អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទម្សិលមិញ បានចាប់ផ្ដើមចរចាលើការហាមឃាត់អាវុធនុយក្លេអ៊ែរជាអន្តរជាតិមួយ ដែលការហាមឃាត់នេះត្រូវបានប្រទេសនុយក្លេអ៊ែរនានាបានប្រឆាំងមិនគាំទ្រ។
អ្នកគាំទ្រការហាមឃាត់នេះយល់ថា អាវុធនុយក្លេអ៊ែរគឺជាការគំរាមកំហែងមួយចំពោះសន្តិសុខសាកលលោក និងបានព្រមានថា អាវុធទាំងនេះអាចជះលទ្ធផលមហន្តរាយប្រសិនបើគេប្រើប្រាស់អាវុធទាំងនោះ។ ប្រទេសច្រើនជាង ១២០ ប្រទេស បានបោះឆ្នោតកាលពីឆ្នាំមុនដើម្បីគាំទ្រដល់ការចាប់ផ្ដើមពិភាក្សាអំពីកិច្ចព្រមព្រៀងហាមឃាត់អាវុធនុយក្លេអ៊ែរនេះ។
លោក Kim Won Soo អ្នកតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ បាននិយាយថា អាវុធនុយក្លេអ៊ែរបង្កការគំរាមកំហែងដល់មនុស្សជាតិ។ លោកក៏បានបញ្ជាក់ផងដែរថា តម្រូវការក្នុងការកាត់បន្ថយគ្រឿងសព្វាវុធផ្សេងៗមិនដែលត្រូវគេចាត់ទុកថាជារឿងបន្ទាន់នោះទេ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសប្រមាណ ២០ ប្រទេសផ្សេងទៀត បានសហការគ្នាកាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីប្រឆាំងនឹងការហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនេះ។ ប្រទេសរុស្ស៊ី និងចិន ក៏បានប្រឆាំងនឹងសន្ធិសញ្ញានេះដែរ ហើយមិនបានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះទេ។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា វាជាការងាររបស់មន្ត្រីរដ្ឋាភិបាលប្រទេសនីមួយៗក្នុងការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់ពួកគេ៕