ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានថ្កោលទោសការសម្លាប់រង្គាលជាង៣០នាក់កាលពីសប្តាហ៍មុននៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងបុគ្គលិក២នាក់របស់អង្គការ Save the Children ដែលត្រូវបានគេស្តីបន្ទោសលើពួកយោធា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការសម្លាប់នេះ បានកើតមានឡើងនៅថ្ងៃបុណ្យមុនថ្ងៃបុណ្យណូអែល Christmas Eve នៅក្នុងរដ្ឋ Kayah ភាគខាងកើតជាកន្លែងដែលពួកឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រយុទ្ធប្រឆាំងពួកយោធាដែលបានដណ្តើមកាន់កាប់រដ្ឋាភិបាលពីរដ្ឋបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យកាលពីខែកុម្ភៈមក។
ក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃពុធសមាជិកក្រុមប្រឹក្សាសន្តិសុខ«បាននិយាយសង្កត់ធ្ងន់ពីការទទួលខុសត្រូវចំពោះសកម្មភាពនេះ»។
ពួកគេក៏បានអំពាវនាវឲ្យ«បញ្ឈប់ជាបន្ទាន់»គ្រប់អំពើហិង្សាទាំងអស់ហើយបានបញ្ជាក់ពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្សនិងការធានាសុវត្ថិភាពជនស៊ីវិល។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា«មនុស្សយ៉ាងតិចណាស់៣៥នាក់»បានត្រូវសម្លាប់ក្នុងការវាយប្រហារ រួមមានកុមារ៤នាក់និងសមាជិក២នាក់របស់អង្គការសប្បុរសធម៌ Save the Children ផង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បាន«និយាយសង្កត់ធ្ងន់ពីតម្រូវការឲ្យមានសុវត្ថិភាពនិងការដឹកជំនួយមនុស្សធម៌ដោយគ្មានឧបសគ្គសម្រាប់មនុស្សដែលត្រូវការជំនួយនិងការការពារ សុវត្ថិភាពនិងសន្តិសុខរបស់បុគ្គលិកមនុស្សធម៌និងសុខាភិបាលទាំងអស់»។
ពួកអ្នកប្រយុទ្ធប្រឆាំងនឹងពួកយោធានិយាយថា ពួកគេបានឃើញសាកសពមនុស្សឆេះជាង៣០នាក់រួមមានស្ត្រីនិងកូនក្មេងផងនៅតាមផ្លូវ Highway នៅក្នុងរដ្ឋ Kayah បន្ទាប់ពីមានការវាយប្រហារ។
បុគ្គលិក២នាក់របស់អង្គការ Save the Children បានបាត់ខ្លួនហើយក្រុមអង្គការសិទ្ធិមនុស្សបានបញ្ជាក់កាលពីថ្ងៃអង្គារថា ពួកគេស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ។
ប្រទេសមីយ៉ាន់ម៉ាមានការច្របូកច្របល់ចាប់តាំងពីមានរដ្ឋប្រហារកាលពីខែកុម្ភៈហើយមនុស្សជាង១ពាន់៣រយនាក់បានត្រូវសម្លាប់នៅក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខ។នេះបើតាមក្រុមឃ្លាំមើលក្នុងស្រុក៕