អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ (UNWTO) បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃអង្គារម្សិលមិញអំពីប៉ារ៉ាម៉ែត្រទេសចរណ៍ពិភពលោក ដែលរាយការណ៍ថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានបណ្ដាលឲ្យការធ្វើដំណើរអន្តរជាតិធ្លាក់ចុះ ៦៥% ក្នុងអំឡុងពាក់កណ្ដាលដំបូងនៃឆ្នាំ ២០២០ នេះ។
យោងតាមអង្គការនេះ ការធ្លាក់ចុះនៃការធ្វើដំណើរអន្តរជាតិចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ បណ្ដាលឲ្យបាត់បង់ថវិកាប្រមាណ ៤៦០ ពាន់លានដុល្លារនៃប្រាក់ចំណូលនាំចេញដែលបានមកពីវិស័យទេសចរណ៍។
ការធ្លាក់ចុះនេះគឺមានទំហំ ៥ ដងច្រើនជាងការបាត់បង់ប្រាក់ចំណូលដែលបានមកពីការធ្វើដំណើរអន្តរជាតិកាលពីឆ្នាំ ២០០៩ ដែលនៅពេលនោះពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច។
អង្គការ UNWTO បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា តាមការប៉ាន់ស្មាន វានឹងត្រូវការពេលពី ២ ទៅ ៤ ឆ្នាំ ដើម្បីស្ដារប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍ឲ្យបានដូចកម្រិតកាលពីឆ្នាំ ២០១៩ វិញ។
របាយការណ៍នេះបង្ហាញថា ទ្វីបអាស៊ីនិងតំបន់ប៉ាស៊ីហ្វិកជាតំបន់ដំបូងគេដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយតំបន់នេះទាំងមូលមានចំនួនអ្នកទេសចរធ្លាក់ចុះ ៧២% ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ នេះ។
ចំណែកឯទ្វីបអឺរ៉ុបវិញជាតំបន់ទី ២ ដែលរងផលប៉ះពាល់ ដោយមានចំនួនអ្នកទេសចរធ្លាក់ចុះ ៦៦% ក្នុងរយៈពេលដូចគ្នានេះដែរ។ ទ្វីបអាមេរិក ទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាក៏មានអត្រាអ្នកទេសចរធ្លាក់ចុះប្រហាក់ប្រហែលនេះដែរ៕