ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បក្នុងតំបន់បានសាទរចំពោះការបោះឆ្នោតឃុំ-សង្កាត់ប្រកបដោយសណ្តាប់ធ្នាប់ក្នុងប្រទេសកម្ពុជា ហើយបានអំពាវនាវសុំឲ្យមានការបើកសិទ្ធិសេរីភាពឲ្យបានទូលាយឡើងវិញសម្រាប់អង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃពុធនេះ ដែល VOAទទួលបាន។
លោកស្រី Katia Chirizzi តំណាងរងនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស របស់អ.ស.បក្នុងតំបន់អាស៊ានប្រចាំនៅក្នុងទីក្រុងបាងកកបាននិយាយថា ការបោះឆ្នោត បានបង្កើតគំរូថ្មីចំពោះតម្លាភាពដែលបង្ហាញថា មានវិធីច្រើនដែលដំណើរការនេះ អាចត្រូវពង្រឹងបន្ថែមទៀតសម្រាប់ការបោះឆ្នោតជាតិនៅ ឆ្នាំខាងមុខហើយ ជាពិសេសការគំរាមបែបនយោបាយ និងការចាប់ខ្លួនសកម្ម ជនសង្គមស៊ីវិល និងសមាជិកនៃគណបក្សជំទាស់ គួរត្រូវបញ្ឈប់ ដើម្បីឲ្យពួកគេបន្តតួនាទីស្របច្បាប់ របស់ពួកគេក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជានៅមុនពេលបោះឆ្នោតឆ្នាំខាងមុខ។ លោកស្រី Chirizzi បានបន្តថា ការដោះលែង សកម្មជនអង្គការ អាដហុកទាំងប្រាំនាក់ រួមទាំងអ្នកស្រី ទេព វន្នី គឺជា ការសាកល្បងដ៏សំខាន់ចំពោះលំហសេរីភាពនេះ។
សេចក្តីថ្លែងការណ៍ដដែលនោះបានបន្តថា អ.ស.បផ្នែកសិទ្ធិមនុស្សបានបង្ហាញពីភាពរីករាយដែលឃើញថាអំពើហិង្សា កិច្ចអន្តរាគមន៍របស់យោធា ការចាប់ចង ដែលត្រូវបានគំរាមកំហែងមុនពេលបោះឆ្នោត មិនបានកើតឡើង ហើយពលរដ្ឋ បានបង្ហាញពីការពេញចិត្តជាទូទៅជាមួយនឹងដំណើរការបោះឆ្នោត។
ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីដឹកនាំ និងជួយអភិវឌ្ឍមូលដ្ឋាន។ ទោះជាគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បានប្រកាសលទ្ធផលបឋមក្តី តែគណបក្សនយោបាយនានា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចជាង៣០ឆ្នាំនៅតែឈ្នះនាំមុខ គេដោយបានទទួលសំឡេងមេឃុំសង្កាត់ដល់ទៅ១១៥៨។ ហើយគណបក្ស សង្គ្រោះជាតិរបស់លោក កឹម សុខា ទទួលបានសំឡេង ជាមេឃុំសង្កាត់ដល់ទៅ៤៨៧នៅទូទាំងប្រទេស ដែលមានមេឃុំសង្កាត់ចំនួន១៦៤៦៕