អ.ស.ប.​លើក​ទឹកចិត្ត​ឲ្យ​កម្ពុជា​បន្ត​​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ក្រោយ​ការ​បង្ក្រាប​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​នយោបាយ

រូបឯកសារ៖ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​លើក​ទី៣១​ ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រំលោភ​សិទ្ធិ​លំនៅស្ថានរបស់​ពួក​គេ ​នៅឯ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

ក្រោយពីមាន​ការ​រិះគន់​​ដោយ​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ប.ស.​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​​នៅ​កម្ពុជា​ មន្ត្រី​អ.ស.ប.​លើក​ទឹកចិត្ត​ឲ្យ​កម្ពុជា​បន្ត​​សហ​ប្រតិបត្តិការ​ក្នុង​វិស័យនេះ។

អ្នកស្រី​ Claire Van der Vaeren ​តំណាង​កម្មវិធី​អភិវឌ្ឍន៍​អ.ស.ប.​ប្រចាំ​កម្ពុជា​ និង​ជា​អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​ នៅ​កម្ពុជា​ បាន​លើក​ទឹកចិត្ត​ដល់​ភាគី​កម្ពុជា​ឲ្យ​បន្ត​រក្សាសហ​ប្រតិបតិ្តការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​បន្ត​ទៅមុខ​ទៀត​ ​នៅគ្រា​មាន​ការ​រិះគន់ដោយ​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ប.ស.​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរនៅក្នុង​ប្រទេស។​ នេះ​បើ​យោង​តាម​ខ្លឹមសារ​នៃ​ការ​ឆ្លើយ​តប​របស់​អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​ នៅ​កម្ពុជា​តាម​សារ​អេឡិចត្រូនិក​ Email ដែល ​VOA ទទួល​បាន​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ។

យោង​តាម​ខ្លឹមសារ​របស់​ការិយាល័យ​អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​ នៅ​កម្ពុជាឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOA ​ពាក់​ព័ន្ធ​នឹង​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នានា​នេះ​ ​អ្នកសម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​បាន​បញ្ជាក់ឲ្យដឹងអំពី​ជំនួប​ជាមួយ​លោក​ប្រាក់​ សុខុន​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​ «បាន​ឆ្លៀត​ឱកាស​លើក​ទឹកចិត្ត​ឲ្យ​មាន​សហ​ប្រតិបតិ្ត​ការ​ និង​ការ​សន្ទនានៅ​ក្នុង​ផ្នែក​នៃ​អណត្តិ​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។​

ការិយាល័យ​អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​អ.ស.ប.​នៅកម្ពុជា​ មិន​បាន​ផ្តល់​សេចក្តី​លម្អិត​នៃ​ការ​លើក​ទឹកចិត្ត​បន្ត​ឲ្យ​មាន​សហ​ប្រតិ្តការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​នោះ​ទេ។ ​ប៉ុន្តែ​ការ​លើក​ចិត្ត​នេះ​ បាន​ធ្វើឡើង​បន្ទាប់​ពីមាន​ប្រតិកម្ម​ពី​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។​

អ្នក​ជំនាញ​សិទិ្ធ​មនុស្ស​ពីរ​រូប​របស់​អ.ស.ប.​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​អង្គារ​ ដោយ​បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សំណើ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ដែល​នឹង​អាច​ដាក់​កំហិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ ​និង​នៅ​ពេល​អនាគត។​

ក្នុង​ជំនួបជាមួយលោក​ ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការ​ប្រទេស ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ អ្នក​ស្រី​ Claire Van der Vaeren ​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ការ​គាំទ្រ​ដល់​ការិយាល័យ​របស់​អ្នក​សម្រប​សម្រួលអ.ស.ប.​ និង​អង្គភាព​នានា​របស់​ប្រព័ន្ធ​អ.ស.ប.​នៅ​កម្ពុជា ​ក្នុង​ពេល​ដែល​អ្នកស្រី​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​នេះ។​

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ ​ចុះថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ លោក​ប្រាក់​ សុខុន​ បាន​បញ្ជាក់​នៅ​ចំពោះមុខអ្នកស្រី​ Claire ​ថា​ ក្រុម​ការងារ​អ.ស.ប.​ នៅកម្ពុជា​ ​តាម​រយៈ​ «ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ» ​បាន​រួមវិភាគ​ទាន​ដ៏សំខាន់​ដល់​កំណើន​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ក្នុង​នោះ​មាន​ការ​អភិវឌ្ឍ​សង្គម​ កិច្ច​គាំពារ​សង្គម​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ អភិបាល​កិច្ច​ល្អ​ និង​សិទ្ធិ​មនុស្ស​ជាដើម។ ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ក្រសួង​ការ​បរទេស​មិន​បានលើកឡើង​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​ការ​វាយ​បង្រ្កាប​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​ក្រុម​អ្នក​នយោបាយ​ អង្គការ​សង្គម​ស៊ីវិល​ និង​បណ្តាញ​ព័ត៌មាន​ដែល​មិន​រណប​រដ្ឋាភិបាល​នោះទេ៕