នៅថ្ងៃអង្គារនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងពិភាក្សាអំពីការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅតំបន់ Nagorno-Karabakh។
ការប្រជុំបិទទ្វារនេះ ត្រូវបានស្នើឡើងដោយប្រទេសចំនួន ៥ គឺចក្រភពអង់គ្លេស ប៊ែលហ្ស៊ិក អេស្ដូនី បារាំង និងអាល្លឺម៉ង់ ស្របពេលដែលការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសអាមេនី និងកងទ័ពប្រទេសអាស៊ែបៃហ្សង់នៅតំបន់នោះ មានលក្ខណៈកាន់តែខ្លាំងឡើងកាលពីថ្ងៃចន្ទម្សិលមិញ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយជាមួយលោកប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev និងនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinian និងបានអំពាវនាវឲ្យ «ឈប់ប្រយុទ្ធគ្នាជាបន្ទាន់ និងបន្ថយភាពតានតឹង ហើយងាកមកចរចាប្រកបដោយផ្លែផ្កា ដោយគ្មានលក្ខខណ្ឌកំណត់ជាមុន ឬក៏ការពន្យារពេល»។
អាជ្ញាធរក្នុងតំបន់ Nagorno-Karabakh បានឲ្យដឹងថា ទាហាន ៥៨ នាក់បានស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នានោះតាំងពីថ្ងៃអាទិត្យ នៅពេលភាគីខាងអាស៊ែបៃហ្សង់បើកការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំ។
ប្រទេសអាមេនីបានចោទប្រទេសអាស៊ែបៃហ្សង់ថា បានវាយប្រហារលើកន្លែងតាំងទីលំនៅរបស់ជនស៊ីវិលនៅក្នុងតំបន់ Nagorno-Karabakh ដែលជាតំបន់មានជម្លោះនោះ។ ចំណែកឯក្រសួងការពារជាតិនៃប្រទេសអាស៊ែបៃហ្សង់វិញ បានបញ្ជាក់ថា ខ្លួនបើកប្រតិបត្តិការយោធានៅបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ «ដើម្បីបង្ក្រាបសកម្មភាពប្រទូស្តរាយរបស់ប្រទេសអាមេនី និងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ»។
តំបន់ជម្លោះ Nagorno-Karabakh នេះ ត្រូវបានក្រុមផ្ដាច់ខ្លួនអាមេនីដណ្ដើមកាន់កាប់ពីប្រទេសអាស៊ែបៃហ្សង់នៅក្នុងសង្គ្រាមបង្ហូរឈាមកាលពីទសវត្សរ៍ ១៩៩០។ សង្គ្រាមនេះ បានធ្វើឲ្យមនុស្សប្រហែល ៣ ម៉ឺននាក់ស្លាប់។
ការចរចារកដំណោះស្រាយសម្រាប់ជម្លោះនេះ បានជាប់គាំងតាំងពីមានកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នាឆ្នាំ ១៩៩៤ រវាងប្រទេសអាមេនី អាស៊ែបៃហ្សង់ និងតំបន់ Nagorno-Karabakh។
កិច្ចប្រឹងប្រែងសន្តិភាពសម្រាប់ជម្លោះក្នុងតំបន់ Nagorno-Karabakh ដែលសម្របសម្រួលដោយក្រុម Minsk Group នៃអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) បានបរាជ័យនៅក្នុងឆ្នាំ ២០១០៕