ក្រុម​ប្រឹក្សាសន្តិសុខ​អ.ស.ប.នឹង​ពិភាក្សា​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង

បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​មួយ​ដែល​បង្ហាញ​រូបថត​ចេញផ្សាយ​ដោយ​កាសែត​កូរ៉េ​ខាង​ជើង​ Rodong Sinmun របស់​ការបាញ់កាំជ្រួច​ «Pukguksong-2» និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​ Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​ទីក្រុង​សេអ៊ូលប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃទី១៣ កុម្ភៈ ២០១៧។

ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.បាន​កំណត់​នឹង​ធ្វើការ​ចរចា​បន្ទាន់នៅ​ថ្ងៃ​ចន្ទនេះ​អំពី​ការ​បាញ់បង្ហោះ​កាំជ្រួចមីស៊ីល​ផ្លោង​កាល​ពី​ពេលថ្មីៗ​បំផុតនេះ​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង។​

សហរដ្ឋអាមេរិក ប្រទេសជប៉ុននិង​ប្រទេស​កូរ៉េខាង​ត្បូង​បាន​សុំ​ឱ្យ​មាន​ការ​ប្រជុំ​នេះ​ដែល​កំណត់នឹង​ធ្វើនៅ​រសៀលថ្ងៃ​ចន្ទនេះ​តាម​ពេលវេលា​នៃ​បូរីញូវយ៉ក​។​

ប្រទេស​កូរ៉េខាង​ជើង​បានបង្ហោះ​កាំជ្រួច​មីស៊ីល​ នេះ​កាលពី​ព្រឹកថ្ងៃ​អាទិត្យ​ហើយ​ពួក​មន្ត្រី​យោធា​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា​កាំជ្រួច​នេះ​ហោះ​បាន​ចម្ងាយ​ប្រមាណ​៥០០គ.ម.នៅ​មុន​ពេល​វា​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន។​

នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ ទីភ្នាក់ងារ​ព័ត៌មាន​ KCNA របស់​រដ្ឋ​បាន​អបអរ​សាទរ​ការបាញ់ពិសោធន៍​អ្វី​ដែល​ទី​ភ្នាក់ងារ​នេះ​ហៅ​ថា​ «ប្រព័ន្ធ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​មួយ​បែប​កូរ៉េ» ហើយ​បាន​អួតអាង​ថា​មេដឹកនាំ​ Kim Jong Un បាន​មើល​ខុស​ត្រូវ​នៅ​ពេល​បាញ់​បង្ហោះ​កាំជ្រួច​នេះផង​ដែរ។​

លោក Geng Shuang អ្នក​នាំពាក្យ​នៃក្រសួង​ការបរទេស​ចិន​បាននិយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ប្រទេស​ចិន​ជំទាស់នឹង​ការ​បាញ់បង្ហោះ​កាំ​ជ្រួច​នេះ​ដែល​រំលោភ​លើ​សេចក្តី​សម្រេចចិត្ត​របស់ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.។ ​លោកបាននិយាយ​បន្ថែម​ថា​ប្រទេស​ចិន​ដែល​ជា​សមាជិក​មួយ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.សុំ​ដល់​ភាគី​ទាំង​អស់​ឱ្យ​ទប់ចិត្ត​កុំ​ធ្វើ​សកម្មភាព​បង្ករឿង​ហេតុហើយ​ថា​ចិន​មាន​ជំនឿ​ថា​ការ​សន្ទនា​គ្នា​ជា​មាគ៌ា​ទៅ​កាន់​ដំណោះ​ស្រាយ​មួយ។​

ក្រសួង​ការបរទេសរុស្សី​ក៏​បាន​សម្តែង​កង្វល់ដែរ​នៅ​ថ្ងៃ​ចន្ទនេះ​អំពី​ការ​បង្ហោះ​កាំជ្រួច​នេះ។​

លោកនាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បានហៅ​សកម្មភាពទាំង​នេះ​របស់​កូរ៉េខាង​ជើង​ថា​ជា «សកម្មភាពមិន​អាច​អត់ឱន​ឱ្យបាន​ជា​ដាច់ខាត»។

អត្ថាធិប្បាយ​របស់​លោក Abe មានឡើង​នៅ​ក្នុង​សន្និសីទ​កាសែតមួយ​ជាមួយ​ប្រធានាធិបតី​ស.រ.អា. Donald Trump នៅ​ក្នុង​ឱកាសទស្សកិច្ច​មួយ​ក្នុង​រដ្ឋ​ Florida។

មេដឹកនាំ​ជប៉ុន​រូបនេះ​បាននិយាយ​ថា«ប្រទេសកូរ៉េខាង​ជើង​ត្រូវតែ​គោរព​ពេញ​លេញ​តាមសេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប.ដែលមាន

ពាក់ព័ន្ធ​នឹងបញ្ហានេះ។ នៅ​ក្នុង​ជំនួបកំពូល​ដែល​ខ្ញុំ​បានធ្វើជាមួយ​លោកប្រធានាធិបតី​ Trump លោក​បាន​ធានារ៉ាប់រង​ដល់​ខ្ញុំ​ថា​ស.រ.អា.នឹង​នៅជាមួយ​ប្រទេស​ជប៉ុន ១០០ភាគរយ​ជានិច្ច ហើយ​ដើម្បីបង្ហាញការ​ប្តេជ្ញា​របស់លោក លោក​នៅ​ទី​នេះ​ជាមួយ​ខ្ញុំ​ក្នុង​សន្និសីទសារព័ត៌មាននេះ»។