មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានស្នើឲ្យមានការស៊ើបអង្កេតទៅលើប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បន្ទាប់ពីលោក Duterte បានអះអាងថាលោកបានសម្លាប់ឧក្រិដ្ឋជនមួយចំនួនដោយផ្ទាល់។
លោក Zeid Ra'ad al-Hussein ស្នងការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យអាជ្ញាធរហ្វីលីពីនបើកការស៊ើបអង្កេតករណីឃាតកម្មទៅលើការអះអាងរបស់លោក Duterte កាលពីថ្ងៃសុក្រ ដែលលោកបាននិយាយថា លោកបានបាញ់សម្លាប់បុរស៣នាក់ កាលពីពេលដែលលោកធ្វើជាអភិបាលក្រុង Davao។
លោក Zeid បាននិយាយថា៖ «វាមិនអាចយល់បានទេចំពោះប្រព័ន្ធតុលាការណាដែលមិនបើកការស៊ើបអង្កេតនិងធ្វើការកាត់ទោស នៅពេលដែលជនណាម្នាក់សារភាពដោយបើកចំហថា ខ្លួនគឺជាឃាតករនោះ»។
លោក Duterte បាននិយាយក្នុងពេលសុន្ទរកថាថ្មីៗនេះថា លោកធ្លាប់ជិះម៉ូតូធំមួយគ្រឿងជុំវិញទីក្រុង Davao ដើម្បីស្វែងរកឧក្រិដ្ឋជនដែលលោកអាចសម្លាប់បាន ដើម្បីឲ្យប៉ូលិសធ្វើដូចលោកដែរ។
យោងតាមលោក Zeid ការសារភាពរបស់លោក Duterte គឺជាការបំពានច្បាប់អន្តរជាតិដោយផ្ទាល់ ហើយលោក Duterte ត្រូវតែប្រឈមចំពោះមុខច្បាប់ដើម្បីផ្ញើជាសារថា អំពើឃាតកម្មនិងការបំពានសិទ្ធិមនុស្សនឹងមិនត្រូវអត់ឱនឲ្យដោយរដ្ឋនោះទេ ហើយគ្មាននរណាម្នាក់នៅពីលើច្បាប់នោះឡើយ៕