មន្ត្រី​អ.ស.ប​៖​ ​ការ​កាត់ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរក្រហម​ដាក់​គុក​អស់​មួយ​​ជីវិត​គឺ​ជាសារ​ដ៏​សំខាន់​សម្រាប់ព្រ​មាន​ដល់​ជន​ផ្តាច់​ការ​​ជុំវិញ​ពិភព​លោក

  • នៅ វណ្ណារិន

អង្គជំនុំជម្រះវិសាមញ្ញកម្ពុជាអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​អង្គជំនុំជម្រះ​សាលា​ដំបូង ដែល​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​​លោក​ខៀវ សំផន និង​លោក​នួន ជា​ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត។ (នៅ វណ្ណារិន/VOA)

ជាង​៤០ឆ្នាំ ​ក្រោយ​ការ​កាប់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ​ថា្នក់​ដឹក​នាំ​កំពូល​ពីរ​រូប​របស់​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​កាត់ទោស​ដាក់​គុក​អស់​មួយ​ជីវិត​ជា​ស្ថាពរ។​ ​យ៉ាង​ណា​ក៏​ដោយ​ ​ជន​រង​គ្រោះ​ខ្មែរ​មួយ​ចំនួន​នៅ​មិន​ទាន់​អស់​ចិត្ត​អស់​កាយ​​ទាក់ទិន​នឹង​មូល​ហេតុ​នៃ​ការ​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង​នៅ​ឡើយ។

លោកស្រី ចាន់ សុជាតា​ ​គឺ​ជា​ជន​រងគ្រោះ​មួយ​រូប​ក្នុង​ចំណោម​ជនរង​គ្រោះ​ដទៃ​ទៀត​ក្នុង​របប​ខ្មែរ​ក្រហម​ ​ដែល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ធ្វើ​ការងារ​យ៉ាង​ធន់ធ្ងរ។​ ​ក្នុង​រយៈ​ពេល​ជាង​ ​៤០ឆ្នាំ​កន្លង​មក​នេះ​ ​អ្នកស្រី​នៅ​តែ​មិន​អាច​បំភ្លេច​ចោលការ​ឈឺចាប់នឹងអំពើ​យង់ឃ្នង និង​ការ​កាប់​សម្លាប់សមាជិក​១៤​រូប​ ​ក្នុង​គ្រួសារ​លោក​ស្រី។​

​«អ្វីដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​គឺ​ថា​ ​ការ​បង្អត់​អាហារ​ក្រុម​គ្រួសារ​ខ្ញុំ​ ​ការធ្វើទុក្ខបុកម្នេញ​ ​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ ​ហើយ​បង្អត់​អាហារ​ឱ្យ​ក្រុម​គ្រួសារ​ដេកស្លាប់​ ​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​ដេក​ដង្ហើយ​រក​បាយ​រហូត​ដល់​ដាច់​ពោះ​ស្លាប់។​ ខ្ញុំ​មាន​បង​ប្អូន​១៣នាក់​រួម​ទាំង​ឪពុក​ម្តាយ​១៥នាក់​ គឺ​ស្លាប់​ទាំង​អស់​រស់​តែ​ខ្ញុំ​ម្នាក់»។​

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រីចាន់ សុជាតា។​ ​ក៏ប៉ុន្តែ​ ​ការ​ឈឺចាប់​របស់​លោកស្រីបាន​ធូរស្រាល​បន្តិច​ ​ក្រោយ​ការ​ប្រកាស​សាល​ដីកាស្ថាពររបស់​តុលាការ​កាត់​ទោស​ខ្មែរក្រហម​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។

លោកស្រី ចាន់ សុជាតា​ ​គឺ​ជា​ជន​រងគ្រោះ​មួយ​រូប​ក្នុង​ចំណោម​ជនរង​គ្រោះ​ដទៃ​ទៀត​ក្នុង​របប​ខ្មែរ​ក្រហម​ ​ដែល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ធ្វើ​ការងារ​យ៉ាង​ធន់ធ្ងរ។ (នៅ វណ្ណារិន/VOA)

