ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាការធ្លាក់យន្តហោះយោធារុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន

រូបភាព​ពី​វីដេអូ UGC បាន​បង្ហាញ​ផ្សែងខ្មៅ​ហុយឡើង​ពី​ទីកន្លែង​នៃ​ហេតុការណ៍​ធ្លាក់​យន្តហោះ​យោធា​របស់​រុស្ស៊ី នៅ​ក្បែរ​ក្រុង Yablonovo នៃ​តំបន់ Belgorod កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ (Validated UGC video via AP)

ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​នឹង​ជួបប្រជុំ​គ្រាអាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បន្ទាប់ពី​យន្តហោះ​ដឹក​ជញ្ជូន​យោធា​រុស្ស៊ី​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ជិត​ព្រំដែន​រុស្ស៊ី​អ៊ុយក្រែន។ ទាំងមន្ត្រី​រុស្ស៊ី​និង​អ៊ុយក្រែន​កំពុង​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត។

ភាគី​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយក្រែន​ពី​ការបាញ់​ទម្លាក់​យន្តហោះ​នោះ ​ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​តំបន់ Belgorod។ រុស្ស៊ី​បាន​និយាយ​ថា ​យន្តហោះ​នោះ​បាន​ដឹក​មនុស្ស​ ៧៤​នាក់ រួមមាន​ឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការដោះដូរ​ឈ្លើយសឹក​គ្នា។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ដែល​កំពុងស្ថិត​នៅ​ក្នុង​បូរី​ញូវយ៉កនៅ​សប្តាហ៍​នេះ​ដើម្បី​ចូលរួម​ជំនួប​នៅឯ​អង្គការ​សហប្រជាជាតិ ​បាន​ចោទប្រកាន់​អ៊ុយក្រែន​ពី​ «ការវាយ​ប្រហារ​ភេរវកម្ម»។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​ទទូច​ឱ្យ​មាន​ការស៊ើបអង្កេត​អន្តរជាតិ​មួយ។

លោក Zelenskyy បាន​និយាយ​ទៀត​ថា ​រុស្ស៊ី​បាន«ប្រឡែង​លេង​ជាមួយ​អាយុ​ជីវិត​របស់ឈ្លើយសឹកអ៊ុយក្រែន ​មនោសញ្ចេតនា​របស់​សាច់ញាតិ​ពួកគេ និង​អារម្មណ៍​របស់​សង្គម​យើង»។

យោធា​របស់​អ៊ុយក្រែន​មិន​បាន​និយាយ​ចំៗ​អំពី​ការធ្លាក់​យន្តហោះ​នោះ​ទេ ក៏ប៉ុន្តែ​បាន​និយាយ​ថា ​រុស្ស៊ី​បានវាយប្រហារដែល​បាន​ជាប់ទាក់ទិន​ដល់​ការចុះចត​របស់​យន្តហោះ​យោធា​នៅ​ក្នុង​តំបន់ Belgorod​ ហើយ​ថា ​អ៊ុយក្រែន​នឹង​ដៅ​ការវាយប្រហារ​លើ​យន្តហោះ​យោធា​រុស្ស៊ី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ដឹកជញ្ជូន​កាំជ្រួច​មីស៊ីល ​សម្រាប់​វាយ​ប្រហារ​នៅ​ពេល​ខាង​មុខ។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការវាយប្រហារ​រយៈពេល​មួយ​យប់​របស់​រុស្ស៊ី ​រួមមាន​ការបាញ់​កាំជ្រួច​មីស៊ីល ៤គ្រាប់​ ចេញពី​តំបន់ Belgorod ផង​ដែរ។ កងទ័ព​អាកាស​អ៊ុយក្រែន​ក៏​បាន​និយាយ​ដែរ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន ១១គ្រឿង ​ក្នុង​ចំណោម​ដ្រូន ១៤គ្រឿង ​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​រុស្ស៊ី៕

អ្នក​យកព័ត៌មាន​របស់​វីអូអេ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​អ្នក​ស្រី Margaret Besheer ផ្តល់​សេចក្តី​រាយការណ៍​នេះ។ ហើយ​សេចក្តីរាយការណ៍​ខ្លះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters