អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប.​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​អនុវត្ត​អនុក្រឹត្យ​«ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ»​​

រូបឯកសារ៖ មនុស្ស​ម្នាក់​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ដើម្បី​បើក​ចូល​មើល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ផ្អាក​ផែនការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​«ច្រកទ្វារ​អ៊ីនធឺណិត» ដោយ​លើក​ឡើង​ថា ​អនុក្រឹត្យ​នេះ​មាន​«លក្ខណៈ​រឹតត្បិត» និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​ និង​សេរីភាព​តាម​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

អ្នក​ជំនាញ​លើក​ឡើង​ថា ​អនុក្រឹត្យ​ស្តីពី​ «ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ» ​ដែល​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​ នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត​ ការ​បំពេញ​ការងារ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស។ ​អនុក្រឹត្យ​ដដែល​នេះ​ ក៏​នឹង​ធ្វើ​ឲ្យ​លម្ហ​ស៊ីវិល​ ដែល​មាន​លក្ខណៈ​រឹតត្បិត​រួច​ទៅ​ហើយ​នោះកាន់​តែ​រួម​តូច។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ចុះ​ថ្ងៃ​ទី​៣១ ​ខែ​មករា​ ឆ្នាំ​២០២២​នេះ។

អ្នក​ជំនាញ​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ថា​ អនុក្រឹត្យ​ខាង​លើ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​កម្ពុជា​អាច​តាមដាន​សកម្មភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​ស្កាត់​ ចាប់យក​ និង​ត្រួត​ពិនិត្យ​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ព្រម​ទាំង​ប្រមូល​ រក្សា​ទុក​ និង​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​នីមួយៗ។​

អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «អនុក្រឹត្យ​ដែល​មាន​លក្ខណៈ​រឹតត្បិត​នេះ​អាច​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​លើ​សិទ្ធិ​ឯកជនភាព​ និង​បង្កើត​បាន​ជា​ហានិភ័យ​គ្រោះ​ថ្នាក់​មួយ​ ប្រសិន​បើ​ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ​ខុស»។​

អ្នក​ជំនាញ​បាន​អះអាង​ថា​ អនុ​ក្រឹត្យ​ដែល​ស្ថិត​នៅ​ក្នុង​ទម្រង់​បច្ចុប្បន្ន​គឺ​មាន​ហួស​ពី​ការ​រឹតត្បិត​ ដែល​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ការ​កម្រិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ដែល​មាន​ចែង​ក្នុង​មាត្រា ​១៧ ​និង​ ១៩​ (៣)​ នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ​ ដែល​ជា​សន្ធិ​សញ្ញា​សិទ្ធិ​មនុស្ស​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​ជា​ភាគី​មួយ​ផង​ដែរ។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លោក ​អំ សំអាត​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ជា​រឿង​ត្រឹមត្រូវ​ ដែល​ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​ក្តី​កង្វល់​និង​ជំរុញ​ឲ្យ​មាន​ការ​ផ្អាក​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ដ៏​ចម្រូង​ចម្រាស​នោះ​ ខណៈ​លោក​សង្កេត​ឃើញ​ថា ​កន្លង​មក​ រដ្ឋាភិបាល​ក៏​បាន​រៀបចំ​ជា​អង្គភាព​ ឬ​ស្ថាប័ន​មួយ​ចំនួន​ដើម្បី​តាម​ឃ្លាំ​មើល​ក្រុមហ៊ុន​ ឬ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​រួច​ទៅ​ហើយ។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ​នៅ​ពេល​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អ៊ីនធឺណិត​ត្រូវ​បាន​អនុវត្ត​នោះ​រដ្ឋ​អំណាច​នឹង​មាន​លទ្ធភាព​ខ្ពស់​ជាង​មុន​នៅ​ក្នុង​ការ​តាមដាន​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ជំហរ​នយោបាយ​ជំទាស់​ ឬ​រិះគន់​រដ្ឋាភិបាល។​

លោក​បាន​ថ្លែង​ថា៖​ «ហើយ​បើ​សិន​ជា​ព័ត៌មាន​ណា​ ដែល​មិន​រិះគន់​លើ​រដ្ឋាភិបាល ​ឬ​ក៏​ព័ត៌មាន​ណា​ដែល​គាត់​សន្ទនា​ជា​លក្ខណៈ​ឯកជន​ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ទៅ​ដល់​រាជរដ្ឋាភិបាល​អី​ជា​ដើម​ ឬ​ក៏​ការ​ប្រជុំ​ជា​លក្ខណៈ​ក្រុម​ក្នុង​នាម​ការងារ​របស់​ពួក​គេ​អី​ជា​ដើម​ទៅ​ វា​អាច​នឹង​រង​នូវ​ផល​ប៉ះពាល់​ ហើយ​ជា​ការ​ងាយ​ក្នុង​ការ​ពិនិត្យ​ និង​ឃ្លាំមើល​យ៉ាង​ដិត​ដល់»។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​លោក​ ជិន ម៉ាលីន ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ ដោយ​ថា​ អនុក្រឹត្យ​ស្តីពី​ច្រក​ទ្វារ​អ៊ីនធឺណិត​មាន​គោលដៅ​គ្រប់គ្រង​សន្តិសុខ​ផ្នែក​ព័ត៌មាន​វិទ្យា ​និង​ប្រមូល​ចំណូល​ដល់​ថវិកា​ជាតិ។​

លោក​បាន​ថ្លែង​ថា៖ ​«អនុក្រឹត្យ​នេះ​ដូចជា​ មិន​មែន​ជា​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ ឬ​ជីវិត​ឯកជន​អី​ទេ​ ព្រោះ​អី​គោល​បំណង​គឺ​ដើម្បី​ផល​ប្រយោជន៍​សន្តិសុខ​ជាតិ​ ផល​ប្រយោជន៍​សាធារណៈ ​និង​ការ​គ្រប់គ្រង​ចំណូល​របស់​ជាតិ។​ ហើយ​មិនមែន​តែ​កម្ពុជា​ឯណា ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ក៏​គេ​ធ្វើ​ដូចគ្នា​អ៊ីចឹង​ដែរ​...​ មិនមែន​កម្ពុជា​តែ​មួយ​ ខុស​ពី​គេ​ឯ​ណា!»​

កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ «ការ​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ» ​ក្នុង​គោល​ បំណង​សម្រួល ​និង​គ្រប់គ្រង​ការ​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ក៏​ដូច​ជា ​លើក​កម្ពស់​ការ​កៀរគរ​ចំណូល និង​កិច្ចការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ វប្បធម៌​ និង​ប្រពៃណី​ជាតិ។​

គួរ​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ការ​ដាក់​ចេញ​នូវ​អនុក្រឹត្យ​នេះ​មក​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស ​អង្គការ​គាំពារ​ផ្នែក​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​ អ្នក​តាម​ដាន​សង្គម​ និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​ បាន​បង្ហាញ​មន្ទិល​ និង​ក្តី​កង្វល់​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធ​ភាព ​និង​វិសាល​ភាព​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ៕