អង្គការ​សហប្រជាជាតិ​ប្រាប់​ក្រុម​តាលីបង់​ឲ្យ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចាកចេញ​ដោយ​សុវត្ថិភាព

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​អ្នកស្រី Linda Thomas-Greenfield ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ក្រុម​តាលីបង់ (Taliban) កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​រំពឹង​ថា ក្រុម​តាលីបង់​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​សម្រាប់​ជនបរទេស​ទាំងអស់​និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ណា​ដែល​ចង់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្នុង​ចំណោម​សមាជិក​ទាំង ១៥ ប្រទេស​របស់​ក្រុមប្រឹក្សា​នេះ មានតែ​ប្រទេស​រុស្ស៊ី​និង​ចិន​ប៉ុណ្ណោះ​ដែល​បាន​សម្រេច​ធ្វើ​អនុបវាទ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ។ សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​តាក់តែង​ដោយ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ផ្ដោត​លើ​សេចក្តី​ថ្លែងការណ៍​ថ្ងៃទី ២៧ ខែ​សីហា​របស់​ក្រុម​តាលីបង់​ដែល​ថា ពួកគេ​នឹង​មិន​រារាំង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ណា​ដែល​ចង់​ចាកចេញ​ពី ប្រទេស​តាម​ផ្លូវ​គោក​ឬ​តាម​ផ្លូវ​អាកាស​នោះ​ឡើយ។

ក្រុមប្រឹក្សា​នេះ​បាន​បញ្ជាក់​ថា ខ្លួន «រំពឹង​ថា ក្រុម​តាលីបង់​នឹង​ប្រកាន់​ខ្ជាប់​តាម​ការ​ប្តេជ្ញាចិត្ត​ទាំង​នេះ និង​ការ​ប្ដេជ្ញាចិត្ត​ផ្សេងៗ​ទៀត ដូចជា​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ទាំងអស់​និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ប្រកប​ដោយ​សុវត្ថិភាព​និង​របៀប​រៀបរយ​ជាដើម»។

រូបភាព​ច្របូកច្របល់​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ចាប់តាំង​ពី​ក្រុម​តាលីបង់​បាន​វាយលុក​ចូល​រដ្ឋធានី​នេះ​កាលពី​ថ្ងៃ​ទី ១៥ ខែ​សីហា​មក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​អន្ទះសា​ចង់​ភៀសខ្លួន​ចេញ​ពី​ប្រទេស។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ជួយ​សម្រួល​ដល់​ការ​ជម្លៀស​ជនជាតិ​អាមេរិក ជនជាតិ​អាហ្វហ្គានីស្ថាន និង​ជនជាតិ​ដទៃ​ទៀត​ចំនួន ១២២.០០០ នាក់ ចាប់តាំងពី​ចុង​ខែ​កក្កដា​មក។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រំពឹង​ថា ក្រុម​តាលីបង់​នឹង​គោរព​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ជនជាតិ​អាហ្វហ្គានីស្ថាន​និង​ជន​បរទេស​ណា​ដែល​ចង់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន»។

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ខ្លះ​ខ្លាច​មាន​ការ​សងសឹក​ចំពោះ​ពួកគេ ដោយសារ​ពួកគេ​ធ្លាប់​ធ្វើការ​ជា​អ្នក​បកប្រែ​ភាសា​និង​ធ្វើការ​ផ្សេង​ទៀត​ឲ្យ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​និង​កង​កម្លាំង​អង្គការ​អូតង់ (NATO)។ ចំណែក​ឯ​ស្ត្រី​និង​ជាតិសាសន៍​ភាគតិច​វិញ ភ័យខ្លាច​ការ​វិល​ត្រឡប់​ទៅ​រក​ការ​គាប​សង្កត់​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដូច​កាលពី​ចុង​ទសវត្សរ៍ ១៩៩០ និង​ដើម​ទសវត្សរ៍ ២០០០ នៅពេល​ដែល​ក្រុម​តាលីបង់​បាន​ឡើង​កាន់​អំណាច​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