នៅពេលដែលកងយោធានៃរដ្ឋាភិបាលស៊ីរីគាំទ្រដោយប្រទេសរុស្សីបានបង្កើនការវាយលុកប្រឆាំងនឹងតំបន់កាន់កាប់ដោយពួកឧទ្ទាមនៅក្នុងក្រុង Aleppo កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសនៃប្រទេសស៊ីរីបាននិយាយថាប្រជាជនស៊ីរីនឹងមិន «បង្អង់ដៃក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងភេរវកម្មទេ»។
រដ្ឋមន្ត្រីការបរទេសស៊ីរី Walid Mouallem បាននិយាយប្រាប់មហាសន្និបាតអ.ស.ប.នៅបូរីញូវយ៉ក ថា«នៅពេលនេះជំនឿរបស់យើងលើជ័យជម្នះមានច្រើនជាងមុននៅពេលដែលកងទ័ពអារ៉ាប់ស៊ីរីកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងប្រឆាំងនឹងពួកភេរវករដោយមានការគាំទ្រពីមិត្តភក្តិពិតប្រាកដនៃប្រទេសស៊ីរីគឺសហព័ន្ធរុស្សី ប្រទេសអ៊ីរ៉ង់និងក្រុមតស៊ូជាតិលីបង់គឺពួក Hezbollah»។
ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសស៊ីរីបានពង្រឹងថែមទៀតនូវកង្វល់របស់បស្ចឹមប្រទេសដែលថារដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad កំពុងស្វះស្វែងបញ្ចប់សង្គ្រាមនេះតាមមធ្យោបាយយោធាមិនមែនតាមរយៈការចរចាគ្នាខាងនយោបាយទេ។
អ.ស.ប.បាននិយាយថាការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាប្រឆាំងនឹងតំបន់កាន់កាប់ដោយពួកឧទ្ទាមនៅក្នុងក្រុង Aleppo បានធ្វើឲ្យមនុស្ស១.៧៥លាននាក់គ្មានទឹកម៉ាស៊ីនប្រើប្រាស់ទេ ក្នុងពេលតែប៉ុន្មានថ្ងៃនៅក្នុងការឡោមព័ទ្ធខ្លាំងមួយនៃសង្គ្រាមនេះ។
ទីភ្នាក់ងារកុមាររបស់អ.ស.ប.ដែលហៅកាត់ថា UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាស្ថានីយ៍បូមទឹកសំខាន់មួយដែលផ្តល់ទឹកដល់ប្រជារាស្ត្រក្នុងតំបន់ខាងកើតនៃក្រុងនេះមានការខូចខាតក្នុងការវាយប្រហារតាមយន្តហោះហើយអំពើហិង្សាដែលមានតទៅទៀតបានរារាំងមិនឲ្យមានការជួសជុលស្ថានីយ៍នេះទេ។ អង្គការនេះបានថ្លែងថាជាការសងសឹកស្ថានីយ៍បូមទឹកទីពីរបានត្រូវបិទមិនឲ្យមានដំណើរការ។ អង្គការ UNICEF បាននិយាយថាខ្លួននឹងបង្កើនការដឹកជញ្ជូនទឹកតាមឡានដឹកទឹកជាការឆ្លើយតបនឹងការខ្វះខាតនេះ៕