​តុលាការ​កំពូលក្នុង​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ឬ ECCC​ ​បាន​សម្រេច​តម្កល់​ការ​កាត់ទោស​មេដឹក​នាំកំពូល​ពីរ​រូប​របស់​របប​អាវខ្មៅ​ដែល​មាន​វ័យ​ជរា​ ​គឺ​ នួន ជា ​និង​ ​ខៀវ សំផន​ ​ដោយ​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ​ការ​ជម្លៀស​ដោយ​បង្ខំ​ និង​បទ​ឧក្រិដ្ឋ​ផ្សេង​ទៀត​ ​ក្នុង​ពេល​ដែល​ខ្លួនកាន់​អំណាច​ជាង​៣ឆ្នាំ។​ ​ទោះ​បីជាចម្លើយ​ទាក់​ទិន​នឹង​ការ​សម្លាប់​រង្គាល​របស់​ពួកខ្មែរ​ក្រហម​នៅ​មិនទាន់​បក​ស្រាយ​ក៏​ដោយ​ ​តែ​ការ​ប្រកាស​សាលដីកា​ស្ថាពរ​ក្នុង​ករណី០០២​ ​វគ្គ​១​នេះ​ ​បាន​ធ្វើឲ្យ​ជន​រង​គ្រោះ​កម្ពុជាមាន​ភាព​សាកស្រាន្ត​ក្នុង​ផ្លូវ​អារម្មណ៍​ចំពោះ​ការ​ឈឺ​ចាប់​ជាង​៤០​ឆ្នាំ​មក​នេះ។

​ស្ត្រីវ័យ​៥០​ឆ្នាំ​ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​ពោធិសាត់រូប​នេះ​ក៏​បាន​បន្ត​ថា លោក​ស្រី​មាន​ភាពមិនអស់​ចិត្ត​ចំពោះ ការ​កាត់ទោស​នេះ​ ​ដោយ​សារ​តែ​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ មិនអាចប្រៀបធៀប​ទៅ​នឹងការ​ឈឺ​ចាប់​នៃ​ការ​បាត់បង់​សមាជិក​គ្រួសារ ​និង​ការធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​រូប​លោកស្រី​និង​ក្រុម​គ្រួសារ​នា​ពេល​នោះ។

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ទាំង​ក្តុកក្តួល​ ​លោកស្រី​ ចាន់ សុជាតា បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំគិតថា​ ខ្ញុំ​រំសាយ​ចិត្ត​ ខ្ញុំ​ស្ងប់ចិត្ត​ ​ដោយ​សារ​តែការ​កាត់​ទោស​គាត់​ដាក់គុក​អស់​មួយ​ជីវិត​ ​គឺ​គាត់​ជា​ឧក្រិដ្ឋ​ជន​ប្រល័យ​ពូជសាសន៍​ គាត់​ជា​ជនក្បត់​ជាតិ​មួយ​ហើយ​ ​ទោះ​ជា​គាត់​ជាប់​គុក​មួយ​ថ្ងៃ​ស្លាប់​ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ​។​ ​ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​ដែរ​គឺ​មួយ​ចំណែក​តូច​ ​ដោយ​សារ​តែ​គុក​ឥឡូវ​និង​គុក​សម័យ​ប៉ុល ពត​ហ្នឹង​វា​ខុស​គ្នា។​ យើង​មាន​សិទ្ធិ​សេរីភាព​ក្នុង​កា​រ​ធ្វើការ ក៏ប៉ុន្តែយើងមិនមានសិទ្ធិសេរីភាព​ក្នុង​ការ​ហូបចុក​ ​ក្នុង​ការ​ដើរ​ហើរ​ ជួប​ជុំ​គ្រួសារ​ គឺ​បិទ​សិទ្ធិ​សេរីភាព​ទាំងអស់​»។​

ជន​រង​គ្រោះ​មួយ​រូប​ទៀត​ គឺ​លោកកេង លី​ ​វ័យ​៦៤ឆ្នាំ​ ​ដែល​ចូល​រួម​ការ​អង្កេត​ក្នុង​ការ​ប្រកាស​សាលដីកា​ចុង​ក្រោយ​ក្នុង​សំណុំ​រឿង​ ​០០​២​ វគ្គ​១​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖​

