មន្ត្រី​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជាជាតិ​​អំពាវនាវ​ឲ្យ​​ដោះលែង​មន្ត្រី​អាដហុក​​និង​គ.ជ.ប.

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា OHCHR នាទីក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

អ្នកស្រី​ រ៉ូណា ស្មីត ​( Rhona Smith)​ អ្នក​រាយ​ការណ៍​ពិសេស​របស់​ឧត្តម​ស្នងការ​​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​ និង​តុលាការ​កម្ពុជា​ចំណាយ​ពេល​យូរ​ ចំពោះ​ដំណើរ​ការ​សំណុំ​រឿង​របស់​មន្រ្តី​អាដហុក​ និង​មន្រ្តី​ គ.ជ.ប.។​

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជាដោះ​លែង​មន្រ្តី​អាដហុក​ និង​មន្រ្តីគ.ជ.ប.​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​គួរ​ឲ្យ​មន្ទិលរវាងលោក​កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​និង​នារី​កាត់សក់​ម្នាក់។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​ពុធ ​ទី​២៥​ខែ​មករា​នេះ។​

ក៏​ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជាបាន​បដិសេដ​ការ​ទទូច​នេះ​ ដោយលើក​ឡើង​ថា​ តុលាការ​កម្ពុជា​កំពុង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ និង​ដោយ​ឯករាជ្យ។​

អ្នកស្រី​ រ៉ូណា ស្មីត ​( Rhona Smith)​ អ្នក​រាយ​ការណ៍​ពិសេស​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្សប្រចាំ​កម្ពុជា ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​ និង​តុលាការ​កម្ពុជា​ចំណាយ​ពេល​យូរ​ ចំពោះ​ដំណើរ​ការ​សំណុំ​រឿង​របស់​មន្រ្តី​អាដហុក​ និង​មន្រ្តី​ គ.ជ.ប.។​

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ​អ្នកស្រី​ រ៉ូណា ស្មីត​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​ ​«ការ​ប្រើប្រាស់​នូវ​បទ​បញ្ញត្តិ​ព្រហ្មទណ្ឌ​ ជា​លេស​មួយ​ដើម្បី​បង្រ្កាប​ និង​ទប់ស្កាត់​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់ ​ក្នុង​ការ​សម្តែង​មតិ​ និង​ដើម្បី​បំបិទ​សំឡេងអ្នក​ការពារ​សិទ្ធិ​មនុស្សនោះ​ គឺ​មិនស្រប​នឹង​មាត្រា​១៩​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ (ICCPR) ​ដែល​ប្រទេស​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​នោះ​ទេ»។​

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ អ្នកស្រី​ រ៉ូណា ស្មីត​ថ្លែង​បន្ត​ទៀត​ថា៖​ «ក្នុង​នាម​ជាភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ កម្ពុជា​មាន​កាតព្វកិច្ច​ក្នុង​ការ​គោរព​សេរីភាពនៃ​ការ​សម្តែង​មតិ​ និង​សិទ្ធិ​ទទួល​បាន​សវនាការ​ប្រកប​ដោយ​ភាព​យុត្តិធម៌​ ​ភ្លាមៗ​ក្នុង​រយៈពេល​សមហេតុផល​មួយ​ ឬ​ដោះលែង​ដោយ​សម​ហេតុផល»។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះឲ្យ​ដឹង​ថា​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ផ្ញើ​លិខិត​រួម​គ្នា​មួយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​តាមដាន​លើ​ករណី​របស់មន្រ្តីទាំង​៥​រូប។​ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ សំណើ​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ជាក់​ប្រាប់ ​VOA ​ថា​ ស្ថាប័ន​តុលាការ​គឺ​ជា​ស្ថាប័ន​ឯករាជ្យ​ ដែល​គ្មាន​ស្ថាប័ន​ណា​ផ្សេង​អាច​បញ្ជា​ឲ្យ​ដោះលែង​ជន​ជាប់​ចោទ​ណា​មួយ​ដែល​កំពុងស្ថិត​ក្រោម​នីតិវិធី​របស់​តុលាការ​នោះ​ទេ។​

«រាជ​រដ្ឋាភិបាល​គ្មាន​សមត្ថកិច្ច​ណា​មួយ​ទៅ​បង្ខំ​តុលាការ​ឲ្យ​ដោះ​អ្នក​ហ្នឹងឲ្យ​ចេញ​ពី​ពន្ធនាគារ​ទេ​ ព្រោះ​អ្នក​ទាំង​អស់​ហ្នឹង​ស្ថិត​ក្រោម​កាតព្វ​កិច្ច​តុលាការ។ ​ចែង​នៅក្នុង​រដ្ឋធម្មនុញ​ មាន​តែ​នៅ​ទី​បញ្ចប់​នៃ​ដំណើរ​ការ​យុត្តិធម៌ទេ​ ទើប​នាយករដ្ឋ​មន្ត្រីដែល​មាន​បុព្វ​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​ទៅ​ព្រះ​ករុណា​ដើម្បី​ដោះលែង​បាន»។​

លោក ​ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​បាន​លើក​ឡើង​ថា​ ជំនួស​ឲ្យ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​បែបនេះ​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្សគប្បី​សិក្សា​លម្អិត​ទៅ​លើ​ទិដ្ឋភាព​ច្បាប់បញ្ជូនទៅ​តុលាការ​ដើម្បី​ស្វែងរក​គន្លឹះ​ដោះ​បន្ទុក​ ឬ​ការពារ​មន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ។​

«ដំណើរការ​ជា​រឿង​ធម្មតា​ បើ​គាត់​មើល​ទៅ​លើ​ច្បាប់​ជាតិ​ ក៏​ដូចជា​ច្បាប់​អន្តរជាតិ​ដែរ​ គឺ​គេ​មិន​កំណត់​ថា ​ដំណើរ​ការ​ត្រូវតែ​មាន​រយៈ​ពេល​ប៉ុន្មាន​ទេ​ សំខាន់​គឺ​ថា​ ការ​ស៊ើបអង្កេត​មាន​លក្ខណៈ​សព្វ​គ្រប់​ មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ និង​សម្រេច​សេចក្តី​ឬទេ។ ​ពី​សំណុំ​រឿង​មួយ​ទៅ​សំណុំ​រឿង​មួយ​ វា​មាន​ភាព​ខុសគ្នា​ ភាព​ស្មុគស្មាញ ការ​ស៊ើបអង្កេត​ នីតិវិធី​នៃ​ការ​ស្រាវជ្រាវ​ ក៏​វា​ខុសគ្នា​ដែរ»។​

លោក ​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​ នី ​សុខា​ លោក​ ណៃ​ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​ លឹម មុន្នី​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦​ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ។​

គិត​ត្រឹម​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៧​នេះ​ ​អ្នក​ទាំង​៥​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ចំនួន​២៧៣​ថ្ងៃ ​ឬ​ប្រហែល​៩​ខែ។​

កាល​ពី​ថ្ងៃ​អង្គារ​ ដើម​សប្តាហ៍​នេះ ក្រុម​គ្រួសារ​មន្រ្តី​អាដហុក ​និង​មន្រ្តី​គ.ជ.ប.​ ដែល​កំពុង​ជាប់​ឃុំ ​បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ​និង​ព្រះ​បរម​រាជវាំង សុំ​អន្តរាគមន៍​ឲ្យ​មាន​ការដោះ​លែង​ឪពុក​ម្តាយ និង​ស្វាមី​របស់​ពួកគេ។ ពួកគេរំពឹង​ថា​ ស្ថាប័ន​ទាំង​ពីរ​នឹង​ជួយ​អន្តរាគមន៍​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ឪពុក​ម្តាយ​ និង​ស្វាមី​របស់​ពួកគេ។

