ឧត្តមស្នងការ​សិទ្ធិ​មនុស្ស ​អ.ស.ប. ​ព្រមាន​ថា មីយ៉ាន់ម៉ា​អាច​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ដូច​ស៊ីរី

រូបឯកសារ៖ ក្រុមយុវជនមីយ៉ាន់ម៉ាដែលប្រឆាំងនឹងរបបយោធាបានប្រមូលផ្តុំគ្នាតវ៉ានៅភូមិ Thaketa ក្រុងរ៉ង់ហ្គូន កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។

លោកស្រី Michele Bachelet ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​កំពុង​អំពាវនាវ​ដល់​រដ្ឋ​ទាំង​អស់​ដែល​មាន​ឥទ្ធិពល​ ជា​ពិសេស​ប្រទេស​នៅ​ជិតខាង​មីយ៉ាន់ម៉ា​ ឱ្យ​ដាក់​សម្ពាធ​រួម​គ្នា​លើ​របប​យោធា​កាន់​អំណាច ​ដើម្បី​បញ្ចប់​ការ​គាបសង្កត់ និង​ការ​សម្លាប់​ប្រជាជន​មីយ៉ាន់ម៉ា។

លោកស្រី​ថា យោធា​មីយ៉ាន់ម៉ា​កំពុង​រំលោភបំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន ដែល​អាច​នឹង​ក្លាយ​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​ត្រូវ​តែ​បញ្ឈប់។ លោកស្រី Ravina Shamdasani អ្នក​នាំពាក្យ​របស់​លោកស្រី Bachelet ថា លោកស្រី​ឧត្តមស្នងការ​មាន​ការ​ភ័យខ្លាច​ថា ការ​បន្ត​បទឧក្រិដ្ឋ​ទាំង​នេះ​អាច​ហែកហួរ​ប្រទេស​មួយ​នេះ ​និង​នាំ​ទៅ​រក​សង្គ្រាម​ស៊ីវិល​ដូច​នៅ​ស៊ីរី​ដែរ។​

លោកស្រី Ravina Shamdasani ថ្លែង​ក្នុង​ន័យ​ដើម​ថា៖

«លោកស្រី​ឧត្តមស្នងការ​លើក​ឡើង​ថា មាន​ស្ថានភាព​ច្បាស់ៗ​ ដូច​នៅ​ស៊ីរី​ក្នុង​ឆ្នាំ ២០១១ ​ដែរ។ នៅ​ទីនោះ យើង​ក៏​ឃើញ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី ដែល​ត្រូវ​ប្រឈម​នឹង​កងកម្លាំង​ដែល​មិន​មាន​សមាមាត្រ និង​មិន​ចាំបាច់។ ការ​គាបសង្កត់​ដ៏​ព្រៃផ្សៃ និង​រ៉ាំរ៉ៃ​ទៅ​លើ​ប្រជាជន​ខ្លួន ​បណ្តាល​ឱ្យ​បុគ្គល​មួយ​ចំនួន​ចាប់ផ្តើម​កាន់​អាវុធ ហើយ​ក្រោយ​មក​នឹង​មាន​អំពើ​ហិង្សា​កាន់​តែ​រីករាលដាល​យ៉ាងលឿន​នៅ​ទូទាំង​ប្រទេស»។​

សង្គ្រាម​ស៊ីវិល​មួយ​ទសវត្សរ៍​នៅ​ស៊ីរី​មាន​ផលប៉ះពាល់​យ៉ាង​អាក្រក់។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ស្មាន​ថា មនុស្ស​ចំនួន​ប្រមាណ ៤០០.០០០ បាន​ស្លាប់ មនុស្ស​ចំនួន ១១,៧ លាន​នាក់​ ត្រូវ​បាន​ផ្លាស់ទី​លំនៅ​ទាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ក្នុង​នាម​ជា​ជនភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​មនុស្ស​ជាង ១១ លាន​នាក់ ​ត្រូវ​ការ​ជំនួយ​អន្តរជាតិ​ដើម្បី​រស់។

លោកស្រី Shamdasani ថា របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត​បាន​បង្ហាញ​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​នៅ​ដើម​ខែមេសា​ ជា​ស្ថានភាព​សាហាវ​និង​អាក្រក់​ខ្លាំង។ លោកស្រី​ថា កងកម្លាំង​ប្រដាប់​អាវុធ​នៅ​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Tatmadaw បាន​វាយប្រហារ​លើ​ជនស៊ីវិល​ជាមួយ​នឹង​គ្រាប់​បែក​ដៃ​បញ្ជា​ដោយ​រ៉ុក្កែត និង​កាំភ្លើង​ត្បាល់ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៨២ នាក់។​

លោកស្រី​ថា មនុស្ស​មួយ​ចំនួន​កំពុង​ប្រើប្រាស់​អាវុធ​ច្នៃ​បណ្តោះអាសន្ន ឬ​ដែល​អាច​ច្នៃ​បាន​ក្នុង​ការ​ការពារ​ខ្លួន ហើយ​ការ​ប៉ះទង្គិច​រវាង​យោធា និង​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​ប្រដាប់​ដោយ​អាវុធ​នៅ​ក្នុង​រដ្ឋ Kachin រដ្ឋ Shan និងរដ្ឋ Kayn កំពុង​តែ​តានតឹង​ខ្លាំងឡើង។

លោកស្រី Ravina Shamdasani ថ្លែងថា៖

«ខណៈ​ការ​ចាប់​ខ្លួន​នៅ​តែ​បន្ត​មនុស្ស​យ៉ាង​ហោច​ណាស់ ​៣.០៨០ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ​នៅ​ពេល​នេះ។ មាន​របាយការណ៍​ថា មនុស្ ស​២៣ នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត បន្ទាប់​ពី​មាន​សវនាការ​សម្ងាត់​រួម​មាន​អ្នក​តវ៉ា​ ៤ នាក់ និង​មនុស្ស​ ១៩ នាក់​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ និង​នយោបាយ។ ការ​ចាប់​ខ្លួន​ទ្រង់ទ្រាយ​ធំ​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​រយ​នាក់​រត់​គេច​ខ្លួន»។

លោកស្រី Shamdasani ថា សេដ្ឋកិច្ច ការ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កំពុង​ដួល​រលំ។ លោកស្រី​ថា មនុស្ស​រាប់លាន​នាក់​បាន​បាត់បង់​ប្រាក់​ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគេ ហើយ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​កាន់​តែ​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​រក​អ្វី​បាន។

លោកស្រី Bachelet បាន​ហៅ​ស្ថានភាព​នេះ​ថា​ជា​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន។ លោកស្រី​ថា បណ្តា​ប្រទេស​នានា​ត្រូវ​តែ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​អាវុធ និង​ហិរញ្ញប្បទាន​ដល់​មេដឹកនាំ​យោធា ដែល​អាច​នាំ​ឲ្យ​មាន​ការ​សម្លាប់​ប្រជាជន​ខ្លួន និង​រំលោភបំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ​ស្រេង លក្ខិណា