អង្គការ​សហប្រជាជាតិ៖ វិបត្តិ​ជនភៀស​ខ្លួន​នៅ​អឺរ៉ុប​អាច​ឈាន​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា

  • Lisa Schlein

រូបថតឯកសារ៖ ក្រុម​ជន​ភៀស​ខ្លួន​មក​ដល់​ថ្មី​បាន​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ទៅ​កាន់​ជំរុំ​ជន​ភៀសខ្លួន​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​អាថែន ប្រទេសក្រិក។

ទី​ភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា ​អឺរ៉ុប​ស្ថិត​នៅ​កៀក​នឹង​​​វិបត្តិ​មនុស្ស​ជាតិ​ដែល​នាំ​មក​ដោយ​ខ្លួន​ឯង​ ដែល​ពិបាក​នឹង​គ្រប់​គ្រង​ ហើយ​អាច​នឹង​បង្ក​ជា​ហិង្សា​​រីក​រាល​ដាល។

ទី​ភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា UNHCR បាន​រាយការណ៍​ថា​ ចំនួន​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ក្រិក ដែល​ត្រូវ​ការ​ទីជម្រក​បាន​កើន​ឡើង​ដល់​ទៅ​ ២៤.០០០ ​នាក់។ ចំនួន​នេះ​រាប់​បញ្ចូល​ទាំង​មនុស្ស​ប្រហែល ​៨.៥០០​នាក់​ដែល​កំពុង​តែ​ជាប់​គាំង​នៅ​ឯ​ព្រំ​ប្រទល់​ប្រទេស​ម៉ាសេដ្វាន​ផង​ដែរ។ របាយការណ៍​ក៏​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​មនុស្ស​ដ៏​ច្រើន​លើស​លុប​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​កង្វះ​ម្ហូប​អាហារ ទី​ជម្រក​ ទឹក​ប្រើ​ប្រាស់ និង​បញ្ហា​អនាម័យ។

លោក ​Vincent Cochetel គឺ​ជា​អ្នក​សម្រប​សម្រួល​វិបត្តិ​ជន​ភៀស​ខ្លួន​របស់​ UNHCR ​ក្នុង​ទ្វីប​អឺរ៉ុប។ លោក​បាន​ឲ្យ​ដឹង​ថា ការ​កក​ស្ទះ​នៅ​កន្លែង​ឆ្លង​ដែន​នៅ​តាម​បណ្ដោយតំបន់​បាល់កង់​ (Balkan) ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត ក្នុងបណ្ដា​ជន​ចំណាក​ស្រុក ​និង​ជន​ភៀស​ខ្លួន​ទាំង​នោះ។

«ពួក​គេ​មិន​ដឹង​ទេ​ថា​ ពួក​គេ​មិន​អាច​ផ្លាស់​ទី​ទៅ​មុខ​ទៀត​បាន​ទេ។ សម្រាប់​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការប្តូរ​ទីតាំង​ ពួក​គេ​ត្រូវ​តម្រង់​ជួរ​ ពួក​គេ​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​ប្តូរ​ទីតាំង ហើយ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​សិទ្ធិ​នោះ​ទេ។ ដូច្នេះ​ហើយ ​វា​ធ្វើ​ឲ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ជា​ច្រើន​កើត​មាន​ឡើង​ ដែល​អាច​បង្ក​ជា​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ផ្សេង»។

ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​ដែល​ធ្វើ​ឡើង​កាល​ពី​២​សប្តាហ៍​មុន​ នៅ​ក្បែរ​ព្រំ​ប្រទល់​ប្រទេស​ម៉ាសេដ្វាន​បាន​ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា នៅ​ពេល​ដែល​ក្រុម​ប៉ូលិស​បាន​គប់​ឧស្ម័នបង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុកដើម្បី​បណ្តេញ​ពួក​គេ​ឲ្យ​ចេញ​ពីរបង​លួស។

មនុស្ស​ប្រហែល​ជា ​១៣២.០០០​នាក់ ដែល​ពាក់​កណ្ដាល​ជា​ស្ត្រី ​និង​កុមារ ​បាន​ធ្វើ​ដំណើរ​យ៉ាង​ប្រថុយ​ប្រថាន​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​ក្នុង​ឆ្នាំ​នេះ។ ចំនួន​នេះ​គឺ​ច្រើន​ជាង​ចំនួន​អ្នក​ឆ្លង​កាត់​សរុប​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៥។ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​បាន​មក​ដល់​ទឹកដី​នៃ​ប្រទេស​ក្រិក។

លោក Adrian Edwards​ អ្នក​នាំ​ពាក្យ​របស់​ UNHCR ​និយាយ​ថា ​សហភាព​អឺរ៉ុប​ត្រូវ​តែ​ធ្វើ​តាម​គម្រោង ​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​មុន ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស្មើ​គ្នា ​ក្នុងការ​ទទួល​យក​ជន​ភៀសខ្លួន ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង​២៨​របស់​សហភាព​អឺរ៉ុប។

«ការងារ​នេះ​គួរ​តែ​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ទាំង​អស់​គ្នា។ បើ​ទោះ​ជា​មាន​កិច្ច​ព្រម​ព្រៀង​ទទួល​យក​ជន​ភៀសខ្លួន​ចំនួន ៦៦.៤០០​នាក់ ពី​ប្រទេស​ក្រិក​ទៅ​ហើយ​ក្ដី ​រដ្ឋ​ទាំង​ឡាយ​ទើប​តែ​រៀប​ចំ​កន្លែង​សម្រាប់​មនុស្ស​បាន​ ១៥៣៩​នាក់​ប៉ុណ្ណោះ ​ហើយ​ការ​ទទួល​យក​ជាក់​ស្ដែង​មាន​ចំនួន​ត្រឹម​តែ​ ៣២៥​នាក់ ប៉ុណ្ណោះ​មក​ដល់​ថ្ងៃ​នេះ»។

UNHCR បញ្ជាក់​ថា​ ប្រទេស​ក្រិក​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ជា​បន្ទាន់​ ក្នុង​ការ​រៀបចំ​និង​ផ្គត់​ផ្គង់​ក្រុម​មនុស្ស​ដ៏​ច្រើន​ដែល​នៅ​បន្ត​ចូល​មក ហើយ​ការ​បង្កើន​ធនធាន​នានា​ ព្រម​ទាំង​ការ​ជួយ​សម្រួល​ផ្សេងៗ​ពី​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​គឺ​ជា​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ៕

ប្រែ​សម្រួល​ដោយ ឆាយ គីម​ហ៊ង