«វា​អាច​ស្ងប់​ចិត្ត​ខ្លះ!​ បាទ។ បើ​គិត​ពីចំនួនដែល​រងទុក្ខ​ វា​ធំធេង​ណាស់​ វាអត់អាចប៉ុណ្ណេះ​ទេ​ ​ព្រោះ​ថា​ការ​សម្លាប់​វា​ទូទៅតែម្តង​ ជាលក្ខណៈប្រព័ន្ធ​ម្តង​ ​ជា​អង្គការ​ចាត់តាំង​នោះ​ ​គឺ​សម្លាប់​ឥត​ឈប់ឈរ​តែ​ម្តង​ គឺ​រាល់​ថ្ងៃ​តែម្តង ​ទាំង​ធ្វើ​បាប​ប្រជាពល​រដ្ឋ​ ​ទាំង​ជម្លៀស​ចុះ​ ​ជម្លៀសឡើង​ គ្មាន​លំនៅ​ស្ថាន​ដេក​ហាលភ្លៀង​ ​ការ​បង្ខំ​ធ្វើការ​ ​ដូចពួក​ខ្ញុំ​រងគ្រោះ​ក្នុង​ការ​ធ្វើការ​ ធ្វើ​ស្រូវ​៣តោន​នោះ​គឺ​ឥត​គណនា​នោះ​ទេបាទ!​ ​ជុះ​អាចម៌ដាក់បំពង់​ រួច​យក​ទៅ​លាយ​ជី​យក​មក​ធ្វើ​ស្រែ​ ​ហើយ​គឺ​គ្មាន​ពេល​ឈប់​ឈរ​ទេ។ នេះ​គឺ​គ្រាន់​តែ​ជា​ចំណែក​តូច​មួយ​នៃ​យុត្តិធម៌​សម្រាប់​ខ្ញុំ​ ​គឺខ្ញុំ​អាច​ទទួល​យក​បាន»។

លោក​បន្ត​ថា​ ​សំណួរ​សំខាន់​មួយ​គត់របស់​លោក​ ដែល​នៅ​តែ​រង់​ចាំ​ចម្លើយ​គឺ​ថា​ហេតុអ្វី​បាន​ជា​ពួក​ខ្មែរ​ក្រហម​សម្លាប់​រង្គាល​និង​ធ្វើ​ទុក្ខ​បុកម្នេញ​ជាតិ​សាសន៍​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ខ្លួន​កាន់​អំណាច ​ជាង​៣​ឆ្នាំ​នោះ។​

​«បាទ!​ហេតុ​អី​សម្លាប់​ពួក​ខ្ញុំ​ ​បើ​ពួក​ខ្ញុំ​អត់​មានរឿង​អី​សោះ​ ​ហើយ​ទៅ​ដាក់​គោល​ការណ៍​សម្លាប់​មនុស្ស​ជា​ដំណោះស្រាយ​ ហ្អាណឹង​ខ្ញុំអត់អស់​ចិត្តនឹង​គោលការណ៍​ ​គោល​នយោបាយ​នេះ​ ​បើ​ជា​មនោគមវិជ្ជាឬ​ក៏​ស្អី​ ខ្ញុំ​ដូច​ជា​មិន​យល់​ដែរ។​ នេះ​គឺ​វា​ទៅ​ជា​របៀប​ព្រៃផ្សៃ​មួយ​ហើយ​ ​បង្អត់​បាយ​ហើយ​ បង្ខំ​ឱ្យ​ធ្វើ​ការ​ទៀត»។

តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម បាន​កាត់ទោសអតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា (ខាងស្តាំ)​ និង​ខៀវ សំផន ឲ្យ​ជាប់គុក​អស់មួយ​ជីវិត​នៅ​ថ្ងៃព្រហស្បតិ៍​ ទី០៧ ខែសីហា ឆ្នាំ២០១៤​នេះ។

