កាលពីថ្ងៃសុក្រ មហាសន្និបាតអ.ស.ប.បានបោះឆ្នោតយល់ព្រមកាត់បន្ថយប្រាក់៦រយលានដុល្លារពីថវិកាសម្រាប់ថែរក្សាសន្តិភាពប្រចាំឆ្នាំរបស់អង្គការនេះដែលមានប្រាក់ជិត៨ពាន់លានដុល្លារ។
ចំណាត់ការនេះមានឡើងនៅពេលមានគំនាបសង្កត់ពីរដ្ឋបាល Trump ដែលធ្វើវិភាគទានជាងមួយភាគបួននៃថវិកាប្រចាំឆ្នាំរបស់មន្ទីរនេះ។ ក៏ប៉ុន្តែលោកអគ្គលេខាធិការអ.ស.ប. Antonio Guterres ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី១ខែមករាក៏បានអំពាវនាវឱ្យមានកំណែទម្រង់អ.ស.ប.ដោយមានរួមបញ្ចូលទាំងការថែរក្សាសន្តិភាពផងដែរ។
ការថែរក្សាសន្តិភាពរបស់អ.ស.ប.ដែលគាំទ្រទាហាន ប៉ូលិសនិងជនស៊ីវិល១សែន១ម៉ឺននាក់នៅក្នុងបេសកកម្ម១៦បានឋិតនៅក្រោមការរិះគន់យ៉ាងខ្លាំងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះអំពីក្រុមទាហានគ្មានវិន័យដែលជួនកាលបរាជ័យក្នុងការការពារពួកជនស៊ីវិលហើយថែមទាំងបានរំលោភបំពានផ្លូវភេទពួកគេថែមទៀតផង។ នៅក្នុងប្រទេស Haiti គេបានបន្ទោសពួកអ្នកថែរក្សាសន្តិភាពរបស់អ.ស.ប.ថាបាននាំឱ្យមានការរាតត្បាតជំងឺអាសន្នរោគនៅក្នុងប្រទេសជាកោះនេះផងដែរដែលបានបណ្តាលឱ្យមនុស្សមានជំងឺនេះនិងស្លាប់រាប់ពាន់នាក់។
ក៏ប៉ុន្តែទោះណាជាគ្មានប្រសិទ្ធិភាពនិងមានបញ្ហាក៏ដោយក៏ «ពួកទាហានមួកខៀវ» ដែលគេបានស្គាល់ពួកទាហានថែរក្សាសន្តិភាពរបស់អ.ស.ប.នៅតែបំពេញមុខនាទីសំខាន់មួយនៅក្នុងប្រទេសនានាដែលមានអស្ថិរភាពដែលនៅទីនោះក្រុមជនស៊ីវិលត្រូវការឱ្យមានកិច្ចការពារ ជំនួយខាងមនុស្សធ៌មនិងស្ថាប័នមានស្ថិរភាព។
លោក Jordie Hannum នាយកជាន់ខ្ពស់នៃអង្គការយុទ្ធនាការធ្វើឱ្យពិភពលោកមានភាពល្អប្រសើរជាងមុនដែលភាសាអង់គ្លេសហៅថា Better World Campaign ដើម្បីកែលម្អទំនាក់ទំនងខ្លាំងជាងមុនរវាងស.រ.អ.និងអ.ស.ប.បាននិយាយថា «នេះជាសេចក្តីថ្លៃថ្នូរដ៏ធំធេង»។
លោក Hannum បានថ្លែងទៀតថា «មានការស្រាវជ្រាវច្រើនទសវត្សរ៍មកហើយបានបង្ហាញថា នៅពេលណាមានប្រាក់កាសនិងគ្រឿងឧបករណ៍គ្រប់គ្រាន់ ក្រុមអ្នកថែរក្សាសន្តភាពរបស់អ.ស.ប.អាចធ្វើឱ្យមានការប្លែកពីមុនក្នុងការបញ្ចៀសកុំឱ្យមានសង្គ្រាមឡើងវិញនិងក្នុងកិច្ចការពារក្រុមជនស៊ីវិល»៕