របាយការណ៍មួយដែលបញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់ចំណាត់ការលើការរាតត្បាតជំងឺកូវីដ១៩របស់ប្រទេសអ៊ុយក្រែនហើយបានព្រមានថា ជម្លោះដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ខាងកើតប្រទេសអ៊ុយក្រែនគំរាមកំហែងការខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាតត្បាតនេះ។ របាយការណ៍នោះដែលវាយតម្លៃផលប៉ះពាល់នៃជំងឺកូវីដ១៩លើសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ុយក្រែន និយាយអំពីសភាពការណ៍ពីថ្ងៃទី២០ ខែកុម្ភៈដល់ថ្ងៃទី៦ ខែធ្នូ។
របាយការណ៍នោះរកឃើញថា វិធានការដែលអនុវត្តដោយអាជ្ញាធរអ៊ុយក្រែនដើម្បីពន្យឺតការរាលដាលនៃជំងឺកូវីដ១៩នោះ នៅមានការខ្វះចន្លោះហើយមិនបានការពារសុខភាពសាធារណៈទេ។ របាយការណ៍ បានបញ្ជាក់ថា វិធានការនោះក៏កំពុងធ្វើឲ្យកាន់តែអាក្រក់ឡើងនូវភាពលំបាកដែលប្រជាពលរដ្ឋបានប្រឈមនៅក្នុងការរស់នៅនៅក្នុងតំបន់នានាដែលរងការប៉ះពាល់ដោយជម្លោះនៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
លោកស្រី Ilze Brands Kehris ឧបការីអគ្គលេខាធិការទទួលបន្ទុកសិទ្ធិមនុស្សនិយាយថា ការរឹតត្បិតលើសេរីភាពនៃធ្វើដំណើរឆ្លងកាត់ខ្សែបន្ទាត់ទំនាក់ទំនងដែលបែងចែកកងកម្លាំងអ៊ុយក្រែននិងពួកឧទ្ទាមទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ី កំពុងធ្វើឲ្យប្រជាពលរដ្ឋមានការលំ បាកដើម្បីទទួលបានការថែទាំសុខភាពនិងការការពារខាងសង្គមផ្សេងៗទៀត។
លោកស្រីនិយាយថា៖
«ស្ត្រីនិងមនុស្សចាស់ៗដែលភាគច្រើនជាជនស៊ីវិលដែលឆ្លងកាត់ខ្សែបន្ទាត់ទំនាក់ទំនងមុនការបិទសកម្មភាពសង្គមដោយសារជំងឺកូវីដ១៩នោះ បានរងការប៉ះពាល់ជាពិសេស។ នៅពេលបច្ចុប្បន្ននេះ ការរឹតត្បិតលើការធ្វើដំណើរឆ្លងកាត់ខ្សែបន្ទាត់ទំនាក់ទំនងដែលកំណត់ដោយក្រុមប្រដាប់អាវុធមួយដែលហៅខ្លួនឯងថា«សាធារណ រដ្ឋប្រជាមានិត Donetsk» កំពុងមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង»។
លោកស្រី Kehris និយាយទៀតថាស្ថានភាពមនុស្សនៅកន្លែងឃុំឃាំងដែលចង្អៀតហួសហេតុមានហានិភ័យខ្ពស់ក្នុងអំឡុងពេលនៃការរាតត្បាត។ លោកស្រីកំពុងអំពាវនាវឲ្យដោះលែងមុនពេលកំណត់សម្រាប់មនុស្សចាស់ៗដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។លោកស្រីនិយាយទៀតថា ស្ថានភាពមានភាពធ្ងន់ធ្ងរជាពិសេសចំពោះមនុស្សដែលត្រូវបានឃុំឃាំងនៅក្នុងតំបន់នានាដែលត្រួតត្រាដោយពួកឧទ្ទាមនៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែននិងឧបទ្វីប Crimea ដែលត្រួតត្រាដោយរុស្ស៊ី។
លោកស្រី Emine Dzhaparova អនុរដ្ឋមន្ត្រីការបរទេសទី១របស់អ៊ុយក្រែន និយាយថា របាយការណ៍របស់អង្គការសហប្រជាជាតិ បង្ហាញថា ជំងឺកូវីដ១៩ ត្រូវបានគេប្រើប្រាស់ដើម្បីពង្រីកផលវិបាកដ៏ខ្លាំងរបស់សកម្មភាពគឃ្លើនរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោកស្រីនិយាយថា៖
«ការរាតត្បាតបានផ្តល់ឲ្យរដ្ឋាភិបាលក្រុងម៉ូស្គូនូវឱកាសមួយទៀតដើម្បីរឹតបន្តឹងសិទ្ធិមនុស្ស នៅក្នុងទឹកដីដែលខ្លួនត្រួតត្រា។ ពួកអ្នកស្រុកនៅតំបន់ Crimea ជាពិសេស ប្រជាពលរដ្ឋជនជាតិភាគតិចគឺជនជាតិ Tatars នៅតំបន់ Crimea បន្តប្រឈមការតាមចាប់ខ្លួននិងការចាប់ដាក់ពន្ធនាគារ។ មជ្ឈមណ្ឌលឃុំឃាំងមុនការកាត់ទោសនៅក្នុងតំបន់ Crimea ពោរពេញទៅដោយអ្នកជាប់ឃុំលើសចំណុះ។ ពួកអ្នកទោសនយោបាយត្រូវបានគេដកហូតសិទ្ធិ មិនឲ្យទទួលបានជំនួយផ្នែកសុខាភិបាលត្រឹមត្រូវ ថ្វីបើមានភស្តុតាងថា ពួកគេមានរោគសញ្ញាកូវីដ១៩ក៏ដោយ»។
រុស្ស៊ី បានច្រានចោលការរិះគន់ទាំងអស់ប្រឆាំងនឹងខ្លួនហើយបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីអ្វីដែលរុស្ស៊ីហៅថា ការរំលោភសិទ្ធិមនុស្សដ៏ទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ុយ ក្រែនទាក់ទិននឹងការរាត្បាតនៃជំងឺកូវីដ១៩នេះ។រុស្ស៊ី បានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ុយ ក្រែនមិនអើពើដល់បញ្ហារបស់មនុស្សចាស់ៗនិងជនពិការ និងមិនបានដោះស្រាយអ្វីដែលរុស្ស៊ីពណ៌នាថាជាការឃុំឃាំងដ៏រន្ធត់៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន