អ.ស.ប.បាននិយាយថា ខ្លួនបានផ្តល់ផែនទីជិត២០ផ្ទាំងដល់ប្រទេសកម្ពុជាហើយ ដែលជាការឆ្លើយតបមួយផ្នែករបស់អ.ស.ប.ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើសុំឲ្យអ.ស.ប.ផ្តល់ផែនទីដែលកម្ពុជាតម្កល់ទុកនៅអ.ស.ប.ជូនដល់កម្ពុជាដើម្បីប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងវៀតណាមដែលកំពុងក្លាយជារឿងចម្រូងចម្រាស។
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើសុំខ្ចីផែនទីកម្ពុជាដែលបានតម្កល់ទុកនៅឯអ.ស.ប.ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា វៀតណាម ដែលកំពុងក្លាយជាបញ្ហាដ៏រសើបនោះ មន្ត្រីនាំពាក្យលោកអគ្គលេខាធិការអ.ស.ប.ម្នាក់គឺនាង Eri Kaneko បានថ្លែងបញ្ជាក់ប្រាប់វីអូអេពីទីក្រុងញូវយ៉កមកថា អ.ស.ប.បានផ្តល់ផែនទីចំនួន១៨ផ្ទាំងដែលកម្ពុជាបានស្នើសុំហើយ។
«ជាការឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា អ.ស.ប.បានផ្តល់ផែនទីចំនួន១៨ផ្ទាំងដែលយើងបានរកឃើញក្នុងកន្លែងតម្កល់ឯកសាររបស់យើង នោះ ជូនដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាក្នុងបូរីញូវយ៉ក»។
មន្ត្រីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅអ.ស.ប.ក្នុងបូរីញូវយ៉កដែលធ្វើកិច្ចការជាមួយអ.ស.ប.រឿងផែនទីនេះ បានអះអាងថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយអ្វីបានទេ ដោយគ្រាន់តែអះអាងថា កម្ពុជាមិនទាន់បានទទួលផែនទីទាំងស្រុងដែលកម្ពុជាស្នើសុំពីអ.ស.ប.នោះទេ។
ក្នុងសារលិខិតមួយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានសរសេរលិខិតទៅលោកអគ្គលេខាធិការអ.ស.ប. បាន់គីម៊ូន ដើម្បីស្នើសុំខ្ចីផែនទីខ្នាត១/១០០.០០០ ដែលកម្ពុជាបានយកទៅតម្កល់ទុកនៅឯអ.ស.ប.កាលពីឆ្នាំ១៩៦៤។ ការស្នើសុំនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីពលរដ្ឋ កម្ពុជា និងពលរដ្ឋវៀតណាមហើយនឹងឆ្នាំព្រំដែនវៀតណាមមានការប៉ះទង្គិចគ្នា ដែលបណ្តាលឲ្យមានមនុស្សជាង១០នាក់របួសក្នុងខេត្តស្វាយរៀង។
Your browser doesn’t support HTML5
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានគ្រប់គ្រងអំណាចជាង៣០ឆ្នាំ អះអាង ថា លោកចង់បង្ហាញភាពស្អាតស្អំ និងរកយុត្តិធម៌ ដែលលោកហើយនឹងរដ្ឋាភិបាលរបស់លោករងការចោទប្រកាន់ពីគណបក្សជំទាស់ជាច្រើនទសវត្ស៍ថា បានធ្វើឲ្យបាត់ទឹកដីកម្ពុជា ហើយលោកក៏បានបញ្ជាក់ថា ការបោះបង្គោលព្រំដែនបាន៨៣ភាគរយរវាងកម្ពុជានិងវៀតណាមកន្លងមកនោះក៏អាចពិនិត្យសើរើបានដែរ ប្រសិនបើឃើញថា មិនត្រឹមត្រូវ។
Your browser doesn’t support HTML5
អ្នកឃ្លាំមើលស្ថានការណ៍ព្រំដែនខ្លះបាននិយាយថា ប្រទេសកម្ពុជាបានស្នើសុំពីអ.ស.ប.នូវផែនទីបោនចំនួន២៦ផ្ទាំងហើយភាគីទាំងពីរកំពុងផ្ទៀងផ្ទាត់ថា ផែនទី ទាំង១៨ផ្ទាំងនេះជាផែនទីដែលកម្ពុជាចង់បានឬយ៉ាងណា?
