ប្រេសិត​របស់​​អ.ស.ប​​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​យាយី​​អ្នក​តស៊ូ​មតិ​ក្នុង​ទិវា​សិទ្ធិ​នារី​សាកល

រូប​ឯកសារ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា រ៉ូណា ស្មីត (Rhona Smith) ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មានក្នុងថ្ងៃបញ្ចប់​ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ធ្វើឡើងក្នុងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

ការ​អំពាវនាវ​របស់​អ្នក​ស្រី ស្មីត​ បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ បាន​ប្រារព្ធ​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​​​​ ៨ ​មីនា​ ឆ្នាំ​ ២០១៨​​ និង​នៅ​ពេល​មាន​សេចក្តី​រាយការណ៍​អំពី​ការ​រារាំង​របស់​អាជ្ញាធរ​មិន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មួយ​ជួបជុំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឲ្យដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ជាង​ ៧.០០០​ នាក់​បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨​ មីនា​ ឆ្នាំ​ ២០១៨។​ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សាកល​នេះ​ ប្រេសិត​ពិសេស​របស់​អ.ស.ប​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អ្នកស្រី​ រ៉ូណា ស្មីត​ បាន​អំពាវនាវ​សូម​ឲ្យ​បញ្ឈប់​ការ​បំភិត​បំភ័យ​ និង​ការ​យាយី​រំខាន​ដល់​ស្រ្តី​ជនជាតិ​ដើម​ភាគតិច សកម្ម​ជន​បរិស្ថាន​ និង​សកម្មជន​ដីធ្លី។​ តាម​ការ​បញ្ជាក់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ឲ្យដឹង​ថា​ មានការ​រារាំង​មិន​ឲ្យ​រៀបចំ​ទិវា​នេះ​ នៅ​ក្នុង​សហគមន៍​មួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

ក្នុង​ថ្ងៃ​ទី​បួន​នៃ​ដំណើរការ​ស្វែង​យល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​នយោបាយ​នៅ​កម្ពុជា​ អ្នក​ស្រី​ រ៉ូណា ស្មីត​ ​(Rhona Smith) ​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ (អ.ស.ប)​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​អ្នក​តស៊ូ​មតិ​ និង​យាយី​ដល់​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគតិច។

តាម​ព័ត៌មាន​ដែល​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​(OHCHR)​ បាន​ឲ្យដឹង​ក្នុង​ន័យ​ដើម​ថា៖

«ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​កម្ពុជា​ សាស្រ្តាចារ្យ ​រ៉ូណា ស្មីត បាន អំពាវនាវ​សូម​ឲ្យ​បញ្ឈប់​ការ​បំភិត​បំភ័យ​ និង​ការ​យាយី​រំខាន​ដល់​ស្រ្តី​ជនជាតិ​ដើម​ភាគតិច សកម្មជន​បរិស្ថាន​ និង​សកម្មជន​ដីធ្លី។ ​សូម​ក្រោក​ឈរ​ដើម្បី​សិទិ្ធ​មនុស្ស​ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​គ្រប់រូប​នៅ​កម្ពុជា»។

ការ​អំពាវនាវ​របស់​អ្នក​ស្រី ស្មីត​ បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ បាន​ប្រារព្ធទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ ​មីនា​ ឆ្នាំ​ ២០១៨ និង​នៅ​ពេល​មាន​សេចក្តី​រាយការណ៍​អំពី​ការ​រារាំង​របស់​អាជ្ញាធរ​មិន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មួយ​ជួបជុំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ។

តាម​ការ​បញ្ជាក់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​សហគមន៍​ សហជីព​ និង​នៅ​តាម​មូលដ្ឋាន​ប្រមាណ​ជាង​ ៧.០០០​ នាក់​បាន​ចូលរួម​ប្រារព្ធ​ទិវា​សាកល​នេះ​ នៅ​ក្នុង​ខេត្ត​យ៉ាង​ហោច​ណាស់​ចំនួន​បួន​ និង​នៅ​ទីតាំង​ផ្សេងៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​នេះ​ បាន​ឲ្យ​ដឹង​តាម​ឲ្យ​ដឹង​តាម​គេហទំព័រ​របស់​ខ្លួន​ថា​ ខ្លួន​មាន​ការ​គ្រោង​រៀបចំ​ទិវា​នេះ​ នៅ​ក្នុង​សហគមន៍​មួយ​ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ តែ​ត្រូវ​បាន​បញ្ឈប់​ដោយ​ប៉ូលិស​ និង​អាជ្ញាធរ​មូលដ្ឋាន។

