នាំចិន រួមមានវីដេអូមួយ ដែលឆ្លុះបញ្ចាំងពីភាពខុសគ្នាយ៉ាងខ្លាំងរវាងប្រជាជនដែលរស់នៅតំបន់ដែលមានជម្លោះ ដូចជានៅស៊ីរី និងក្នុងជំរុំជនភៀសខ្លួន និងអ្នកដែលរស់នៅកន្លែងដទៃទៀត។ ចំណងជើងនៃសារនោះបានសរសេរថា៖ «ស្របពេលដែលផ្កានាបុណ្យនិទាឃរដូវរីកស្គុះស្គាយ ខ្ញុំសូមបង្ហាញពិភពមួយទៀត...»។
មុនពេលដែលសារនោះត្រូវបានលុបចោល វីដេអូនោះត្រូវបានគេមើលជាង១០លានដង និងទទួលបានការសរសេរឆ្លើយតបជាង ៥ម៉ឺន៤ពាន់ សារ។ ភាគច្រើននៃការសរសេរឆ្លើយតបគឺមានលក្ខណៈអវិជ្ជមាន ហើយមនុស្សមួយចំនួនបានជំរុញឲ្យអ.ស.បឈប់បញ្ជូនសារលក្ខណៈដូចនេះមកកាន់ប្រទេសចិន ជាពិសេសក្នុងអំឡុងពេលរដូវបុណ្យឈប់សម្រាក។
សារមួយបង្ហោះដោយ MarcelZ ដែលទទួលបានចំនួន «Like» ប្រមាណ ២ម៉ឺន១ពាន់ បានអះអាងថា ប្រទេសចិនបានរួមចំណែកយ៉ាងច្រើនដើម្បីជួយទៅដល់ «ពិភពលោកដទៃមួយនោះ» ដែលអ.ស.បបានចែករំលែកជាមួយនឹងសាធារណជនចិន។
សារនោះបានសរសេរថា៖ «យើងដឹងច្រើនអំពីពិភពដទៃទៀតនោះជាងអ្នក ហើយការរួមចំណែករបស់យើងគឺថែមទាំងមានលើសអ្នកទៀតផង» ដោយបានកត់សម្គាល់ពីការចូលរួមរបស់ប្រទេសចិននៅក្នុងកិច្ចការរក្សាសន្តិភាព វេជ្ជសាស្ត្រ និងសំណង់របស់អ.ស.ប។ សារដដែលនេះបានបន្ថែមថា៖ «នៅគ្រានេះ យើងកំពុងតែធ្វើការស្រាប់ទៅហើយសម្រាប់ពិភពមួយនោះ ដូចនេះចូរកុំមកប្រាប់យើងនៅពេលនេះ ហើយសុំឲ្យយើងមើលទៅពិភពមួយទៀត»។
សារមួយទៀត ដែលទទួលបានចំនួន «Like» ប្រមាណ ១ម៉ឺន១ពាន់បានចោទប្រកាន់អ.ស.បពីការព្យាយាមលាងខួរក្បាលសាធារណជនចិនដោយការប្រើប្រាស់វប្បធម៌បស្ចឹមប្រទេស។
សារនោះបានឲ្យដឹងថា «អ្នកឯង (តាមបែបស្តីបន្ទោស) អ.ស.ប និយាយពីសង្រ្គាមចុះ នៅពេលដែលយើងកំពុងសប្បាយរីករាយជាមួយនឹងបុណ្យនិទាឃរដូវរបស់យើង» ដោយបន្តថា «តើអ.ស.បមានគំនិតអាក្រក់ទៅកាន់ប្រទេសចិនឬ?»។
ការផ្តោតទៅលើប្រទេសចិនដោយអយុត្តិធម៌
ទោះបីជាសារបង្ហោះទាំងពីរខាងលើមិនបានលើកឡើងថា ប្រទេសចិនគឺគួរត្រូវស្តីបន្ទោសក្តី ក៏ប្រជាជនចិនមួយចំនួនគិតថា ប្រទេសខ្លួនជាជនរងគ្រោះដោយសារសារបង្ហោះសារនោះ ហើយបានប្រកែកថា សហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសវិញទេ ដែលគួរតែទទួលសារដូចនេះនៅលើទំព័រហ្វេសប៊ុក (Facebook) ក្នុងអំឡុងថ្ងៃបុណ្យទានរបស់ពួកគេ។
