អង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះបានអំពាវនាវរកថវិកាប្រមាណ ៤,២ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលរងការប៉ះពាល់ដោយសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលមានរយៈពេលជិត ២ឆ្នាំហើយ ក៏ដូចជាសម្រាប់ជួយដល់ជនភៀសខ្លួនរាប់លាននាក់ផ្សេងទៀត ដែលបានរត់ទៅកាន់ប្រទេសដទៃក្នុងតំបន់ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ទីភ្នាក់ងារមនុស្សធម៌និងទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការវាយប្រហារទ្រង់ទ្រាយធំកាលពីពេលថ្មីៗនេះរបស់រុស្ស៊ីដោយនិយាយថា ការវាយប្រហារនោះបានធ្វើឲ្យមហន្តរាយជាខ្លាំងដល់ជនស៊ីវិលក្នុងសង្គ្រាមនេះ ក៏ដូចជាអំពានាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង ដែលធ្វើឱ្យការផ្តល់ជំនួយមនុស្សធម៌កាន់តែមានលក្ខណៈបន្ទាន់ខ្លាំងជាងមុន។
ប្រធានទីភ្នាក់ងារផ្តល់ជំនួយអង្គការសហប្រជាជាតិលោក Martin Griffiths និយាយដូចនេះថា៖ «កុមាររាប់ម៉ឺននាក់ កំពុងរស់នៅក្នុងសហគមន៍ក្នុងតំបន់សមរភូមិមុខនៃសង្គ្រាមដោយពួកគេមានការភ័យរន្ធត់ បាក់ស្បាត និងមិនទទួលបានជំនួយចាំបាច់ផ្សេងៗ។ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យរងការវាយប្រហារជាច្រើនលើកច្រើនសារ ហើយប្រព័ន្ធទឹក ថាមពល និងអគ្គិសនីក៏ទទួលរងដូចគ្នានេះផងដែរ»។
លោកបន្ថែមទៀតថា រចនាសម្ព័ន្ធសង្គមរងការវាយប្រហារ ដោយរងផលលំបាកដ៏មហន្តរាយ។
ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនពេញទំហឹងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក មានជនភៀសខ្លួនជាង ៥,៩លាននាក់ បានរត់ទៅកាន់ប្រទេសផ្សេងៗក្នុងទ្វីបអឺរ៉ុប។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។ ប្រទេសអាល្លឺម៉ង់និងប៉ូឡូញបានទទួលជនភៀសខ្លួនអ៊ុយក្រែនច្រើនជាងគេ គឺប្រមាន ១លាននាក់ ក្នុងប្រទេសនីមួយៗ។ ជនភៀសខ្លួនអ៊ុយក្រែនប្រមាណ ៤សែននាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងសាធារណរដ្ឋឆែក ហើយជាង ១សែននាក់ កំពុងស្ថិតនៅក្នុងប្រទេសម៉ុលដាវី ស្លូវ៉ាគី អៀឡង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស។
ទីប្រឹក្សាសន្តិសុខជាតិមកពីប្រទេសចំនួន ៨៣ បានជួបប្រជុំគ្នានៅក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃអាទិត្យម្សិលមិញ នៅមុនកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីពិភាក្សាពីផែនការសន្តិភាព ១០ ចំណុចរបស់អ៊ុយក្រែន ដែលនឹងគូសបញ្ជាក់ពីលក្ខខណ្ឌរបស់រដ្ឋាភិបាលក្រុងកៀវ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានលើកឡើងពីសារ:សំខាន់នៃការជួបប្រជុំជាអន្តរជាតិនេះ ដោយនិយាយថា៖ «សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ត្រូវតែស្តារឡើងវិញសម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកដោយគ្មានការលើកលែង»៕
ផ្នែកខ្លះនៃសេចក្តីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។