នួន ជា​ ​បងធំ​ទី២​ ​ក្នុង​របប​ខ្មែរ​ក្រហម​ ​និង ​ខៀវ សំផន​ ​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​របប​ខ្មែរ​ក្រហម​ ​គឺ​ជា​មេដឹកនាំ​ធំៗ​ពីរ​រូប​គត់​ដែល​ត្រូវ​បាន​កាត់​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ខ្លួន​បាន​ធ្វើ​កាល​ពី​៤០ឆ្នាំ​មុន​។ មេដឹក​នាំ​ផ្សេងទៀត​រួម​មាន​ អៀង សារី​ និង​ អៀង ធារិទ្ធ បាន​ស្លាប់​មុន​ពេល​ការ​កាត់​ទោសត្រូវ​បាន​បញ្ចប់។​

​សាលាក្តី​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​ដែល​ចូល​រួម​សហការ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ​ធ្លាប់​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ ​ចំ​ពោះ​ដំណើរ​ការ​យឺតយ៉ាវ​របស់​ខ្លួន​ ​និង​ការ​ប្រើ​ប្រាស់​ថវិកា​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​សាលា​ក្តី​អន្តរ​ជាតិ។​ ​តុលាការ​កូន​កាត់​នេះ​បាន​ចំណាយ​ថវិកា​អស់​ជាង២៦០លាន​ដុល្លារ​អាមេរិក​ចាប់តាំង​ពី​ខ្លួន​ដំណើរ​ការ​នា​ឆ្នាំ​២០០៦​មក។​

ក្រោយ​ការ​ប្រកាស​សាល​ដីការស្ថាពរនៃ​សំណុំ​រឿង​០០២ វគ្គ​១​នាថ្ងៃ​ពុធ​នេះ​ ​លោក​ ​ច័ន្ទ តានី​ ​រដ្ឋលេខា​ធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ខ្មែរ​ ​បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​ការ​ប្រកាសសាល​ដីកា​ស្ថាពរ​នេះ​គឺ​បញ្ជាក់​ពី​កិច្ច​ខិតខំ​របស់​កម្ពុជា​និង​អង្គភាព​អន្តរ​ជាតិ ដើម្បី​ស្វះស្វែង​រកយុត្តិធម៌​សម្រាប់ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។​

​លោក​ច័ន្ទ តានីបន្ត​ថា​៖​ ​«ទិស​ដៅ​សំខាន់​មួយ​ទៀត​ គឺ​ទប់ស្កាត់​កុំ​ឱ្យ​មាន​សោកនាដកម្ម​បែប​នេះ​កើត​មាន​សារ​ជា​ថ្មី​ម្តង​ទៀត ​ទោះ​បី​នៅ​ទី​ណា​ប្រទេស​ណា​ក៏​ដោយ»។

លោកច័ន្ទ តានី រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីសាលាក្ដីខ្មែរក្រហមចេញសាលដីកាកាត់ទោសអតីតមេដឹកនាំរបបខ្មែរក្រហមជាន់ខ្ពស់ចំនួនពីររូបគឺលោកនួន ជា និងលោកខៀវ សំផន។ (នៅ វណ្ណារិន/VOA)

ស្រប​គ្នា​នោះ​ដែរ​ ​លោក David Scheffer​ ​បេសកជន​ពិសេស​របស់​អគ្គ​លេខាធិការ​នៃ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សាលាក្តី​ខ្មែរ​ក្រហម​បាន​គូស​បញ្ជាក់​ថា​ សាលដីកា​ស្ថាពរ​នា​ពេល​នេះ​គឺ​បង្ហាញ​ពី​យុត្តិធម៌​ដល់ជនរងគ្រោះ​ ​ហើយ​វា​ក៏​ជា​សារ​មួយ​ប្រាប់​ដល់​មេដឹក​នាំ​ផ្តាច់​ការដទៃទៀតក្នុង​ពិភព​លោក​ ដូច​ជា​ពួក​រដ្ឋ​ឥស្លាម​ ​ISIS​ ​នៅ​ប្រទេស​ហ្វីលីពីន​ នៅ​ស៊ូដង់​ខាង​ត្បូង​និង​នៅស៊ីរី​ជាដើម​ ដែល​កំពុង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋនោះ​ថា ​យុត្តិធម៌​នៅ​តែ​មាន​ជានិច្ច។​