សារមួយបានកត់សម្គាល់ថា «នេះគឺដូចជាបញ្ចូនរូបថតបុណ្យសពអំឡុងថ្ងៃរៀបអាពាហ៌ពិពាហ៌អញ្ចឹង»។
គេមិនបានឃើញសារទាំងពីរខាងលើនៅថ្ងៃបុណ្យណូអែល ឬថ្ងៃបុណ្យឆ្លងឆ្នាំលើបណ្តាញផ្សព្វផ្សាយ ឬគេហទំព័ររបស់អ.ស.បឡើយ។ ប៉ុន្តែនៅលើគេហទំព័រទ្វីធឺ (Twitter) នៅថ្ងៃបុណ្យណូអែល អ.ស.បបានបង្ហោះសារស្រដៀងគ្នានេះចំនួនពីរ មួយគឺអំពីប្រទេសស៊ីរី និងមួយទៀតអំពីភាពទីទ័លក្រ។ គេហទំព័របណ្តាញផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក យូធូប (Youtube) និងទ្វីធឺ ត្រូវបានបិទនៅប្រទេសចិន។
VOA មិនអាចទាក់ទងទៅអ.ស.បនៅក្រុងប៉េកាំងបានទេ ដើម្បីសុំអត្ថាធិប្បាយអំពីការរិៈគន់យ៉ាងខ្លាំងនៅតាមប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែសារអំពីបញ្ហាប្រឈមនៅលើពិភពលោកបែបនេះគឺមានជាទូទៅនៅលើគេហទំព័របណ្តាញផ្សព្វផ្សាយសង្គមរបស់អ.ស.ប។
បន្ថែមពីលើសារបង្ហោះអំពីជនអន្តោប្រវេសន៍ និងភាពទីទ័លក្រ អ.ស.បក៏បានបង្ហោះសារមួយចំនួនដើម្បីសាទរពិធីបុណ្យចូលឆ្នាំចិនផងដែរ ដែលក្នុងនោះរួមមានវីដេអូពីអគ្គលេខាធិការលោក Antonio Guterres ដែលលោកបានសង្កត់ធ្ងន់ពីអ្វីដែលលោកនិយាយថាជា តួនាទីសំខាន់របស់ចិន។
លោក Gutteres បានមានប្រសាសន៍ថា៖ «ខ្ញុំបានសុំបួងសួងឲ្យមានសន្តិភាពនៅក្នុងឆ្នាំ២០១៧នេះ។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីជម្នះលើជម្លោះ ការរំលោភបំពានសិទ្ធិមនុស្ស ភាពទីទ័លក្រ និងវិបត្តិដទៃទៀត» ហើយលោកបានបន្តថា៖ «ហើយលើសពីនេះទៀត យើងត្រូវធ្វើការរួមគ្នាដើម្បីការពារបញ្ហាទាំងនេះកុំឲ្យកើតមានឡើងតាំងពីដើមទី»។
ទោះបីយ៉ាងណាក៏ដោយ ការសរសេរឆ្លើយតបទៅនឹងវីដេអូនោះវិញមួយចំនួនធំនៅតែបន្តជះកំហឹង និងភាពតានតឹងអារម្មណ៍ ជាមួយនឹងសារបង្ហោះដែលត្រូវបានលុបចោលនោះ។
សារមួយបានសរសេរថា៖ «ចូរមើលខុសត្រូវអាមេរិកឲ្យតែបានស្រួលបួលទៅ នោះជាសមិទ្ធផលដ៏មហិមារបស់អ្នកហើយ»។ ហើយសារមួយទៀតបានសរសេរថា៖ «អរគុណលោកអគ្គលេខាធិការ ប៉ុន្តែយើងមិនទទួលយកជនអន្តោប្រវេសន៍ទេ។ តែអ្វីផ្សេងទៀត យើងអាចពិភាក្សាគ្នាបាន»។
សារមួយទៀតហាក់ដូចជាឆ្លើយតបទៅលោក Gutteres ដោយជំរុញឲ្យលោកអគ្គលេខាធិការធ្វើការស៊ើបអង្កេតលើអ្វី ដែលហៅថា «ឥរិយាបថដ៏អាក្រក់របស់បក្សកុម្មុយនីស្តចិន ដែលក្នុងនោះរួមមានការរំលោភបំពានលើសិទ្ធិមនុស្សរបស់ពលរដ្ឋខ្លួន និងការប្រកាន់ពូជសាសន៍របស់ជនអំបូរហាន (កុលសម្ព័ន្ធចម្បងនៅចិន)។