ដូចគ្នា​នឹង​អ្នកស្រី​ រ៉ូណា ស្មីត​ដែរ​ អ្នកស្រី​ចក់ សុភាព ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR) យល់ថា​ មន្ត្រី​យុត្តិធម៌​ហាក់​ចំណាយ​ពេល​យូរ​ចំពោះ​នីតិវិធី​ច្បាប់​ សូម្បីតុលាការ​មិន​ទាន់​មាន​ភ័ស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់នៅ​ឡើយ។​

«ពួក​គាត់​មិន​គួរ​ត្រូវ​បាន​ឃុំខ្លួន​ នៅពេល​ដែល​តុលាការ​មិនអាច​រក​ភ័ស្តុតាង​គ្រប់គ្រាន់។ ​មក​ដល់​ពេលនេះ​ សូម្បី​តែ​ដំណាក់​កាល​ស៊ើបសួរ​ក៏មិន​ទាន់​ចប់​ផង»។​

អ្នកស្រីចក់ សុភាព​ថ្លែង​ប្រាប់​ VOA ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ​ហាក់​មាន​ស្តង់ដារ​ច្រើន​ ពី​ករណី​មួយ​ទៅ​ករណី​មួយ។ អ្នកស្រី​ចក់ សុភាព​ពន្យល់​បន្ថែម​ ដោយ​ប្រៀប​ធៀប​ករណី​មន្ត្រី​ទាំង​៥​នេះ​ជាមួយ​នឹង​ករណី​ជន​ល្មើស​វាយ​ដំ​តំណាង​រាស្ត្រ​២រូបនៅ​មុខ​រដ្ឋសភា​ និង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​កែម ឡី អ្នក​វិភាគ​សង្គម។ អ្នកស្រី​មាន​ប្រសាសន៍យ៉ាង​ដូច្នេះថា៖​

«បើ​យើង​មើល​ពី​នីតិវិធី​នីមួយៗ​ ជាទូទៅ​ ករណី​ពាក់ព័ន្ធ​នឹង​សកម្មជន​សិទ្ធិ​មនុស្ស​ កម្រ​ត្រូវ​បាន​តុលាការ​ធ្វើការ​សម្រាល​ទោស​ ឬ​ឲ្យ​គាត់​នៅ​ក្រៅឃុំ។​ ប៉ុន្តែ​បើ​យើង​មើល​លើ​ករណី​ ដូចជា​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ ​យើង​ឃើញ​កាត់​ទោស​ភ្លាមៗ​ ឯ​ទោស​ទណ្ឌ​ទៀត​គឺ​ស្រាល​មែនទែន។ ​យើង​មើល​រូបភាព​ឃើញ​ខុសគ្នា​មែន​ទែន។ ​ប្រៀបធៀប​ករណី​មួយទៀតគឺលោក​កែម ឡី​ ​យើង​ឃើញ​ថា​ ជា​បទ​ឧក្រិដ្ឋ​មួយ​ដែល​ធ្ងន់ធ្ងរ​មែន​ទែន​ ប៉ុន្តែ​តុលាការ​ធ្វើការ​លឿន​មែនទែន​ ក្នុង​ការ​បិទ​ដំណាក់កាល​ស៊ើបសួរ​នេះ»។​

នៅ​ក្នុង​បទ​សម្ភាសន៍ដាច់​ដោយ​ឡែក​មួយ​ជា​មួយ ​VOA​ កាល​ពី​ចុង​ឆ្នាំ​២០១៦ អ្នកស្រី រ៉ូណា ស្មីត ​( Rhona Smith)​ បាន​លើក​ឡើង​ថា​ តុលាការ​គួរ​តែ​បង្ហាញ​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់ ​និង​កំណត់​ថា​ បុគ្គល​នោះ​មាន​ទោស​ទណ្ឌ​ ឬ​យ៉ាងណា។​

លោក​ស្រី​ Rhona Smith ​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា​ ការ​ឃុំ​ខ្លួន​បុគ្គល​ទាំង​រយៈពេល​យូរ​ពេកសម្រាប់នីតិវិធី​តុលាការ​គឺជា​បញ្ហា៕