លោក​ ផុន​ សុផល​ ប្រធាន​សហគមន៍​ជាំ​ក្រវៀន​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សហគមន៍​របស់​លោក​ដែល​ស្ថិត​ក្នុង​ស្រុក​មេមត់​ ឃុំ​ជាំក្រវៀន​ ខេត្ត​ត្បូងឃ្មុំ​ ដើមឡើយបាន​សុំ​ការ​អនុញ្ញាត​ពី​មេឃុំ​ ​និង​ចៅហ្វាយ​ស្រុក​រួច​ហើយ តែ​មកដល់​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​នេះ​ ស្រាប់​តែ​មាន​អាជ្ញាធរជិត​១០​នាក់​មក​រារាំង​មិន​ឲ្យ​ដំណើរការ​ការរៀបចំ​ទិវា​នេះ។​ លោក​និយាយ​ថា៖

«ហើយ​យើង​ក៏​មាន​លិខិត​អញ្ជើញ​ទៅ​ ​កិច្ចការ​នារី​ស្រុក​ អញ្ជើញ​លោក​ មេឃុំ​ និង​អភិបាល​ស្រុក​ឲ្យ​ចូល​រួម​ដើម្បី​បើក​កម្មវិធី​ហ្នឹង​ដែរ​ ប៉ុន្តែ​មិន​ដឹង​ថា​ ម៉េច​បាន​ជា​ អីចឹង​ទេ?​ យើង​ចង់​សួរ​មូលហេតុ​ថា​ មូលហេតុ​អី​បាន​គាត់​មក​ឃាត់​យើង​ ប៉ុន្តែ​គាត់​នៅ​តែ​និយាយ​ថា​ ដោយសារ​តែ​យើង​អត់​មាន​លក្ខខណ្ឌ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ហាមឃាត់​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ខាង​អាជ្ញាធរ​ឃុំ ជាំក្រវៀន​បាន​រៀបចំ​ពិធី​ស្រដៀង​គ្នា​នេះ​ តែ​គ្មាន​អ្នកចូលរួម។ ​យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​ ការ​ហាម​ឃាត់​នេះ​ ស្តែង​ឲ្យ​ឃើញ​ពី​ការ​រឹតត្បិត​សិទ្ធិ​ជួបជុំ​របស់​ប្រជាពលរដ្ឋ។

VOA​ មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ លោក​ អ៊ូច​ យឺន​ មេឃុំ​ជាំក្រវៀន​ និង​លោក​ ចេង​ ប៊ុនរ៉ា​ អភិបាល​ស្រុក​មេមត់​ បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្នុង​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចេញ​តវ៉ា ទាម​ទាររក​ដំណោះស្រាយ​សម្រាប់​ទំនាស់​ដីធ្លី​របស់​ពួកគេ​ផង​ដែរ។

អ្នកស្រី​ ផាវ ញឺង​ តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នៅ​ខេត្ត​កោះកុង ​បាន​ថ្លែង​ថា៖​

«ដោយសារ​តែ​ពួក​ខ្ញុំ​បាត់​បង់​សិទ្ធិជា​ស្ត្រី​មេផ្ទះ​ ដែល​មិន​បាន​រក​ស៊ី​ មិន​បាន​ធ្វើ​ការងារ​នៅផ្ទះ​ដោយ​សារ​តែ​បាត់បង់​ដីធ្លី​ មាន​ការ​រំលោភ​យក​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​ហ្នឹង​ ពួក​ខ្ញុំ​មក​តវ៉ា​នៅ​ហ្នឹង»។

អ្នកស្រី​ ផាវ ញឺង តំណាង​ប្រជាពលរដ្ឋ​ជាង​ ១៧០ ​គ្រួសារ​ កំពុង​ស្វែង​រក​ដំណោះស្រាយ​លើ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ ដែល​ធ្លាប់​កាន់​កាប់​ដោយ​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា។​

សកម្មជន​ដី​ធ្លី​និង​ពលរដ្ឋ​ដែល​រង​ការ​រំលោភ​បំពាន​ដីធ្លី​មួយ​ចំនួន​ត្រូវ​គេ​រាយការណ៍​មក​ថា ​ត្រូវ​ចាប់​ដាក់គុក ​រង​ការ​វាយប្រហារ​ពី​អាជ្ញាធរ ​ដែល​ការពារ​ទ្រព្យ​សម្បត្តិ ​ដីធ្លី​របស់​អ្នកមាន​អំណាច​និង​ក្រុមហ៊ុន​ជាដើម៕