តួនាទីធំជាងមុន
ភាពជ្រួលច្រាលនៅលើបណ្តាញអ៊ិនធឺណិតនេះបានកើតឡើង ស្របពេលដែលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កំពុងតែប្រឈមនឹងការរិះគន់នៅក្នុងស្រុកពាក់ព័ន្ធនឹងគោលនយោបាយអន្តោប្រវេសន៍ និងស្របពេលដែលចិនសម្លឹងនឹងដើរតួនាទីធំជាងមុននៅលើឆាកអន្តរជាតិ។
របាយការណ៍នានាបានលើកឡើងថា រដ្ឋបាលលោកត្រាំអាចកាត់បន្ថយមូលនិធិឧបត្ថម្ភក្នុងទំហំធំទៅកាន់អ.ស.ប ហើយមន្រ្តីចិនធ្លាប់បានបង្ហើបឡើងសន្សឹមៗថា រដ្ឋាភិបាលក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញចន្លោះប្រហោងអំណាចដែលអាចកើតមានឡើង។
ប៉ុន្តែមកទល់ពេលនេះ នៅពេលដែលនិយាយពាក់ព័ន្ធនឹងលុយ និងការដើរតួនាទីធំជាងមុន សាធារណជនចិនហាក់ដូចជាស្ទាក់ស្ទើរ និងមានគំនិតខ្វែងគ្នា។
នៅពេលដែលប្រធានាធិបតីចិនលោកស៊ី ជីនពីន (Xi Jinping) ថ្លែងសុន្ទរកថាដំបូងរបស់លោកនៅអ.ស.បក្នុងឆ្នាំ ២០១៥ ហើយបានសន្យាប្រាក់ពីរពាន់លានដុល្លារសម្រាប់សម្រាលបំណុល និងជំនួយទៅកាន់បណ្តាប្រទេសក្រីក្រ ក្រុមអ្នករិះគន់ក្នុងស្រុកបានអះអាងថា លោកបានធ្វើជ្រុលហួស ដោយកត់សម្គាល់ថា ប្រទេសចិននៅតែមានប្រជាជនរាប់លាននាក់ ដែលកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
អស់រយៈពេលជាងប្រាំមួយទសវត្សរ៍មកនេះ រដ្ឋាភិបាលចិនបានឲ្យដឹងថា ខ្លួនបានរួមចំណែកប្រាក់ជិត ៦០ពាន់លានដុល្លារក្នុងទម្រង់ជាជំនួយទៅកាន់់ប្រទេស និងអង្គការផ្សេងៗចំនួនសរុប ១៦៦ នៅជុំវិញពិភពលោក។ ប៉ុន្តែទំហំប្រាក់នេះនៅតែទាបជាងទំហំប្រាក់ពីបណ្តាប្រទេសសមាជិកសហគមន៍អឺរ៉ុប ដែលផ្តល់ឲ្យជារៀងរាល់ឆ្នាំ។
ហើយនៅពេលដែលពាក់ព័ន្ធនឹងរឿងជនអន្តោប្រវេសន៍ ចិនបានយល់ឃើញថាមួយភាគធំជាបញ្ហាមួយបង្កឡើងដោយបណ្តាប្រទេសនៅបស្ចឹមលោក។ នៅឆ្នាំ ១៩៨២ ប្រទេសចិនបានផ្តល់សច្ចានុម័តលើឯកសារអ.ស.បពាក់ព័ន្ធនឹងស្ថានភាពជនអន្តោប្រវេសន៍។ ទោះបីយ៉ាងណាក៏ដោយ ច្បាប់នោះទើបតែត្រូវយកទៅអនុវត្ត នៅឆ្នាំ២០១៣ ដែលអនុញ្ញាតឲ្យមន្រ្តីសន្តិសុខសាធារណៈចេញអត្តសញ្ញាណប័ណ្ណទៅឲ្យជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា