អង្គការ​សហប្រជាជាតិ​ថា ការ​សម្លាប់​ក្រុម​បាតុករ​ដោយ​យោធា​មីយ៉ាន់ម៉ា​កំពុង​កើនឡើង

ក្រុមអ្នកតវ៉ាប្រឆាំងយោធាកំពុងប៉ះទង្គិចគ្នាជាមួយប៉ូលិសមីយ៉ាន់ម៉ា ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

មាន​បាតុករ​ស្លាប់​ជា​ច្រើន​នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មីនា។ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​សម្លាប់​បាតុករ ១១ នាក់ ​កាលពី​ថ្ងៃ​ចន្ទ និង​បាតុករ ៥៧ នាក់​ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

ចាប់​តាំងពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ដែល​ជា​ពេល​ដែល​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Aung San Suu Kyi មក ទីភ្នាក់ងារ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៤៩ នាក់ ​ត្រូវ​បាន​សម្លាប់​ទោះបីជា​ទីភ្នាក់ងារ​នេះ​បាន​ថ្លែង​ថា ខ្លួន​ជឿ​ថា ចំនួន​មនុស្ស​បាត់​បង់​ជីវិត​អាច​មាន​ច្រើន​ជាង​នេះ​ក៏​ដោយ។

អ្នកស្រី Ravina Shamdasani អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា ទីភ្នាក់ងារ​របស់​អ្នកស្រី​នៅតែ​បន្ត​ទទួល​បាន​របាយការណ៍​គួរ​ឲ្យ​ព្រួយ​បារម្ភ​អំពី​មនុស្ស​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ត្រូវ​បាន​បាត់​ខ្លួន​ដោយ​បង្ខំ និង​ត្រូវ​បាន​វាយដំ​និង​រង​ទារុណកម្ម​យ៉ាង​ឃោរឃៅ​នៅ​ពេល​ជាប់​ឃុំឃាំង។ អ្នកស្រី​បាន​ថ្លែង​ថា មនុស្ស​ជាង ២.០៨៤ នាក់ នៅតែ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត​នៅ​ឡើយ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «មាន​អ្នក​កាសែត​យ៉ាង​ហោច​ណាស់ ៣៧ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្នុង​ចំណោម​នោះ មាន ១៩ នាក់​ នៅ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត។ យ៉ាង​ហោច​ណាស់ មាន​មនុស្ស ៥ នាក់​ បាន​ស្លាប់​នៅ​ពេល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ហើយ​សាកសព​ជន​រងគ្រោះ​យ៉ាង​តិច ២ នាក់ មាន​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​វាយដំ​ធ្ងន់ធ្ងរ​លើ​រាងកាយ ដែល​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួកគេ​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម»។

ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​បង្ក្រាប​ដ៏​ប្រល័យ​កាលពី​ថ្ងៃ​អាទិត្យ​លើ​ក្រុម​បាតុករ អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង​រ៉ង់ហ្គូន និង​ទីក្រុង Mandalay។

ករណី​នេះ​មាន​ន័យ​ថា នៅ​ពេល​នេះ​ច្បាប់​យោធា​នឹង​ត្រូវ​អនុវត្ត​លើ​ជន​ស៊ីវិល ដោយ​អ្នក​ប្រព្រឹត្ត​ល្មើស​ត្រូវ​កាត់ទោស​ដោយ​តុលាការ​យោធា ហើយ​ពួកគេ​គ្មាន​សិទ្ធិ​តវ៉ា​ឡើង​តុលាការ​ឧទ្ធរណ៍​ឡើយ។

ប្រទេស​និង​សកម្មជន​សិទ្ធិ​មនុស្ស​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​បម្រាម​មិន​ឲ្យ​មាន​ការ​លក់​ឬ​ផ្តល់​អាវុធ​ឲ្យ​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា។

អ្នកស្រី Shamdasani បាន​ច្រានចោល​ការ​អះអាង​របស់​អាជ្ញាធរ​មីយ៉ាន់ម៉ា​ដែល​ថា នៅ​ក្រោម​ច្បាប់​អន្តរជាតិ ប្រទេស​នានា​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​នោះ។ អ្នកស្រី​បាន​និយាយ​ថា នេះ​គឺជា​ការ​អះអាង​ដែល​ជា​រឿយៗ​លើកឡើង​ដោយ​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «នៅ​ទី​ណា​ដែល​រដ្ឋាភិបាល​បរាជ័យ​នៅ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស ឬ​ក៏​នៅ​ទី​ណា​ដែល​រដ្ឋាភិបាល​អនុវត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​របស់​ខ្លួន វា​គឺជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ការ​ចាត់​វិធានការ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ធានា​យ៉ាង​ណា​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។ អ្នក​មិន​អាច​យក​ការ​មិន​ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​មក​អះអាង​ជា​ហេតុផល​នោះ​ទេ នៅ​ពេល​ដែល​អ្នក​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ»។

មន្ត្រី​សិទ្ធិ​មនុស្ស​នានា​បាន​អំពាវនាវ​ដល់​យោធា​មីយ៉ាន់ម៉ា​ឲ្យ​បញ្ឈប់​ការ​សម្លាប់​និង​ការ​ឃុំឃាំង​បាតុករ។ អ្នកស្រី Michele Bachelet អគ្គ​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​ដល់​អ្នក​ដែល​មាន​ឥទ្ធិពល​ទាំង​អស់​ឲ្យ​ចាត់​វិធានការ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​ធ្វើ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