ប្រតិភូដែលបានចូលរួមនៅក្នុងសម័យប្រជុំលើកទី ៣៨ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានធ្វើការកោតសរសើរចំពោះលោក Zeid Ra’ad Al Hussein ក្រោយពីលោកបានបញ្ចប់ការថ្លែងសុន្ទរកថាលើកចុងក្រោយរបស់លោកមុននឹងលោកបញ្ចប់មុខតំណែងជាឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅចុងខែសីហាខាងមុខនេះ។
នៅឯចុងបញ្ចប់នៃអាណត្តិរបស់លោកដូចនេះ ទំនងជាបានធ្វើអោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះអាចនិយាយដោយឥតសំចៃមាត់ជាងធម្មតា។
លោកមានការសោកស្ដាយជាពិសេសចំពោះការកើនឡើងនៃទស្សនៈជាតិនិយមជ្រុលដែលបានជំរុញដោយអ្វីដែលលោកបានហៅថាជាអ្នកដឹកនាំដែលបម្រើប្រយោជន៍ខ្លួនឯង។
លោក Zeid Ra’ad Al Hussein បានថ្លែងយ៉ាងដូច្នេះថា៖ «មានតែការធ្វើផ្ទុយពីទស្សនៈជាតិនិយម មានតែប្រទេសនីមួយៗធ្វើការសម្រាប់គ្នាទៅវិញទៅមក សម្រាប់មនុស្សគ្រប់គ្នា សម្រាប់សិទ្ធិមនុស្សរបស់មនុស្សគ្រប់រូបតែប៉ុណ្ណោះទេ ទើបអាចទទួលបានសន្តិភាព…..ដោយគ្រាន់តែហ៊ានចេញមុខនិយាយ ក៏យើងអាចចាប់ផ្ដើមប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងនៃការគំរាមកំហែងនៃទស្សនៈជាតិនិយមជ្រុលដែលរារាំងអនាគតរបស់ពួកយើងបានដែរ»។
លោកបានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលបានអនុម័តកាលពីពេលថ្មីៗនេះ ដែលកុមារត្រូវបានចាប់បង្ខំឲ្យនៅដាច់ដោយឡែកពីឪពុកម្ដាយរបស់ពួកគេដែលឆ្លងចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។
លោកបាននិយាយថា គោលនយោបាយទាំងនេះដាក់ទណ្ឌកម្មទៅលើកុមារដោយសារតែទង្វើរបស់ឪពុកម្ដាយរបស់ពួកគេ។ លោក Zeid Ra’ad Al Hussein បានបន្តទៀតថា៖ «សមាគមអាមេរិកសម្រាប់ផ្នែកវេជ្ជសាស្ត្រកុមារបានហៅការអនុវត្តយ៉ាងឃោរឃៅនេះថាជាការរំលោភបំពានលើកុមារដោយសារការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ដែលអាចបណ្ដាលអោយមានការឈឺចាប់មិនអាចស្ដារឡើងវិញបាន ដោយមានផលប៉ះពាល់ពេញមួយជីវិត។ ចំពោះការណ៍ដែលប្រទេសណាមួយមានបំណងរារាំងឪពុកម្ដាយដោយបង្កឲ្យមានការរំលោភបំពានដូចនេះលើកុមារគឺជាការដែលមិនអាចទទួលយកបានជាដាច់ខាត»។
ឧត្ដមស្នងការរូបនេះបានថ្កោលទោសការរំលោភបំពានសិទ្ធិមនុស្សដោយរដ្ឋាភិបាលនៃប្រទេសស៊ីរី មីយ៉ាន់ម៉ា វ៉េណេស៊ុយអេឡា និងនីការ៉ាហ្គា និងបានផ្ដោតជាពិសេសលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិកដូចជាប្រទេសប៊ូរុនឌី កាមេរូន អេហ្ស៊ីប និងរវ៉ាន់ដា។
លោកបានសម្ដែងការបារម្ភជាខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដែលនៅទីនោះមានករណីចាប់រំលោភ និងសម្លាប់ជាច្រើនដែលបានធ្វើឡើងដោយកងកម្លាំងរបស់រដ្ឋាភិបាលនៅក្នុងរដ្ឋ Unity ចាប់តាំងពីខែមេសាមក។
លោក Zeid Ra’ad Al Hussein បានបន្តទៀតថា៖ «មន្ត្រីសិទ្ធិមនុស្សជាច្រើនបានចងក្រងការរំលោភលើកុមារដែលមានអាយុក្មេងរហូតដល់ ៤ ឆ្នាំក៏មាន និងករណីមួយចំនួនទៀតដែលស្ត្រី មនុស្សចាស់ និងមនុស្សផ្សេងៗទៀតត្រូវបានព្យួរ និងដុតទាំងរស់ ដែលចំណុចនេះស្ដែងឲ្យឃើញពីយុទ្ធសាស្ត្រយោធាដែលមានបំណងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលមានប្រយោជន៍ដល់សត្រូវ»។
លោក Zeid ក៏បានរិះគន់ផងដែរចំពោះការរំលោភបំពានរបស់អ៊ីស្រាអែលក្នុងដែនដីប៉ាឡេស្ទីន៕
ប្រែសម្រួលដោយ យូ សុទ្ធារី