លោក​ David Scheffer​ បន្ត​ដោយ​មាន​អ្នក​បក​ប្រែ​ពិសេស​យ៉ាង​ដូច្នេះ​៖​«​ហើយ​ជា​ចំណុច​ចុង​ក្រោយ ​ខ្ញុំ​ក៏​ចង់​រំលឹក​ផង​ដែរ​ថា​ ​មេ​ដឹក​នាំ​នៃ​ប្រទេស​កូរ៉េខា​ងជើង​ក៏​គួរ​តែ​ចាប់​អារម្មណ៏​ចំពោះ​អ្វី​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នា​ពេល​នេះ»។​

ភ្លាមៗបន្ទាប់ពី​ការចេញសាលដីកា​ស្ថាពរ​របស់​សាលាក្តី​ខ្មែរក្រហម ស្ថានទូតនៃសហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍គាំទ្រ​ចំណាត់​ការ​របស់​តុលាការ​កូនកាត់​នេះ​ក្នុង​ការ​ដាក់​ទោស​ដល់​អតីត​មេដឹក​នាំ​កំពូល​របស់​របប​ខ្មែរ​ក្រហម​អស់​មួយ​ជីវិត​ ចំពោះបទល្មើស​ដ៏ធ្ងន់ធ្ងរ​របស់​ខ្លួន។​ ​

ក្នុង​សេចក្តី​ថ្លែង​ការណ៍ដដែល​ក៏បានឲ្យដឹង​ផង​ដែរ​ថា ​សហ​រដ្ឋអាមេរិកនឹង​បន្តការ​គាំ​ទ្រ​បេសក​កម្ម​របស់​ ECCC ​ក្នុង​ការ​នាំ​មក​នូវយុត្តិធម៌​មួយ​កម្រិត​សម្រាប់​ប្រជាជន​កម្ពុជា​ ​និងលា​ត​ត្រដាង​ពី​បទ​ឧក្រិដ្ឋ​ដ៏​គួរ​អោយ​ភ័យខ្លាច​របស់​ពួក​ខ្មែរ​ក្រហម។​

អ្នក​ភូមិ​ជួប​ប្រជុំ​គ្នា​ពិភាក្សាអំពី​ញត្តិ​រណសិរ្ស​ដែល​ចងក្រង​ឧក្រិដ្ឋកម្ម​នានា​របស់​ប៉ុល ពត។ រូបថត​ឆ្នាំ​១៩៨២ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

របប​កម្ពុជាប្រជា​ធិបតេយ្យ ​ឬ​ខ្មែរ​ក្រហម​ ​ដែល​ចាប់​ផ្តើម​ពីខែ​មេសា​ឆ្នាំ១៩៧៥​ ​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​ ​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​ចំនួន​១លាន​៧នាក់។​ ​ប្រជា​ពល​រដ្ឋ​ជា​ច្រើនបាន​ស្លាប់​ដោយ​ការ​បង្អត់់​បាយ​ ​ការ​ធ្វើ​ទារុណកម្ម​ ​ការ​ធ្វើ​ការងារ​ហួស​កម្លាំង​ ​ជំងឺ​និង​ការ​កាប់​សម្លាប់​ជា​ដើម។​ ​

ការ​ប្រកាសសាលដី​កា​ស្ថាពរ​ក្នុង​សំណុំរឿង​០០២​ វគ្គ១​នា​ថ្ងៃ​ពុធ​នេះ​ គឺ​ជា​ការ​កាត់​ទោស​មេ​ដឹក​នាំ​កំពូល​របស់​ពួក​ខ្មែរ​ក្រហម​ក្នុង​រយៈ​ពេល​ជាង​៤១​ឆ្នាំ​ក្រោយ​ក្រុម​កុម្មុយនីស្ត​ ​នេះ​ឡើង​កាន់​អំណាច។​ ​តុលាការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​គ្រោង​នឹង​បន្ត​សំណុំរឿង​០០២ ​វគ្គ​២ ​និង​សំណុំ​រឿង​០០៣​បន្ត​ទៀត​នា​ពេល​ឆាប់ៗ​ខាង​មុខ៕