ទោះជាយ៉ាងណាក៏ដោយ បើតាមលោកស៊ាន ប៉េងសែ ប្រធានគណៈកម្មការព្រំដែនកម្ពុជានៅប្រទេសបារាំង បានឲ្យដឹងថា ផែនទីកម្ពុជាជាប់នឹងប្រទេសជិតខាងចំនួន៣គឺមាន១២៦ផ្ទាំង ដែលអង្គការរបស់លោកត្រៀមចែកជូនដោយឥតគិតថ្លែ។ លោកថ្លែងថា ការចែកចាយផែនទីនេះគឺដើម្បីបញ្ជាក់ឲ្យដឹងពិតប្រាកដថា ផែនទីពិតប្រាកដដែលបារាំងធ្វើការបោះពុម្ពក្នុងឆ្នាំ១៩៣៣ដល់១៩៥៣ ពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំងនោះមានអ្វីខ្លះ? តើវៀតណាមប្រើផែនទីថ្មីរបស់គេទៅតាមការកែច្នៃផ្អែកតាមផែនទីអាមេរិកាំងខ្នាត១/៥០.០០០ និងតាមផែនទីខ្នាត១/១០០.០០០ ដោយកែភូមិ កែកោះ កែតំបន់នោះ ខុសគ្នាយ៉ាងណា ពីខេត្តកំពតទល់ខេត្តរតនគីរី ដែលមានចម្ងាយជាង១២០០គីឡូម៉ែត្រនោះ។
«គឺផែនទីហ្នឹងធ្វើយ៉ាងណាកុំឲ្យយល់ថា មានលក្ខណៈដូចផែនទីនេះ ដូចផែន ទីនោះ ព្រោះផែនទីយួនធ្វើហ្នឹងដូចផែនទីបារាំងហ្នឹងដែរ។ ផែនទីបារាំងហ្នឹងខ្នាត ១លើ១០០.០០០ដូចគ្នា តែខុសតែត្រង់នេះទេ ដែលខ្មែរយើងមិនចេះមើលហ្នឹងគឺផែនទីហ្នឹងគេដាក់ធ្វើពីឆ្នាំណា? ហើយដោយសារស្អី? ហើយបន្ទាប់មក វាមានសរសេរអក្សរ ដូចជាកោះត្រល់អញ្ចឹង គេមិនមែនហៅកោះត្រល់ទេ គេហៅភូកុកអីអញ្ចឹងទៅ ភូមិខ្មែរ ឬក៏ភូមិខ្មែរយើងដែលនៅក្នុងស្រុកយួនហ្នឹងក៏ខុសគ្នា សរសេរអក្សរខុសគ្នា។ ដូច្នោះត្រូវពិនិត្យរឿងហ្នឹងឲ្យបានច្បាស់លាស់ ឲ្យបានដឹងថា វាមានការខុសគ្នារវាងផែនទីរបស់បារាំង ហើយនឹងរបស់យួន។ ថ្វីបើធ្វើតាមដូចគ្នាបេះបិទ។ តែស្អីៗវាខុសគ្នា ប្រយ័ត្នតែប៉ុណ្ណឹងបាន»។
ក្រុមអ្នកជំនាញការផ្នែកព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាវិញបានអះអាងថា ផែនទីខ្នាត១/១០០.០០០ វាខុសគ្នានៅកន្លែងខ្លះ ដោយសារស្ថានភាពដីនិងភូមិសាស្ត្រជាក់ស្តែងមានការប្រែប្រួល ឬក៏សឹងតែមើលមិនឃើញ ដែលនេះជារឿងពិបាកក្នុងការចរចា ឬការព្រមព្រៀងក្នុងការបោះបង្គោលជាមួយវៀតណាម។
បើតាមក្រុមអ្នកជំនាញព្រំដែនខ្លះទៀត រួមទាំងលោកស៊ាន ប៉េងសែផង បាន អះអាងថា វៀតណាមបានធ្វើផែនទីរបស់ខ្លួនជាឯកតោភាគីក្នុងឆ្នាំ១៩៧០ ហើយវាអាចទំនងជាពិបាកនឹងឲ្យវៀតណាមទទួលយក ឬទទួលស្គាល់ផែនទី ផ្សេងទៀតពីប្រទេសមហាអំណាច និងអ.ស.ប. ទោះជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើសុំខ្ចីផែនទីខ្នាត១/១០០.០០០និងមានអ្នកជំនាញពីប្រទេសអាមេរិក បារាំង និងអង់គ្លេសក្តី។
ក្រោយពីកិច្ចចរចាគ្នាកាលពីដើមខែកក្កដា រវាងគណៈកម្មការព្រំដែនប្រទេសទាំងពីរ ដែលគេអះអាងថា គ្មានលទ្ធផលធំដុំនោះ ប្រទេសកម្ពុជាចុងក្រោយបាន ផ្ញើរកំណត់ទូតតវ៉ាជាមួយប្រទេសវៀតណាមលើបញ្ហាចំនួនបីគឺទី១ សុំឲ្យវៀតណាម លុបចោលស្រះចំនួន៨កន្លែងក្នុងខេត្តរតនគីរី ស្ថិតនៅចន្លោះបង្គោល លេខ៣០ទៅ៤០។ ទី២ សុំឲ្យវៀតណាមផ្អាកការសាងសង់បុស្តិ៍យោធាជាបន្ទាន់ នៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល។ ទី៣ សុំឲ្យវៀតណាមផ្អាកការសាងសង់ផ្លូវនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង។
បញ្ហាព្រំដែនជារឿងរស៊ើប ដែលគណបក្សនយោបាយក្នុងប្រទេសកម្ពុជាអាចកេងចំណេញយកប្រជាប្រិយភាពនយោបាយបានយ៉ាងងាយ៕