ការផ្ទុះគ្រាប់បែកមួយហើយបន្តដោយការបាញ់កាំភ្លើងបានកើតមានឡើងយ៉ាងកក្រើកនៅសង្កាត់ដែលសំបូរដោយស្ថានទូតនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
ព័ត៌មានលម្អិតស្តីពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នៅពុំទាន់មានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែការវាយប្រហារនេះកើតមានឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរថយន្តស្ថានទូតអង់គ្លេសត្រូវរថយន្តមួយដែលបង្កប់គ្រាប់បែកអត្តឃាតបានបើកមកបុក។ ការវាយប្រហារនោះបានសម្លាប់ឆ្មាំសន្តិសុខជាតិអង់គ្លេសម្នាក់ បុគ្គលិកស្ថានទូតជាតិអាហ្វហ្កានីស្ថានម្នាក់និងមនុស្សបីនាក់ផ្សេងទៀត។
ក្រុមតាលីបង់បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនោះ ក៏ដូចជាការផ្ទុះដែលបានធ្វើឱ្យកក្រើកដល់សង្កាត់អ្នកការទូតកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីមូលដ្ឋាននិយាយថាការផ្ទុះគ្រាប់បែកនោះបានបង្កឱ្យមនុស្ស៣៣នាក់រងរបួស ហើយពួកគេភាគច្រើនជាជនស៊ីវិលជាតិអាហ្វហ្កានីស្ថាន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសលើការវាយប្រហារលើរថយន្តរបស់ស្ថានទូតអង់គ្លេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខបាននិយាយថាក្រុមជនល្មើសនិងអ្នកនៅពីក្រោយខ្នងនៃសកម្មភាពភេរវកម្មត្រូវតែនាំយកមកកាត់ទោស ហើយបានបញ្ជាក់សារជាថ្មីថា គ្មានសកម្មភាពភេរវកម្មណាអាចបង្វែរទិសនៃដំណើរឆ្ពោះទៅរកសន្តិភាពដែលនាំមុខដោយជនជាតិអាហ្វហ្កានីស្ថាន លទ្ធិប្រជាធិបតេយ្យ និងស្ថេរភាពនៅក្នុងប្រទេសអាហ្វហ្កានីស្ថានបានឡើយ។